ដាកា៖ បើតាមមន្រ្តីប៉ូលីស បង់ក្លាដែសមួយរូប បាននិយាយថា ពិឡុតជាស្រ្តីម្នាក់បានស្លាប់ និងអ្នកផ្សេងទៀត របួសដោយសារ មុតអំបែងកញ្ចក់ បន្ទាប់ពីយន្តហោះហ្វឹកហាត់ មួយគ្រឿង របស់សាលាបណ្ឌិតសភា បានធ្លាក់នៅ ផ្លូវហោះហើរ កាលពីរសៀលថ្ងៃពុធ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាមការ លើកឡើង របស់មន្រ្តីប៉ូលីសសុំមិនបញ្ចេញឈ្មោះថា យន្តហោះមួយគ្រឿងនោះបានធ្លាក់ហើយឆាបឆេះ ខណៈហោះឡើង ចេញពីអាកាសយានដ្ឋាន Shah Makhdum Domestic នៅទីក្រុង Rajshahi ដែលមានចម្ងាយប្រមាណ ២៥៦គីឡូម៉ែត្រពី រដ្ឋធានីដាកា។
មន្រ្តីរូបនោះបន្តថា នៅក្នុងហេតុការណ៍នោះ ពិឡុតជាស្រ្តីឈ្មោះ តាម៉ាន់ណា រ៉ាម៉ាន់ បានស្លាប់នៅកន្លែងកើតហេតុ។ ភ្លាមៗ នោះដែរ គេមិនទាន់បានដឹងអំពីមូលហេតុពិតប្រាកដដែលនាំឲ្យមានហេតុការណ៍នេះ កើតឡើងនៅឡើយនោះទេ៕