ព្រៃវែង ៖ បុរសម្នាក់ត្រូវបានក្រុមចោរ ភ្ជង់ប្លន់យកម៉ូតូ Honda សេ ១២៥ មួយគ្រឿង និងលុយអស់ ១១លានរៀល កាលពីម៉ោងប្រមាណ ១០ និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា នេះ នៅចំណុចភូមិអូរអំពុក ឃុំប្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង ។
លោក ម៉ៅ ពៅ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ថ្លែងឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ វណ្ណនី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពីកើតហេតុនោះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅខេត្តត្បូងឃ្មុំ តែក្រោយសួរនាំទើបដឹងថា ករណីប្តន់កើតឡើង នៅស្រុកកំចាយមា ខេត្តព្រៃវែងឯណោះ ។
ជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ Honda សេ១២៥ មួយគ្រឿង ស៊េរីឆ្នាំ២០១៣ដោយ មានលុយជាប់ខ្លួនចំនួន ១១លានរៀល ដើម្បីដើររកទិញគោ ខណៈធ្វើដំណើរដល់ផ្សារកំចាយមារ ក៏ឈប់ហូបបាយ បន្ទាប់មកក៏បន្តដំណើរទៀត តែដល់កន្លែងកើតហេតុ ក៏ត្រូវជនសង្ស័យពីរនាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម ជិះម៉ូត ម៉ាកវ៉េវ បានប្រជែងបុរសរងគ្រោះឲ្យឈប់ នឹងបានភ្ជង់ប្លន់យកលុយចំនួន ១១លានរៀល និងម៉ូតូមួយគ្រឿង របស់ ជនរងគ្រោះ ហើយជិះគេចខ្លួនបាត់ ៕