ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រសួងពាណិជ្ជកម្មត្រៀមខ្លួន ជានិច្ច ដើម្បីផ្តល់ការគាំទ្រ និងជួយសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់ស្រ្តីនៅកម្ពុជា ព្រមទាំងជំរុញឲ្យស្ត្រី ជាសហគ្រិនពង្រីកវិសាលភាពពាណិជ្ជរបស់ខ្លួនទៅកាន់ទីផ្សារនៅក្រៅប្រទេសផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សមាគម សហគ្រិនស្រ្តីកម្ពុជា (CWEA) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅសណ្ឋាគារ Raffle Le Royal។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងមហាសន្និបាតនេះ លោក ស៊ុន ចាន់ថុល បានជំរុញឲ្យស្រ្តី ដែលជាសហគ្រិនខិតខំ រិះរកមធ្យោបាយផ្សព្វផ្សាយកេរ្តិ៍ឈ្មោះយីហោផលិតផល និងអាជីវកម្មរបស់ខ្លួន ធ្វើយ៉ាងណាឲ្យគេទទួលស្គាល់ និងអាចឈានជើងចូលទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ លោកបានបញ្ជាក់ថា តាមរយៈនាយកដ្ឋានអភិ វឌ្ឍវិស័យឯកជន របស់ក្រសួងពាណិជ្ជកម្ម ដែលទើបបានបង្កើតថ្មី នឹងផ្តល់ការគាំទ្រ និងជួយសម្របសម្រួលដល់ ការធ្វើធុរកិច្ចរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា ហើយខិតខំពង្រីកពាណិជ្ជកម្មទៅក្រៅប្រទេស ដើម្បីពង្រីកទីផ្សារ បរទេសសម្រាប់កម្ពុជា។
លោកទេសរដ្ឋមន្រ្តី ក៏បានសម្តែងការកោតសរសើរ ដល់ក្រុមប្រឹក្សាភិបាលរបស់សមាគមសហគ្រិនស្រ្តីកម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្ម និងជួយគាំទ្រដល់ការរីកចម្រើន និង ភាពជោគជ័យ នៃអាជីវកម្មរបស់ស្រ្តី នៅ ក្នុងប្រទេសកម្ពុជា។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងការអបអរសាទរ និងកោតសរសើរ ចំពោះស្រ្តី ៦រូប ដែលបានទទួលពានរង្វាន់ជ័យលាភី ជាសហគ្រិនស្រ្តីឆ្នើម ប្រចាំអាស៊ានឆ្នាំ២០១៥ នៅទីក្រុងហាណូយ ប្រទេស វៀតណាម ដែលនេះជាការបង្ហាញឲ្យឃើញពីការចូលរួមចំណែករបស់សហគ្រិនស្រ្តីកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចប្រទេស។
ជាមួយនឹងសហគ្រាសធុនតូច និងមធ្យមប្រមាណជា ៦២ភាគរយ ដែលដឹកនាំដោយស្រ្តីកម្ពុជា លោកទេសរដ្ឋ មន្រ្តី បានស្នើឲ្យសមាគមសហគ្រិនស្រ្តីកម្ពុជា និងធុរកិច្ចជនជាស្រ្តី ចែករំលែកបទពិសោធន៍ និងភាពជោគជ័យ ជាមួយសហគ្រិនស្រ្តីដទៃទៀត ដើម្បីជួយធ្វើឲ្យប្រសើរឡើងដល់សមត្ថភាពរបស់សមាជិកនានា ក្នុងការគ្រប់គ្រង ម្ចាស់ការអាជីវកម្ម បង្កើនផលិតភាព និងភាពប្រកួតប្រជែង ផ្សព្វផ្សាយទីផ្សារ និង ធ្វើនីត្យានុគោលកម្មអាជីវកម្ម៕