ព្រះវិហារ ៖ អភិបាលខេត្ដព្រះវិហារ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ដ លោក អ៊ុំ ម៉ារ៉ា , លោក ស្រី ឌឹក ប្រធានក្រុមការងារថ្នាក់ កណ្ដាល គណបក្ស ប្រជាជន ចុះជួយស្រុកជាំក្សាន្ដ ព្រមទាំងអភិបាលរងខេត្ដ អភិបាលស្រុក និងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បាន អញ្ជើញចូលរួម បិទផ្សាយឯកសារវិនិច្ឆ័យជាសាធារណៈ ចំនួន ២កន្លែង ក្នុងស្រុកជាំក្សាន្ដ ដើម្បីឱ្យប្រជាពលរដ្ឋ ទៅផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួន ដែលមាននៅក្នុងប្លង់សុរិយោដី ក្នុងរយៈពេលមួយខែ នា រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ។
យោងតាមមន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា ការបិទផ្សាយក្បាលដីជាសាធារណៈ បានធ្វើឡើងនៅទីតាំង ទី១ ស្ថិតនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ដ ដែលមានចំនួន ៥០០ក្បាលដី ស្មើនឹង ៨០១,៩៤ហិកតា ស្មើនិង ប្រជាពលរដ្ឋ ៣៤៦គ្រួសារ ។ ដោយឡែកតំបន់ទី២ ស្ថិតនៅភូមិចំបក់ សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ដ ដែលមានចំនួន ១៩៥ក្បាលដី ស្មើនឹង ១០៩,៥៤ហិកតា ស្មើនឹង ១៦៧គ្រួសារ ។
អភិបាលខេត្ដព្រះវិហារ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ដ លោកអ៊ុំ ម៉ារ៉ា នៅចំពោះក្រុម យុវជនស្ម័គ្រចិត្ដ ក្រុមមន្ដ្រីវាល និង ប្រជាពលរដ្ឋជាច្រើននាក់ បានថ្លែងថា ក្នុងរយៈពេលមួយខែ នៃការបិទផ្សាយ ឯកសារវិនិច្ឆ័យជាសាធារណៈខាងលើនេះ ប្រជាពលរដ្ឋមាន រយៈពេល១ខែ ដើម្បីមកពិនិត្យ និងផ្ទៀងផ្ទាត់ចំនួន ក្បាលដីរបស់ខ្លួន នៅក្នុងប្លង់សុរិយោដី ។
មន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ លោកអភិបាលខេត្ដ ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធ នឹងរៀបចំពិធីជូនដំណើរ ក្រុមយុវជនស្ម័គ្រចិត្ដ សម្ដេចតេជោ ទាំង ១០ក្រុម ដើម្បីទៅឈប់សម្រាក ហើយចំពោះគោលដៅនីមួយៗ មានការរៀបចំពិធីហូបបាយសាមគ្គី ដែលត្រូវបានធ្វើឡើងដោយក្រុមការងារ ថ្នាក់ស្រុក និងអាជ្ញាធរមូលដ្ឋាន៕