ភ្នំពេញៈ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៥នេះ គេបានប្រទះភ្នែកឃើញព្រលឹង តាមដងផ្លូវជាច្រើននៅរាជធានីភ្នំពេញ ដោយពួកគេបាននិយាយផ្សព្វផ្សាយ សារអប់រំអំពីសុវត្ថិភាពចរាចរណ៍ ទៅកាន់សាធារណៈជន។ ពួកគេមកសួរសុខទុក្ខមិនមែន មកក្នុងបំណងធ្វើឲ្យភ័យខ្លាចនោះទេ ហើយព្រមទាំងមក ដើម្បីការពារជីវិត សាធារណៈជនទៀតផង។
ដោយសារធ្លាប់ទទួលរងរបួសក្បាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រលឹងដែល មានបំណងល្អទាំងនេះ កំពុងក្រើនរំលឹកដល់អ្នកបើកបរម៉ូតូឲ្យ ការពារជីវិតរបស់ខ្លួន និងជីវិតរបស់អ្នករួមដំណើរ ដោយការពាក់មួកសុវត្ថិភាពគ្រប់វេលាធ្វើដំណើរតាមម៉ូតូ។
ព្រលឹងចិត្តល្អមិនត្រឹមតែមកជួបពិភាក្សា ជាមួយអ្នកធ្វើដំណើរនៅតាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន ផ្សព្វផ្សាយសារអប់រំនៅតាមស្ថានីយ៍ទូរទស្សន៍នានា នៅទូទាំងប្រទេសកម្ពុជា។ ការមកសួរសុខទុក្ខនេះ គឺជា ផ្នែកមួយ នៃពិធីប្រកាសផ្តើមអនុវត្តយុទ្ធនាការថ្មី ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយ និងការអនុវត្តន៍ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី។ យុទ្ធនាការនេះរួមមានសកម្មភាពអប់រំផ្សព្វផ្សាយតាមសហគមន៍ នៅតាមដងផ្លូវ និងតាម ប្រព័ន្ធផ្សព្វផ្សាយដើម្បីបង្កើន ការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមទោចក្រយានយន្ត ព្រមទាំងកុមារនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរឿងអប់រំខ្លីសម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ ព្រលឹងចិត្តល្អបាន ប្រាប់ដល់អ្នកបើកបរម៉ូតួឲ្យពាក់មួកសុវត្ថិភាពឲ្យប្រពន្ធ និងកូនប្រុសរបស់គាត់។សារអប់រំនៃរឿងខ្លីនេះគឺ “ការពារជីវិតអ្នករួមដំណើរតាមម៉ូតូ ត្រូវតែឲ្យពួកគេពាក់មួកសុវត្ថិភាព”។
យុទ្ធនាការនេះជាផ្នែកមួយ នៃគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់”របស់អង្គការមូលនិធិបង្ការ របួសអាស៊ី ដែលបានទទួលការគាំទ្រថវិកាពីកម្មវិធី Development Innovation Venturesនៃទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងម្ចាស់ជំនួយសំខាន់ៗមួយចំនួនទៀត ហើយវានឹងរួម ចំណែកធ្វើឲ្យ សម្រេចគោលដៅបង្កើនអត្រា នៃការរពាក់មួកសុវត្ថិភាពរហូតដល់៨០ភាគរយ នៅក្នុងឃុំ/សង្កាត់ គោលដៅ ក្នុងឆ្នាំ២០១៦។ អ្នកចូលរួមប្រមាណជាង ១២០នាក់ ដែលរួមមានមន្រ្តីរដ្ឋាភិបាលមកពីថ្នាក់ជាតិ រាជធានី ភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានចូលរួមក្នុងពីធីនេះនៅរាជធានីភ្នំពេញ ជាទីដែលពួកគេបានទស្សនា រឿងអប់រំខ្នាតខ្លីជាលើកដំបូងមុនពេលចុះ ទៅតាមដងផ្លូវដើម្បីពិនិត្យមើលសកម្មភាព របស់ព្រលឹងចិត្តល្អ និយាយ ទៅកាន់អ្នកធ្វើដំណើរតាមម៉ូតូដែលមិនពាក់មួកសុវត្ថិភាព។ បន្ទាប់មកព្រលឹងបានផ្តល់បណ្ណបញ្ចុះតម្លៃ ដើម្បីទិញមួកសុវត្ថិភាពក្នុងតម្លៃឧបត្ថម្ភ ។
