ភ្នំពេញៈ ក្រុមហ៊ុនទឹកពិសារក្នុងស្រុក ឈានមុខគេ វីតាល់ បានបង្កើតកម្មវិធីថ្មី មួយដែលមានឈ្មោះថា «ពរបួនប្រការពីវីតាល់» ជាយុទ្ធនាការចែកជូន ផលិតផល វីតាល់ដែលមានស្លាកដប (ឡាប៊ែល) ថ្មី សម្រាប់អបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់សារណជន នៅតាមទីសាធារណៈ ប្រជុំជនមួយចំនួន ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះនឹងធ្វើឡើងរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី៣ខែមេសា។
ស្របពេលនឹងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ឈានជិតចូលមកដល់ វីតាល់ ដែលត្រូវបានទទួលស្គាល់ថា ជាផលិតផលទឹកពិសាគុណភាពខ្ពស់ បានរចនាកេស និងស្លាកដប ដែលមានក្បាច់ ចរនាបែបខ្មែរដ៏ស្រស់ស្អាត ព្រមជាមួយនឹងពាក្យ«សួស្តីឆ្នាំថ្មី» និងពាក្យជូនពរទាំងបួនប្រការ ដ៏ពេញនិយម របស់ខ្មែរយើងគឺ «អាយុ វណ្ណៈ សុខៈ ពលៈ» ដើម្បីជាការអបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរ។ ការរចនាស្លាកដបថ្មី នេះក៏ដើម្បីជាការបង្ហាញនូវ ការជូនពរ និងអគុណដល់អតិថិជនទាំងឡាយដែលតែងតែគាំទ្រ និងជឿរទុកចិត្ត លើផលិតផល វីតាល់ យ៉ាងពេញទំហឹង ហើយសន្ទុះនៃការគាំទ្របាននឹងកំពុងកើនឡើង យ៉ាងខ្លាំងក្នុងកំឡុង ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
«ពរបួនប្រការពីវីតាល់» មានគោលការណ៍ចែកជូនវីតាល់ និងពាក្យជូនពរសិរីសួស្តីដល់ប្រជាពលរដ្ឋគ្រប់រូប ។ មិនត្រឹមតែប៉ុណ្ណោះ បន្ថែមពីការចែកជូនវីតាល់ និងពាក្យជូនពរសាធារណជនទាំងអស់ក៏ មានឱកាសលេងហ្គេម ដើម្បីឈ្នះរង្វាន់ជា ផ្ទាំងជូនពរឆ្នាំថ្មីសំរាប់លំអរគេហដ្ឋានដ៏ស្រស់ស្អាតពី វីតាល់ផងដែរ។
កម្មវិធី «ពរបួនប្រការពីវីតាល់ » នឹងប្រារព្ធទៅរយៈពេលបួនថ្ងៃ នៅតាមសួនសារធារណៈនានាក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ៤ រហូតដល់ម៉ោង ៧ល្ងាច។ ថ្ងៃទីមួយត្រូវនឹងថ្ងៃទី ៣១ ខែមីនា ក្រុមការងារ នឹងចាប់ផ្តើមពី សួនច្បារ វត្តបុទមវត្តី និងសួនមុខព្រះបរមរាជវាំង។ ថ្ងៃទីពីរត្រូវនឹងថ្ងៃទី ១មេសា កម្មវិធីធ្វើឡើងនៅស្តាតអូឡាំពិក ទាំងមូលតែម្តង។ ថ្ងៃទីបីត្រូវនឹងថ្ងៃទី ២មេសា កម្មវិធីជូនពរឆ្នាំថ្មីវីតាល់ នឹងធ្វើឡើងនៅសួនក្តាន់ពីរ ជិតទីស្តីការ គណរដ្ឋមន្ត្រីដែលចាប់ផ្តើមពីដើមសួនរហូត ដល់ចុងសួន។ ថ្ងៃទីបួនត្រូវនឹងថ្ងៃទី ៣មេសា ដែលជាថ្ងៃបញ្ចប់ កម្មវិធីនឹងបន្តដល់ពីរកន្លែងផ្សេងគ្នាគឺនៅ សួនសូគីមិចផ្លូវជាតិលេខ៥ និងសួនសម្តេច ហ៊ុន សែន វិមានឯករាជ្យ។
គួរបញ្ជាក់ផងដែរថា វីតាល់ មិនត្រឹមតែជាក្រុមហ៊ុនទឹកពិសាដែលទទួលបានវិញ្ញាបនបត្រ ស្តង់ដារអន្តរជាតិ ច្រើនជាងគេប៉ុណ្ណោះទេ វីតាល់ក៏តែងតែមានសកម្មភាពមនុស្ស ធម៌យ៉ាងសកម្មក្នុងសង្គម ដោយផ្អែកលើមូលន្និធិ ២៥រៀល។ កំឡុងពេលថ្មីៗនេះផងដែរ វីតាល់ បានឧបត្ថម្ភគាំទ្រនឹងដល់កម្មវិធីសប្បុរសធម៌នានាជាច្រើន ដូចជាកម្មវិធីបរិច្ចាគឈាម ដោយស្មគ្រ័ចិត្តស្ទើរគ្រប់កម្មវិធី និងការផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគ ដល់ជនគំរូក្នុងសង្គមដូចជា លោកពូ ហោ ម៉ៅ និងលោកតា ប្រាជ្ញ ឈួន។ ក្នុងឆ្នាំថ្មីនេះ វីតាល់ នឹងនៅតែឈរលើគោលជំហរបន្ថែមការងារឧបត្ថម្ភ និងគាំទ្រដល់សកម្មភាពមនុស្សធម៌ បន្តទៀតដើម្បីជាការ ចូលរួមចំណែកនៃការអភិវឌ្ឍសង្គម៕