ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េ (KOTRA) និង វិទ្យាស្ថានអាជីវកម្មអន្តរជាតិ ( International Business Institute) កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន បានសម្រេច ចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីចូលរួមចំណែក លើកទឹកចិត្ត ដល់និស្សិតវិទ្យាស្ថាននេះ ដោយផ្តល់ទុនដល់ពួកគេ សម្រាប់ធ្វើអាជិវកម្ម នៅក្នុងប្រទេសកម្ពុជា ។
នេះជាលើកទី១ហើយ សម្រាប់វិទ្យាស្ថាន វិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលទទួលបានឱកាស ពីដៃគូ មជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េ (KOTRA) ។
លោកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការ សាខាគណបក្សយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ និងជា ប្រធានវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានថ្លែងអំណរគុណ ដល់មជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េ យ៉ាងខ្លាំង ដែលបានផ្តល់ឱកាស ដល់និស្សិតវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ក្នុងការទទួលបានទុន (ប្រាក់កម្ចី) សម្រាប់ធ្វើអាជីវកម្ម នៅពេលដែលពួកគេបញ្ចប់ការសិក្សា ។ លោកថានេះ ជាការលើកកម្ពស់តម្លៃនៃនិស្សិត ដែលបានសិក្សាជំនាញ ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ។
លោក មីហូ ជុន នាយកមជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េ (KOTRA) បានកោតសរសើរចំពោះ ការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ វិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដែលខិតខំពង្រឹងខ្លួន ដើម្បីអភិវឌ្ឍជំនាញអាជីវកម្ម នៅកម្ពុជា ។ លោកថា ការចុះអនុស្សារណៈ ក្នុងការផ្តល់ទុន ដល់និស្សិត ធ្វើអាជីវកម្ម របស់ KOTRA ជាការចូលរួមចំណែក របស់រដ្ឋាភិបាលកូរ៉េ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ។
សូមជំរាបថា ពិធីចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងស្ថាប័នទាំងពីរនេះ ក៏មានថ្នាក់ដឹកនាំ គណៈគ្រប់គ្រងវិទ្យាស្ថាន និងមន្រ្តីKOTRA ចូលរួមប្រមាណ ២៥០នាក់ផងដែរ៕