ដោយ ៖ នាយខ្វែក
ភ្នំពេញ ៖ អ្នកដឹងរឿងមួយរូប នៅខេត្តមណ្ឌលគិរី បានលួចខ្សឹបឲ្យដឹងថា បច្ចុប្បន្ននេះបើក្រសួងបរិស្ថាន ក្រសួងកសិ កម្ម និង អាជ្ញាធរខេត្តមណ្ឌលគិរី មិនមានវិធានការទប់ស្កាត់ជាបន្ទាន់ទេ ព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នឹង រងនូវការកាប់វិនាស នាពេលខាងមុខឆាប់ៗនេះជាមិនខាន ។
អ្នកដឹងរឿង បានលួចបង្ហើបឲ្យដឹងថា កន្លងមករាជរដ្ឋាភិបាលបានសម្រេចកាត់ដីព្រៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅ ចំណុចក្បែរព្រំ ប្រទល់ខេត្តក្រចេះ ប្រមាណ ៨០០០ហិកតា ប្រគល់ទៅឲ្យក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ក្រោមរូបភាពដី សម្បទានសេដ្ឋ កិច្ចដើម្បីដាំកៅស៊ូ ។ ប៉ុន្តែ កាលពីដើមឆ្នាំនេះ រាជរដ្ឋាភិបាល បានសម្រេចលុបចោល ដោយរឹបអូស យកដីខាងលើមក ដាក់ជាសម្បត្តិរដ្ឋវិញ ដោយដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ចំណុះឲ្យដែន ជម្រកសត្វព្រៃ ភ្នំ ព្រេចវិញដដែល ដោយសំអាងថា ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ដែលមានឈ្មោះ អៀប ប៉ៃ អនិកជនខ្មែរ នៅប្រទេស បារាំង ជាប្រធានមិនបានធ្វើការអភិវឌ្ឍន៍ដាំកៅស៊ូដូចកិច្ចសន្យា ។ ក្នុងនោះគេដឹងថា គ្រាន់តែរាជរដ្ឋាភិ បាលសម្រេច លុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនកសិកម្មខ្មែរអង្គរភ្លាម ស្រាប់តែមានក្រុម ទាហានដែលគេអះអាងថា ធ្វើតាមបញ្ជារបស់ឧកញ៉ារកស៊ីឈើ ដ៏មានឥទ្ធិពលម្នាក់ ចូលទៅដេញមេការបុគ្គលិកក្រុម ហ៊ុនឲ្យរើគ្រឿងចក្រ ចេញភ្លាមៗផងដែរ ហើយក្រោយមកឧកញ៉ា មានឥទ្ធិពលខាងលើបានបញ្ជូន គ្រឿងចក្ររថយន្ត រ៉េវ រថយន្តប្រកង់ សម្រាប់ដឹកឈើចូលទៅកាន់ទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ក្រោមការ ចាត់ចែងពីកូនចៅ ឈ្មោះ ពៅសក់បះ ជា ឈ្មួញរកស៊ីឈើនៅខេត្តកំពង់ចាម ដើម្បីចាយលុយឲ្យពលរដ្ឋក្រីក្រចូលព្រៃ កាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែល បច្ចុប្បន្នគេអះអាងថា មាន នៅសល់តែប្រភេទឈើលេខមួយ សុក្រម និងកកោះ នោះ យកមកលក់ឲ្យពួកខ្លួនក្នុងតម្លៃថោក ។
ការធ្វើសកម្មភាពកាប់ឈើ នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ខាងលើនេះ ក៏ត្រូវបានគេអះអាងថា ទាល់តែមានភ្លើង ខៀវពីប្រធានដែនជម្រកសត្វព្រៃផងដែរ ទើបអាចកាប់ និងដឹកចេញមកតាមទឹកដីស្រុកស្នួល ខេត្តក្រចេះ នាំយកទៅ លក់នៅស្រុកយួនតាមច្រកស្រុកមេមត់ ខេត្តត្បូងឃ្មុំបាន ។
អ្នកខ្សឹបបានបន្ថែមថា ឥឡូវនេះទាន់នៅថ្មីៗ សកម្មភាពកាប់បំផ្លាញទើបនឹងចាប់ផ្តើម ដូចនេះក្រសួងបរិស្ថាន ក្រសួង កសិកម្ម និងអាជ្ញាធរខេត្តមណ្ឌលគិរី គួរតែមានវិធានការធ្វើការទប់ស្កាត់ជាបន្ទាន់ ព្រោះផ្លូវគ្រួសក្រហមដែលខាងក្រុម ហ៊ុនកសិកម្មខ្មែរអង្គរធ្វើតភ្ជាប់ពីស្រុកស្នួល នាពេលកន្លងទៅបានផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ឈ្មួញដឹកឈើ ចេញពីព្រៃ ៕