កំពង់ចាម ៖ លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម នារសៀលថ្ងៃទី0២ ខែមេសា ឆ្នាំ២០១៥ នេះ បានអញ្ជើញចុះពិនិត្យ មើល «អាគារអន្តរាគមន៍» ដែលកំពុង សាងសង់ថ្មី សម្រាប់ទីកន្លែងជ្រក និងធ្វើការរបស់កងកម្លាំង នគរបាលខេត្ត ដែលការចំណាយលើ ការសាងសង់អាគារមួយនេះ ត្រូវចំណាយ ថវិកាប្រមាណ ២ម៉ឺនដុល្លារ។
លោកឧត្តមសេនីយ៍ស្នងការ បានបង្ហាញការយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់កងកម្លាំង នគរបាលក្រោមឱវាទ និងដោយពិនិត្យឃើញ ទីកន្លែងស្នាក់នៅ របស់ កងអន្តរាគមន៍ មានសភាពចង្អៀត ទើបលោកឧត្តមសេនីយ៍ ស្នងការក៏បានផ្តើម ធ្វើអាគារថ្មីនេះ ឡើងដោយសាងសង់ក្នុងទំហំ ៣១ម៉ែត្រ × ៩,៥ម៉ែត្រ ធ្វើអំពីឥដ្ឋ ប្រក់ស័ង្កសី។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ស្នងការ ក៏បានចលនាគ្រប់បែបយ៉ាង លើការចំណាយសាងសង់ និង ជួសជុល អាគារអធិការដ្ឋាននគរបាល ជាពិសេស ទីស្នាក់ការប៉ុស្តិ៍រដ្ឋបាល ទូទាំងខេត្ត ដែលខ្លះ មានសភាព ទ្រុឌទ្រោម និងខ្លះទៀតបាក់បែក និងខ្លះទៀតយកទីវត្តអារាម ឫអាគាររដ្ឋបាល ផ្សេងៗ ជាកន្លែងធ្វើការ៕