លោកឧត្តមសេនីយ៍ទោ ឡាយ ប៊ុនថន តំណាងអគ្គស្នងការដ្ឋាន នគរបាលជាតិបានមានប្រសាសន៍ថា “ការពាក់ មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ គឺជាសារអប់រំដ៏សំខាន់មួយដែលចាំបាច់ត្រូវផ្សព្វផ្សាយ ឲ្យបានដល់អ្នកធ្វើ ដំណើរតាមម៉ូតូទាំងអស់ ហើយការប្រើប្រាស់តួអង្គជាព្រលឹង ដែលមានបំណងល្អចូលរួមក្នុងការផ្សព្វផ្សាយ នៅ តាមដងផ្លូវនឹងធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងឡើង និងមានភាពយូរអង្វែងក្នុងចំណោមអ្នកធ្វើដំណើរតាមម៉ូតូ។ យើងខ្ញុំសង្ឃឹមថារូបភាពនៃការផ្សព្វផ្សាយ និងសារអប់រំប្រហាក់ប្រហែលគ្នានេះ នឹងកើតមានតាមរយៈការផ្សព្វ ផ្សាយតាមវិទ្យុ ទូរទស្សន៍ និងផ្ទាំងប៉ាណូ។ បន្ថែមពីលើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ យុទ្ធនាការ ដែល មានឥទ្ធិពលលើអាកប្បកិរិយានេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញឲ្យអ្នករួមដំណើរតាមម៉ូតូពាក់មួក សុវត្ថិភាព។ បើយើងធ្វើការទំនាក់ទំនងបែបជាយុទ្ធសាស្ត្រកាន់តែខ្លាំងកាលណា អាកប្បកិរិយានៃអ្នកប្រើប្រាស់ ផ្លូវនឹងកាន់តែមានការផ្លាស់ប្តូរ”។
អ្នកស្រី Mirjam Sidikប្រធាននាយិកាប្រតិបត្តិរបស់អង្គការមូលនិធិបង្ការរបួស អាស៊ី បានពន្យល់ថាយុទ្ធនាការ នេះកំពុងអនុវត្តនៅពេលវេលាមួយដ៏សំខាន់។អ្នកស្រីបាមានប្រសាសន៍ថា “យើងកំពុងបំពេញការងារជាបន្ត បន្ទាប់ ស្របពេលដែលមានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីជំរុញឲ្យមានឥទ្ធិពលកាន់តែខ្លាំងបន្ថែមទៀត លើការពាក់មួកសុវត្ថិភាពនៅក្នុងចំណោមអ្នករួមដំណើរតាមម៉ូតូ។ យុទ្ធនាការនេះនឹងប្រាប់ដល់សាធារណៈជន អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ខណៈពេលដែលយើងកំពុងខិតខំយ៉ាងខ្លាំង ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ ពួកគេនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងការពាក់មួកសុវត្ថិភាព”។
