កំពង់ចាម៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម លោក នៅ យ៉ារ័ត្ន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យ ឃុំខ្លួនក្មេងទំនើង៤នាក់ ដែលពាក់ព័ន្ធទៅនឹងការបង្ក សកម្មភាពប្រើអំពើហិង្សា ក៏ដូចជាការប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋាន ដែលនាំឲ្យមានការប៉ះពាល់ដល់ ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
យោងតាមដីកាបង្គាប់ ឲ្យឃុំខ្លួនរបស់លោកចៅក្រម នៅ យ៉ារ័ត្ន បានសម្រេចឲ្យសមត្ថកិច្ច នាំខ្លួនជនត្រូវ ចោទ៤នាក់ បញ្ជូនទៅកាន់ពន្ធនាគារ រួមមាន ទី១ ឈ្មោះ នាង សុខ អាយុ ១៨ឆ្នាំ រស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុខរបរជាកម្មករ, ទី២ ឈ្មោះ ទូច ពិសិដ្ឋ អាយុ ២២ឆ្នាំ រស់នៅ ភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម, ទី៣ ឈ្មោះ សឿន វ៉ាន់ថៃ អាយុ ១៨ឆ្នាំ រស់នៅភូមិអម្ពិលលើ ឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងទី៤ ឈ្មោះ ឈឿន សារ៉ាក់រ័ត្ន អាយុ ១៨ឆ្នាំ រស់នៅភូមិ រមូល ឃុំរអាង ស្រុកកំពង់សៀម ដែលជនទាំង៤នាក់នេះ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តទៅនៅ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ។
អនុប្រធានការិយាល័យកណ្តាល នគរបាលយុតិ្តធម៌ លោក ចាន់ ហោ បានបញ្ជាក់ថា ជនទំនើងទាំង៤នាក់ នេះ តែង តែអុកឡុកដើរវាយគេវាយឯងនៅក្នុងភូមិ ជាពិសេសចាប់ពី ម៉ោង១២យប់ទៅ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ អំពីបញ្ហាសនិ្តសុខ និងការដេកពួនរបស់ ពួកគាត់ ។
លោក ចាន់ ហោ បានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាននិងសេចក្តីរាយការណ៍របស់ ប្រជាពលរដ្ឋអំពីបញ្ហា អសនិ្តសុខមួយនេះ ស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ សហការជាមួយ នគរបាលមូលដ្ឋានចុះទៅស្រាវជ្រាវ រហូតឃាត់ខ្លួនពួកគេទាំង៤នាក់ កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ តែម្តង៕