ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ច្រកព្រំដែនកម្ពុជា-ថៃអានសេះ បានបើកឲ្យដំណើរការ ជាធម្មតាវិញហើយ បន្ទាប់ពីទាហានឈុតខ្មៅថៃ បាន សម្រេចបិទជាឯកតោភាគី កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ។
លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅល្ងាចថ្ងៃពុធ ទី២៦ ខែធ្នូថា បន្ទាប់ពីទាហានឈុតខ្មៅម្នាក់ បានយក សោមកចាក់បិទទ្វារ នៅច្រកព្រំដែនអានសេះ ដោយសារតែគេខឹងសម្បា ចំពោះភាគីកម្ពុជា កសាងផ្លូវទៅកាន់តំបន់នេះ ព្រមទាំងការកែលំអស្លាករបស់ ប៉ុស្តិ៍ព្រំ ដែនខ្មែរ ដោយគ្រាន់តែសាងសង់ និងកែលំអនៅលើទឹកដីខ្មែរ មិនបានប្រាប់ភាគីថៃ ឲ្យដឹងជាមុននោះ រហូតមកដល់រសៀល ម៉ោង៣ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២នេះ បានបើកដំណើរការវិញហើយ បន្ទាប់ពីកម្ពុជា មានការជួបពិភាក្សា ចរចាជាមួយភាគីថៃ។
លោកបន្តថា “អត់មានអីទេ ឥឡូវនេះក្រោយពី មានការសម្របសម្រួល រវាងភាគីទាំងពីរ បានបើកឡើងវិញ យើងសម្របសម្រួលគ្នា ដោយពុំមានការប្រឈមមុខ ដាក់គ្នាទេ ជួនកាលពេលខ្លះ មានការយល់ច្រឡំ ឥឡូវអត់មានបញ្ហាអីទៀតទេ”។
សេចក្តីរាយការណ៍ ពីខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១២ បានឲ្យដឹងថា ទាហានឈុតខ្មៅថៃ បានមកបិទច្រកទ្វារព្រំដែនអានសេះ ជាឯកតោ ភាគី មិនឲ្យខាងខ្មែរបានដឹងជាមុន កាលពីព្រឹកថ្ងៃអង្គារ ដែលភាគីថៃស្ថិតនៅក្នុងស្រុកណាំយឺន ខេត្តអូរប៊ុន រីឯខាងកម្ពុជា ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពដដែល បានដឹងទៀតថា ខាងទាហានព្រំដែនថៃ ខឹងអាជ្ញាធរខ្មែរ កំពុងកសាងផ្លូវទៅច្រកអានសេះ ប្រយោជន៍អនាគតច្រកនេះ នឹងទៅជាច្រកអន្តរជាតិ បន្ទាប់ ពីរាជរដ្ឋាភិបាលទាំងពីរ បានយល់ព្រមកាលពីពេលកន្លងទៅ ហើយបានខឹងទាហានព្រំដែនខ្មែរ ដោយគ្រាន់តែពង្រីកស្លាកពីតូចទៅធំ និងកែលំអប៉ុស្តិ៍នៅជាប់ព្រំដែន ក្បែរច្រកនេះ ដែលស្ថិតនៅក្នុងទឹកដីខ្មែរ។
ច្រកព្រំដែននេះ ត្រូវបានរដ្ឋាភិបាលទាំងពីរ ឯកភាពរួចជាស្រេចហើយថា នឹងរៀបចំឲ្យទៅជាច្រកអន្តរជាតិ នាពេលអនាគត ដោយទុកឲ្យភាគីនីមួយៗ រៀបចំហេដ្ឋា រចនាសម្ព័ន្ធ ដូចជាបណ្តាញគមនាគមន៍ អគាររដ្ឋបាលជាដើម ហើយឥឡូវ ភាគីកម្ពុជាកំពុងតែកសាងផ្លូវទៅកាន់ច្រកនេះ ប្រយោជន៍នឹងឈានទៅដល់ការ បើកច្រកអានសេះនេះ ឲ្យទៅជាច្រកអន្តរជាតិ ហើយការកសាង ក៏ជាសិទ្ធិរបស់ភាគីកម្ពុជាមិនចាំបាច់ប្រាប់ទេ ពីព្រោះ ការសាងសង់ស្ថិតនៅក្នុងទឹកដីរបស់ខ្មែរ។
កាលពីសប្តាហ៍កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ពីខេត្តកោះកុងបានស្នើសុំឲ្យ ប្រទេសកម្ពុជា និងថៃ រក្សាឲ្យបានសុខសន្តិភាព ប្រយោជន៍ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីរ៕