ភ្នំពេញ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ចំនួនពីរនាក់ ដែលបានធ្វើសកម្មភាព យ៉ាងសកម្ម នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនគរបាល ប្រឆាំង ការជួញដូរ គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ចាប់ខ្លួន កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២។
ប្រធានការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀន នៃស្នង ការដ្ឋាន នគរបាល រាជធានីភ្នំពេញ លោក អ៊ីវ ភារិទ្ធ បានថ្លែងឲ្យដឹងថា កម្លាំងសមត្ថកិច្ច របស់លោក និងសមត្ថកិច្ច មូលដ្ឋាន បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាព ចែកចាយ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្ម នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលមុខសញ្ញា ទំាំងពីរនាក់ បានធ្វើសកម្មភាព ជាយូរណាស់មកហើយ ។
លោក អ៊ីវ ភារិទ្ធ បានបន្តថា ក្រោយពីមានបទ បញ្ជាពីលោកស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង នគរបាល ប៉ែន រ័ត្ន ទើបកម្លាំងសមត្ថកិច្ច របស់លោក បានធ្វើការ ស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ហើយឈានទៅដល់ ការឃាត់ជនសង្ស័យ ទាំងពីរនាក់នេះ ប្រុសម្នាក់ ស្រីម្នាក់ ហើយរឹបអូសថ្នាំញៀន ចំនួន២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀនមួយ និងសម្ភារៈ សម្រាប់ជក់ថ្នាំញៀន មួយចំនួនទៀត។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បាន បញ្ជាក់ពី អត្តសញ្ញាណ ជនសង្ស័យទាំងពីរនេះ នៅឡើយទេ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅការិយាល័យ ប្រឆាំងបទល្មើសគ្រឿង ញៀនដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