ភ្នំពេញ ៖ បុរសជនជាតិ វៀតណាម ជា អ្នករកស៊ីរុញរទេះ លក់ភេសជ្ជៈនៅតាមផ្លូវ បានស្លាប់រយៈពេល ៦ម៉ោងក្រោយ បន្ទាប់ពី យុវជនម្នាក់ រួមទាំង សង្សាររបស់ខ្លួនបានជិះ ម៉ូតូឌុបគ្នាដើរលេងនៅថ្ងៃបុណ្យណូអែល កាលពីពេលវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ លុះមក ដល់លើ ផ្លូវព្រះនរោត្ដម កែងផ្លូវលេខ២៤០ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ក៏បានបុកជនរងគ្រោះ តែម្ដង ។
យោងតាមមន្ដ្រីនគរបាលចរាចរណ៍ជើង គោកបានឱ្យដឹងថា នៅម៉ោងកើតហេតុនោះ យុវជនអ៊ឹង ផេងហួរ អាយុ១៦ឆ្នាំ រស់នៅ ផ្ទះលេខ១៣ ផ្លូវលេខ៣៨៣ សង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក ជាមួយសង្សាររបស់ ខ្លួន ឈ្មោះហៃ ស្រីទី អាយុ១៤ឆ្នាំ រស់នៅ ផ្ទះជួល ក្នុងសង្កាត់ផ្សារដេប៉ូ ខណ្ឌទួល គោក បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1BQ-1211 លុះដល់ចំណុចកើតហេតុ ក៏បានបុកបុរសជន ជាតិវៀតណាម ឈ្មោះចូវ យ៉ាន អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៤២ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ខណៈកំពុងរុញរទេះលក់ភេសជ្ជៈ បណ្ដាលឱ្យ ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត រយៈពេល៦ម៉ោង ក្រោយ ។
យោងតាមសមត្ថកិច្ចចរាចរបានឱ្យដឹងថា ក្រោយគ្រោះថ្នាក់ចរាចរខាងលើនេះ វត្ថុតាងទាំងម៉ូតូ និងរទេះរុញ ត្រូវបានរក្សា ទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដោយឡែកយុវជនអ៊ឹង ផេងហួរ ជាជនបង្កត្រូវបាននគរបាលចរាចរណ៍បញ្ជូន ខ្លួនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ដើម្បីចាត់ការតាមនីតិវិធី ។
ប្រភពព័ត៌មានពីសាលាដំបូងរាជធានី ភ្នំពេញ បានឱ្យដឹងថា យុវជនរូបនេះ ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ៕