ជាផ្នែកមួយនៃយុទ្ធនាការអប់រំផ្សព្វផ្សាយតាមសហគមន៍ និងតាមដងផ្លូវ អង្គការមូលនិធិបង្ការរបួសអាស៊ី នឹង សម្របសម្រួលជាមួយនគរបាល សមាជិកក្រុមប្រឹក្សាឃុំ និងអ្នកស្ម័គ្រចិត្ត ដើម្បីអប់រំដល់អ្នករួមដំណើរតាមម៉ូតូ ឲ្យបានច្រើន។អ្នករួមដំណើរតាមម៉ូតូ និងកុមារដែលមិនពាក់មួកសុវត្ថិភាពនឹងត្រូវ បានឃាត់មួយរយៈពេលខ្លី នៅប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាលចរាចរណ៍ ហើយទទួលបានការអប់រំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ព្រម ទាំងបានបណ្ណបញ្ចុះតម្លៃ ដើម្បីទិញមួកសុវត្ថិភាពនៅក្នុងតម្លៃឧបត្ថម្ភ ដែលផ្តល់ជូនដោយអង្គការមូលនិធិបង្ការ របួសអាស៊ី។បន្ថែមពីលើនេះ អ្នកស្ម័គ្រ ចិត្តនឹងធ្វើការអប់រំដោយផ្ទាល់ដល់សមាជិកសហគមន៍នីមួយៗ អំពីច្បាប់ ដែលកំណត់ពីការមួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូ។
លោក ពៅ ម៉ាលី អគ្គលេខាធិការគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា ”ក្នុង មួយឆ្នាំៗ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា សម្លាប់ប្រជាជនច្រើនជាងការស្លាប់ដោយសារជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនឈាម និងដោយសារគ្រាប់មីនបូកបញ្ចូលគ្នាទៅទៀត”។ លោកអគ្គលេខាធិការបានបន្ថែមទៀតថា ”យើងជឿជាក់ថាយុទ្ធនាការមួយដ៏មានប្រសិទ្ធិភាព នឹងជ្រួតជ្រាបដល់សាធារណៈជនជាច្រើន ហើយមាន ឥទ្ធិពលជាវិជ្ជមានលើប្រជាជនកម្ពុជាក្នុងការសម្រេចចិត្តកាន់តែមានសុវត្ថិភាព និងកាន់តែវៃឆ្លាត ខណៈពេល ពួកគេកំពុងធ្វើដំណើរនៅលើដងផ្លូវ”។
សូមទស្សនារឿងអប់រំខ្លីនៅខាងក្រោម៖
សូមបញ្ជាក់ថា គម្រោង «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» គឺជាគម្រោងមួយដែលមានរយៈពេល២ឆ្នាំ ហើយទទួលបានការគាំទ្រពីកម្មវិធី Development Innovation Ventures (DIV) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងពីមូលនិធិ សហព័ន្ធយានយន្ត អន្តរជាតិ/មូលនិធិសុវត្ថិភាពចរាចរណ៍, មូលនិធិក្រុមហ៊ុន យូភីអេស និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិក សម្រាប់ បង្ការ និងគ្រប់គ្រងជម្ងឺ។ គម្រោងនេះមានគោលដៅបង្កើនអត្រា នៃការពាក់មួកសុវត្ថិភាពសំរាប់អ្នករួមដំណើរនៅ ក្នុងប្រទេសកម្ពុជា។
អង្គការមូលនិធិបង្ការរបួសអាស៊ីមានបំណងធ្វើឱ្យប្រសើរឡើង នូវការយល់ដឹង អំពីការពាក់ មួកសុវត្ថិភាពនៅទូទាំងប្រទេសតាម រយៈគម្រោងនេះដោយផ្តល់ដល់កុមារនៅតាមសាលាបឋមសិក្សា និង លោកគ្រូ អ្នកគ្រូនូវមួកសុវត្ថិភាពដែលមានគុណភាព និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍បង្កើតនូវយុទ្ធនាការ អប់រំផ្សព្វផ្សាយជាសាធារណៈ និងទាក់ទាញមតិគាំទ្រសម្រាប់ការអនុវត្តច្បាប់ដែលកំណត់ឲ្យ អ្នករួមដំណើរជា មួយតាមម៉ូតូត្រូវតែពាក់មួកសុវត្ថិភាព។