ភ្នំពេញ ៖ មុខសញ្ញាជំនាញ ខាងលួចម៉ូតូម្នាក់ ទើបនឹងចេញពី ពន្ធនាគារ បាន១០ថ្ងៃប៉ុណ្ណោះ ស្រាប់តែបន្ត សកម្មភាព លួចម៉ូតូរបស់ ប្រជាពលរដ្ឋទៀត ត្រូវបានកម្លាំងនគរបាល ចាប់ វាយខ្នោះ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥។
មន្រ្តីនគរបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យរូបនេះ បានលួចម៉ូតូនៅ ក្នុងបូរីសន្តិភាព ទឹកដី ខណ្ឌពោធិ៍សែនជ័យ ហើយបានយកម៉ូតូ របស់ជនរងគ្រោះ មកគាស់ស្លាកលេខម៉ូតូនៅម្តុំផ្លូវរថភ្លើង ទឹកដី ខណ្ឌទួលគោក ក៏ត្រូវកម្លាំងនគរបាល ចាប់ខ្លួនតែម្តង ។
មន្រ្តីនគរបាល រូបនេះ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ចាន់ ម៉ាណែត អាយុ២៥ឆ្នាំ។ បើតាមមន្រ្តីនគរបាល មុនពេល កើតហេតុ ជនសង្ស័យបាន ទៅកាច់កម៉ូតូ របស់ប្រជាពលរដ្ឋ នៅបូរីសន្តិភាព ហើយពេលនោះ បានជិះម៉ូតូ គេចខ្លួន មកទឹកដី ខណ្ឌទួលគោក ប៉ុន្តែត្រូវ នគរបាលខណ្ឌពោធិ៍សែនជ័យ ទាក់ទងមក នគរបាលខណ្ឌទួលគោក រួមគ្នាតាមដាន និងធ្វើការ ស្រាវជ្រាវ រហូតចាប់ ខ្លួនតែម្តង។
ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានយកទៅសួរ នាំដើម្បីចាត់ ការតាមផ្លូវច្បាប់៕