ភ្នំពេញ៖ ជាថ្មីម្តងទៀតពីខេត្តស្ទឹងត្រែង នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេ សងើបចេញពីសង្រ្គាមរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំ បានប្រកាសក្រើនរំលឹកជាថ្មីដល់ប្រជាពលរដ្ឋកម្ពុជាថា មានតែគណ បក្សប្រជាជនកម្ពុជា ទើបនាំឲ្យមានសន្តិភាព និង ការអភិវឌ្ឍន៍ ហើយគណបក្សដទៃមិនប្រាកដធ្វើបានឡើយ។ សម្តេចបានបញ្ជាក់ទៀតថា ឲ្យតែមានសន្តិភាព មិនខ្វះឡើយឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន និងផ្លូវជាតិលេខ ៩ តភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥នេះ បានរំលឹកហេតុការណ៍ ក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣ថា ហេតុការណ៍ជ្រួលច្របល់រយៈពេលប្រមាណជា ២-៣ថ្ងៃនោះ ធនាគារអេស៊ីលីដា ត្រូវបានអតិថិជនដកប្រាក់អស់ប្រមាណ ១៧៥លានដុល្លារ ហើយសាំងត្រូវបាន ទិញស្តុកទាំងអស់។ សម្តេចបញ្ជាក់ថា នេះមិនទាន់មានហេតុការណ៍ប្លន់ផង សភាពការណ៍បានស្ងប់ស្ងាត់ឡើង វិញ ក្រោយពេលដឹងថា គណបក្សប្រជាជនឈ្នះឆ្នោត។
ឆ្លើយតបនឹងការលើកឡើងរបស់ប្រជាពលរដ្ឋចូលរួមក្នុងពិធីសម្ពោធស្ពាន និងផ្លូវ ដែលថា នឹងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នាអាណត្តិក្រោយនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ត្រូវតែបោះ ចឹង [បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា] បើមិនបោះទេ ពិបាករត់ហើយ មានគណបក្សប្រជាជនទើបមាន សន្តិភាព និង ការអភិវឌ្ឍន៍ គណបក្សដទៃ មិនប្រាកដទេ។ [...] អត់ពីគណបក្សប្រជាជន ក្រឡាប់ បោះដើម្បី សន្តិភាព ឬបោះ ដើម្បីសង្រ្គាម»។ «មានព្រៃមិនខ្វះអុសដុតទេ។ ខ្ញុំចង់និយាយថា ឲ្យតែមានសន្តិភាព គឺនៅមាន ឱកាស ដើម្បីអភិវឌ្ឍន៍។ ប៉ុន្តែបើមានសង្រ្គាមហើយ រត់លូនហើយ»។
នាយករដ្ឋមន្រ្តីកម្ពុជា នៅបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ធ្វើការរួមគ្នា អត់ធ្វើតែម្នាក់ឯងនោះទេ ហេតុនេះហើយ ទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជា អាចដឹកនាំប្រទេសបានជាង ៣០ឆ្នាំ ហើយសម្តេចអាចធ្វើ ជានាយករដ្ឋមន្រ្តីតាំងពីសក់ខ្មៅ ដល់សក់ស និងពីសក់ស រហូតដល់សក់ខ្មៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់អ្នកដែលចង់ផ្លាស់ប្តូរ ឲ្យក្រឡេកទៅមើលការផ្លាស់ប្តូរសម្តេច នរោត្តម សីហនុ ចេញពីប្រមុខរដ្ឋកាលពីឆ្នាំ១៩៧០ ដែលធ្វើឲ្យប្រទេសជាតិត្រូវធ្លាក់ចូលក្នុងអន្លង់នៃភាពវឹកវរក្នុងរបប ប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យថែមទៀត។
សម្តេចតេជោ ក៏បានដាក់ផ្លែផ្កាឲ្យយុទ្ធនាការ នៃការធ្វើក្បួនបាតុកម្មនៅក្រោយការបោះឆ្នោតនាឆ្នាំ២០១៣ ដឹកនាំគណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការផ្លាស់ប្តូរ ដោយប្រើសំឡេងមហាជននោះថា គឺជាយុទ្ធនាការ នៃការផ្តួលរំលំរាជរដ្ឋាភិបាល។ សម្តេចបញ្ជាក់ថា បើយុទ្ធនាការទាមទារការផ្លាស់ប្តូរ ធ្វើមុនបោះឆ្នោត គឺជារឿង ត្រឹមត្រូវ តែបើធ្វើនៅក្រោយការបោះឆ្នោត គឺជាបដិវត្តពណ៌ហើយ។
សម្តេចបានព្រមានទៅមេដឹកនាំ ដែលដឹកនាំយុទ្ធនាការទាមទារឲ្យមានការផ្លាស់ប្តូរនោះ កុំឲ្យស្ទុះនឹងផ្លូវច្បាប់៕