គៀវ៖ រដ្ឋមន្រ្តីថាមពល ប្រទេសអ៊ុយក្រែន លោក Volodymyr Demchyshyn បាននិយាយនៅថ្ងៃពុធថា ប្រទេសរបស់ លោកសង្ឃឹមថា នឹងចុះហត្ថលេខាលើកិច្ច ព្រមព្រៀងជាថ្មីពាក់ព័ន្ធនឹងការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិ ពីប្រទេសរុស្ស៊ី នៅពាក់កណ្តាល ខែមេសា នេះហើយ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាមការលើក ឡើងរបស់លោក Demchyshyn នៅក្នុងសន្និសីទសារព័ត៌មានថា «នៅថ្ងៃទី១៣-១៤ ខែមេសាខាងមុខ យើងរំពឹងថា នឹង ចុះហត្ថលេខាលើឯកសារមួយ ដែលនឹងគ្រប់ដណ្តប់លើការផ្គត់ផ្គង់ឧស្ម័នក្នុងអំឡុងពេលនេះ រហូតដល់ចុង បញ្ចប់នៃរដូវក្តៅឆ្នាំ២០១៦»។
បើតាមលោក Demchyshyn រដ្ឋាភិបាលទីក្រុងគៀវ សង្ឃឹមថាតម្លៃឧស្ម័នដែលកំណត់នៅក្នុងកិច្ចព្រមព្រៀងអាចនឹងធ្លាក់ ទៅដល់តម្លៃ ២៥០ដុល្លារ ក្នុងមួយពាន់ម៉ែត្រគូប គឺវាទាបជាងតម្លៃដែលអ៊ុយក្រែនបានចំណាយ ក្នុងរយៈពេលត្រីមាសដំបូងឆ្នាំ២០១៥។
នៅត្រីមាសដំបូងឆ្នាំនេះ ការនាំចូលឧស្ម័នរបស់ប្រទេសអ៊ុយក្រែន ពីប្រទេសរុស្ស៊ី ក្រោមកិច្ចព្រមព្រៀងកញ្ចប់រដូវរងារនោះ គឺបានបញ្ចប់ហើយកាលពីថ្ងៃទី៣១ ខែមីនា ហើយកាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយថា រដ្ឋាភិបាលទីក្រុង មូស្គូ បានត្រៀមរួចហើយដើម្បីពង្រីកកិច្ចព្រមព្រៀងកញ្ចប់រដូវរងារ ជាមួយអ៊ុយក្រែនរយៈពេលបីខែទៀត។
ជាមួយគ្នានោះដែរ កាលពីដើមសប្តាហ៍នេះ ភាគីអ៊ុយក្រែនបានស្នើឲ្យមានការពង្រីកកិច្ចព្រមព្រៀងផ្នែកឧស្ម័ន ជាមួយភាគីរុស្ស៊ី រហូតដល់ចុងរដូវស្លឹកឈើជ្រុះ រដូវក្តៅ ចំណែករុស្ស៊ីវិញ ក៏បានព្រមព្រៀងដើម្បីពិចារណាលើសំណើនេះផងដែរ៕