ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ក្នុងទីលានបាល់ទាត់ អនុវិទ្យាល័យព្រៃវែង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រារព្ធពិធី បើកការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ យុវជនខណ្ឌដង្កោ ដែលរៀបចំឡើង ដោយកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងមានការសហការ គាំទ្រពីសហព័ន្ធបាល់ទាត់កម្ពុជា ព្រមទាំងមន្ទីរ អប់រំយុវជន និងកីឡារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ពង្ស សាវរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ តំណាង លោក ឧត្តសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោក ម៉ៃ តុលា អគ្គលេខាធិការរង សហព័ន្ធបាល់ទាត់កម្ពុជា, លោក អ៊ុំ វ៉ាន់នី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ, លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ, លោកស្រី ម៉ៅ សុមានា គណកម្មការប្រតិបត្តិក្លឹបបាល់ទាត់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ, ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងភ្ញៀវកិត្តិយសជាច្រើនទៀត។
ក្នុងការប្រកួតនេះដែរ គឺមានកីឡាករ៣៣ក្រុម មកពី៣៣សាលាក្នុងខណ្ឌដង្កោ រួមមានសាលាបឋមសិក្សារចំនួន២៤, អនុវិទ្យាល័យ០៦ និង វិទ្យាល័យ០៣ ដែលក្រុមទាំងអស់នេះដឹកនាំដោយគ្រូបង្វឹក ដែលធ្លាប់បានទទួលការបណ្តុះបណ្តាល ជំនាញអាជ្ញាកណ្តាល និង គ្រូបាល់ទាត់ថ្នាក់មូលដ្ឋាន កាលពីអំឡុងខែតុលា ឆ្នាំ២០១៤ ក្រោមការរៀបចំរបស់ លោក ឧត្តមសេនីយ៍ទោ រ័ត្នស្រ៊ាង សហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជាប្រធានសហព័ន្ធផងដែរ។
ក្រោយពេលលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ក្រៅពីបំពេញភារកិច្ច ស្នូលរបស់កងរាជអាវុធហត្ថ លើការងារ បង្កា បង្ក្រាប សង្គ្រោះ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានយកចិត្តទុកបន្ថែមផងដែរលើវិស័យកីឡា ។ លោក ធ្លាប់មានប្រសាសន៍ថា ការបំផុស ចលនាបាល់ទាត់ ក្នុងខណ្ឌដង្កោនេះ គឺគ្រាន់តែចំណុចចាប់ផ្តើមទេ ទិសដៅរបស់លោក និងបន្តជំរុញឲ្យមានសកម្មភាពកីឡាបាល់ទាត់នេះ ឲ្យរឹតតែផុលផុសនិងរីកចម្រើន គ្រប់បណ្តាខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ។ ការធ្វើបែបនេះគឺដើម្បីលើក ស្ទួយ វិស័យកីឡាផង និងជាវិធីសាស្ត្រអូសទាញផ្លូវចិត្តយុវវ័យឲ្យស្រឡាញ់កីឡា ជៀសឆ្ងាយពីការសេពគ្រឿងញៀន និង ការប្រព្រឹត្តអំពើពាលាផ្សេងផង ជាពិសេស លោក ស្រឡាញ់បាល់ទាត់កុមារណាស់ ព្រោះថាគ្រប់ពេលដែលលោក នៅផ្ទាល់ជាមួយក្នួយៗ លោកតែងមានអារម្មណ៍សប្បាយរីករាយ និង ធូរស្បើយពីភាពស្មុគ្រស្មាញផ្សេងៗ។
គួរសង្កេតដែរថា ការយកចិត្តទុកដាក់លើវិស័យកីឡាបាល់ទាត់របស់ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង នេះមិនមែន ទើបតែចាប់ផ្តើម នៅរាជធានីភ្នំពេញនោះទេ គឺមានតាំងពី លោក នៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យមកម្លេះ។ ចាប់តាំងពីសហព័ន្ធបាល់ទាត់កម្ពុជា ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានសហព័ន្ធ បានបើកឲ្យមានការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ស្ត្រី និងកុមារអាយុក្រោម១៣ឆ្នាំ ថ្នាក់ជាតិលើកដំបូងនៅឆ្នាំ២០១០ មក លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានបង្កើតក្រុមបាល់ទាត់អធិរាជភ្នំស្វាយ ទាំងបាល់ ទាត់ស្ត្រីនិងកុមារ មកចូលរួមប្រកួតជារៀងរាល់ឆ្នាំ និងទទួលបានជ័យលាភីលេខ១ ទាំងពីក្រុមផងដែរ។
លើសពីនេះទៀត លោកឧត្តមសេនីយ៍ឧត្តម រ័ត្ន ស្រ៊ាង បានផ្តួចផ្តើមធ្វើការ បណ្តុះបណ្តាល ធនធានក្នុងវិស័យ កីឡាបាល់ទាត់ ជាច្រើនក្នុងខេត្តបន្ទាយមានជ័យ ដោយសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ដូចជា៖ - បើកវគ្គបាល់ទាត់ ថ្នាក់មូលដ្ឋាន ចំនួន០២លើក សិក្ខាកាម ៦០នាក់ - បើកវគ្គអាជ្ញាកណ្តាលមូលដ្ឋាន ចំនួន០២លើក សិក្ខាកាម ៦០នាក់ - បើកវគ្គអាជ្ញាកណ្តាលថ្នាក់តំបន់ ចំនួន០១លើក សិក្ខាកាម ២៥នាក់ - បើកវគ្គគ្រូបាល់ទាត់ ហ្វូតសាល ( Futsal ) ចំនួន ០១លើក សិក្ខាកាម ២៥នាក់ - បើកវគ្គអាជ្ញាកណ្តាល ហ្វូតសាល ( Futsal ) ចំនួន ០១លើក សិក្ខាកាម ២៥នាក់៕