ភ្នំពេញៈ លោកង្វៀន អាញ់យុង អនុព័ន្ធយោធាវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងពីការប្តេជ្ញា បង្កើតកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងឡើងថែមទៀត តាមរយៈការផ្តល់ជំនួយទ្វេដង ជូនដល់កងយោធពលខេមរភូមិរបស់កម្ពុជា។
ការថ្លែងបែបនេះរបស់ លោក ង្វៀន អាញ់យុង បានធ្វើឡើងនៅក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារចំនួនបួនខ្នងសម្រាប់ហ្វឹកហ្វឺន របស់កងពលតូចថ្មើរជើងលេខ៧០ ដែលជាអំណោយរបស់ ក្រសួងការពារប្រទេសវៀតណាម នាខេត្តកំពង់ស្ពឺនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ។
លោក ង្វៀន អាញ់យុង បានថ្លែងទៀតថា កងទ័ពវៀតណាម នៅតែបន្តកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដល់កងយោធពលខេមរភូមិន្ទគ្រប់កាលៈទេសៈទាំងអស់ ហើយមិនតែប៉ុណ្ណោះវៀតណាម នឹងបង្កើនជំនួយទ្វេដង ជួយដល់កងទ័ពកម្ពុជាចាប់ពីឆ្នាំ២០១៥នេះតទៅ។
លោកង្វៀន អាញ់យុងបានបញ្ជាក់ថា «ខ្ញុំសូមជំរាប់ជូនថា នៅក្នុងឆ្នាំ២០១៥នេះ ក្រសួងការពារប្រទេសវៀតណាម បន្តកិច្ចសហប្រតិបត្តិការ ជាមួយកងយោធពលខេមរភូមិន្ទ នៅលើគ្រប់វិស័យដូចជា ការបណ្តុះបណ្តាលនូវធនធានមនុស្ស ការជួយកសាងជំរំកងទ័ព មន្ទីរពេទ្យមានថវិកាប្រហាក់ប្រហែល ជាងបួនលានដុល្លារអាមេរិកនៅឆ្នាំ២០១៥នេះ ខណៈកាលពីឆ្នាំ២០១៤ មានត្រឹមតែជាងពីរលានដុល្លារអាមេរិកនោះ»។
លោកអាញ់យុងបានបន្តទៀតថា កងទ័ពវៀតណាមនិងកម្ពុជា បានរឹតចំណងមិត្តភាពនឹងគ្នា តាំងពីយូរលង់ណាស់មកហើយ ដើម្បីនាំមកសន្តិភាព ជូនដល់ប្រជាជនកម្ពុជា ហើយកងទ័ពនៃប្រទេសទាំងពីរ បានបូជានូវឈាមស្រស់សាច់ស្រស់ ក្នុងគោលបំណងរក្សាសន្តិភាព ជូនដល់ជាតិនិងប្រឆាំងដាច់ខាតចំពោះពួកអមិត្ត។
នៅក្នុងកម្មវិធីសម្ពោធនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានឲ្យដឹងផងដែរថា ប្រទេសវៀតណាមជាប្រទេសមួយ ដែលតែងតែជួយដល់កងពលរបស់លោក ទាំងធនធានមនុស្សនិងសម្ភារៈ បច្ចេកទេសផ្សេងៗមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ ម៉ៅ សុផាន បានបន្តថា«ចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ(កម្ពុជា វៀតណាម) បានបង្កើននូវសមិទ្ធផល ជាច្រើនរាប់មិនអស់លើមាតុភូមិកម្ពុជា ដូចជាការធ្វើឲ្យគ្រប់វិស័យសង្គមជាតិ បានរស់ឡើងវិញ ការទបស់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ វិលត្រឡប់មកវិញ សម្រេចបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការរីកចំរើនខាងសេដ្ឋកិច្ច និងការវិនិយោគធំៗនៅកម្ពុជាជាដើម»។
ដោយឡែក នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងកម្មវិធីសម្ពោធនោះដែរថា វៀតណាមគឺជាប្រទេស ដែលជាមិត្តរបស់កម្ពុជាយូរណាស់មកហើយ ហើយសម្រាប់ជំនួយ ដែលបានជួយដល់កងយោធពលខេមរភូមិន្ទនេះ សរបញ្ជាក់ឲ្យឃើញថា មិត្តភាពយូរអង្វែងនឹងគ្នាផងដែរ។
នាយឧត្តមសេនីយ៍បានបន្តថា កងយោធពលខេមរភូមិន្ទ សូមសម្តែងការអគុណ ដល់ក្រសួងការពារប្រទេសរបស់វៀតណាម ដែលបានជួយ ដល់កម្ពុជាលើគ្រប់វិស័យនោះ ហើយមួយវិញទៀត អរគុណដល់វៀតណាម ដែលបានបង្កើនជំនួយបន្ថែមទៀតនោះផងដែរ។
សូមបញ្ជាក់ថា អគារចំនួនបួនខ្នង ដែលជាអំណោយរបស់កងទ័ពវៀតណាមនោះ មានដូចជាអគារដាក់រថពាសដែក អគារស្នាក់នៅ បន្ទប់ទឹក និងអាងទឹកជាដើម៕
↧
កងទ័ព វៀតណាម បង្កើនជំនួយ ឥតសំណងទ្វេដង ដល់កងយោធពល ខេមរភូមិន្ទ នៅឆ្នាំ២០១៥នេះ
↧