ភ្នំពេញៈ ក្រុមបាល់ទាត់របស់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល (ក្រុម DAP United) បានណាត់ប្រកួត ជាមួយក្រុមបាល់ទាត់ ភ្នំពេញប៉ុស្ដិ៍ ជាលើកទី២ នៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១២ខាងមុខនេះ នៅក្នុងទីលានបាល់ទាត់ នៃវិទ្យាល័យបឹងត្របែក។
បន្ទាប់ពីក្រុម DAP United មានការរីកចម្រើននូវ បច្ចេកទេសក្នុងការប្រកួត និងទទួលបាន លទ្ធផលល្អច្រើនគួរសម នាប៉ុន្មានប្រកួត ចុងក្រោយមកនេះ ក្រុម DAP United នឹងធ្វើការប្រកួត សារជាថ្មីម្ដងទៀតជាមួយនឹង ក្រុមភ្នំពេញប៉ុស្ដិ៍ ដែលធ្លាប់ប្រកួតឈ្នះក្រុម DAP United កាលពីក្រុម DAP United ទើបតែចាប់ផ្ដើមបង្កើតដំបូង ដែលពេលនោះ ក្រុម DAP United បានចាញ់ក្រុមភ្នំពេញប៉ុស្ដិ៍ ក្នុងលទ្ធផលបច្ចេកទេស ៤-៥ ។
នៅក្នុងជំនួបលើកនេះ ត្បិតតែជាការប្រកួត សងសឹករវាងក្រុម DAP United និងក្រុមភ្នំពេញប៉ុស្ដិ៍ក៏ពិតមែន ប៉ុន្ដែការប្រកួតនៅតែ មានលក្ខណៈមិត្តភាព។ ចំពោះក្រុម DAP United ក្នុងរយៈពេលជាងមួយឆ្នាំ ដែលក្នុងក្រុមនេះបានបង្កើតមក គឺមានបទពិសោធ ក្នុងប្រកួតចំនួន ២៤ប្រកួតមកហើយ ក្នុងនោះធ្លាប់ឈ្នះចំនួន ១៤ប្រកួត ចាញ់ ៧ប្រកួត និងស្មើ ៣ប្រកួត ។ មួយប្រកួតចុងក្រោយ របស់ក្រុម DAP United នាសប្ដាហ៍មុននេះ គឺបានប្រកួតឈ្នះក្រុម Green ICT United ក្នុងលទ្ធផលបច្ចេកទេស ១២-០។
ចំណែកក្រុមភ្នំពេញប៉ុស្ដិ៍វិញ ជាក្រុមដែលបង្កើតមក ប្រហាក់ប្រហែលនឹងក្រុម DAP Unitedដែល គ្រាន់តែក្រុមភ្នំពេញប៉ុស្ដិ៍ មានបទពិសោធន៍ ក្នុងការប្រកួតច្រើនជាងក្រុម DAP United បន្ដិច។ ប្រកួតលើកចុងក្រោយ ក្រុមភ្នំពេញប៉ុស្ដិ៍ បានប្រកួតយកឈ្នះ លើក្រុមកោះសន្ដិភាព ដោយលទ្ធផល ៥-០។
ចាំមើលនៅក្នុងជំនួបលើកទី២នេះ ក្រុមភ្នំពេញប៉ុស្ដិ៍ អាចយកឈ្នះលើក្រុម DAP United បានទៀតទេ បើនៅពេលនេះក្រុម DAP United កំពុងតែមានការរីកចម្រើន យ៉ាងខ្លាំងនៅក្នុងការប្រកួត ជាពិសេសគឺ ១១ប្រកួតចុងក្រោយមកនេះ គ្មានក្រុមណា យកឈ្នះលើកក្រុម DAP Unitedបានឡើយ។ ទោះបីជាយ៉ាងណា យើងមិនអាចទស្សទាយ ទុកមុនបាននោះទេ មានតែរង់ចាំទស្សនាទាំងគ្នា ថាតើក្រុមណាមួយ ដែលទទួលបានជ័យជំនះ នៅក្នុងជំនួបសងសឹកលើកនេះ ?៕