ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម បានដឹកនាំគណៈប្រតិភូ របស់ក្រសួង នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥ បានអញ្ជើញ ចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន នៃយោធភូមិភាគទី ៣ នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
លោក យិន សុខុន មេបញ្ជាការយោធភូមិទី ៣ បានឲ្យដឹងពីសកម្មភាព លទ្ធផល និងស្នាដៃ របស់ភូមិភាគទី ៣ ដែលបានសម្រេចនាពេលកន្លងមក ព្រមទាំងការជ្រោមជ្រែង ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង ការពារជាតិ រួមទាំងសប្បុរជនដែលអាចជួយបង្កលក្ខណៈឲ្យអង្គភាពមានលទ្ធភាព ក្នុងការកសាង ខឿនការពារប្រទេសជាតិ តាមបណ្តោយព្រំដែន។
លោកបន្ត ការដែលគណៈប្រតិភូក្រសួងរៀបចំដែនដី ក្រុមហ៊ុនអានកូ ចុះមកសំណេះសំណាល នាពេលនេះ គឺជាសក្ខីភាពមួយ ឆ្លុះបញ្ចាំនូវទឹកចិត្តទូលំទូលាយក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ពោរពេញដោយ មនោសញ្ចេតនា ស្រលាញ់រាប់អានចំពោះនាយទាហាន ក្នុងអង្គភាពយោធភូមិភាគទី ៣ ក្នុងដំណាក់កាលដែលអង្គភាពកំពុងអនុវត្តភារកិច្ចស្របតាមគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ព្រម ទាំងនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ក្នុងនោះមានកំណែទម្រង់ កងយោធពលខេមរភូមិន្ទ ឲ្យក្លាយទៅជាកងទ័ពមួយ មានសមត្ថភាព និងគុណភាពសមស្របសំដៅការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
លោកមេបញ្ជាការ បានបន្ថែមថា ក្នុងកិច្ចចងសម្ព័ន្ធមេត្រីភាព អង្គភាពយោធភូមិភាគទី ៣ ទទួលបានការ ជួយឧតបត្ថម្ភគាំទ្រទាំងស្មារតី ទាំងសម្ភារៈ ថវិកា ពីស្ថាប័នមេត្រីភាពទាំងពីរ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនអានកូ នៅក្នុងនោះអង្គភាពទទួលបានសំណង់អគារធំចំនួន ២ខ្នង គឺអគារបណ្តុះបណ្តាលធនធានមនុស្ស ដែលចំណាយថវិកាអស់ចំនួន ៧១.៧៩៨ដុល្លារ និងអគារការិយាល័យ បញ្ជូនសារអស់ថវិកាចំនួន ៧.៥០០ដុល្លារ។
ពេលចុះជួបសំណេះសំណាលសួរសុខទុក្ខនោះ លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលយោធភូមិភាគទី ៣ សម្រេចបានក្នុងភារកិច្ខស្នូលរបស់ខ្លួន ក៏ដូចជាភារកិច្ចផ្សេងៗទៀតដែរ រាជរដ្ឋាភិបាល និងថ្នាក់លើបានប្រគល់ជូន ដែលជាការរួមចំណែកយ៉ាងធំធេង ក្នុបបុព្វហេតុការពារ និងកសាងមាតុភូមិ។ សមិទ្ធផល និងសមិទ្ធផលការងារទាំងនោះ បានឆ្លុះបញ្ចាំងឲ្យឃើញ ពីសមត្ថភាព នៃការដឹកនាំរបស់មេបញ្ជាការគ្រប់ថ្នាក់ និងស្មារតីបំពេញភារកិច្ច ដោយទឹកចិត្ត ស្នេហាជាតិ មាតុភូមិ និងប្រជាជន របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ តាមទិសដឹកនាំរបស់រាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិដ្ឋភាពផ្នែកនយោបាយសន្តិសុខ និងការទូតរបស់ ប្រទេសកម្ពុជា មានការវិវឌ្ឍគួរឲ្យកត់សំគាល់ ខណៈសភាពការណ៍ពិភពលោកបច្ចុប្បន្ន មានភាពស្មុគស្មាញ និងវិវឌ្ឍយ៉ាងឆាប់រហ័សទៅតាមនិន្នាការថ្មីៗ ព្រមទាំងបញ្ហាប្រឈមនានា ដូចជា ភាពមិន ប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោក បញ្ហាសន្តិសុខ ស្បៀង និងថាមពល ជំលោះជាតិ សាសនា ជំលោះដណ្តើម ទឹកដី អំពើភារវកម្ម ការរត់ប្រណាំងសព្វាវុធ និងការប្រែប្រួលធាតុអាកាស និងគ្រោះមហន្តរាយធម្មជាតិជាដើម ដែលតម្រូវឲ្យធ្វើការតាមដានជាប្រចាំ ហើយទាមទារឲ្យមានការខិតខំរួមគ្នាគ្រប់ប្រទេស ដើម្បីការពារសន្តិភាព នៃពិភពលោក ប៉ុន្តែ ទោះបីជាទទួលផលប៉ះពាល់ពីការប្រែប្រួលឆាប់ៗរហ័ស នៃស្ថានការណ៍អន្តរជាតិក្តី ក៏រាជរដ្ឋាភិបាល កម្ពុជា បានខិតខំជៀសវាងឲ្យបានដាច់ខាតពីការធ្លាក់ក្នុងនយោបាយសង្គ្រាម មនោគមវិជ្ជាបែបថ្មី ដែលកំពុងកើតឡើង និងរីករាលដាលនៅតំបន់មួយចំនួន នៃពិភពលោក។
ស្ថានភាពទាំងនេះ គឺតម្រូវឲ្យកងយោធពលខេមរភូមិន្ទចាំបាច់ ត្រូវធ្វើការកែទម្រង់ឲ្យទៅជាកម្លាំង ការពារជាតិដ៏រឹងមាំ ដើម្បីឆ្លើយតបទាន់ សភាពការណ៍ និងមានភាពបតបែនគ្រប់កាលៈទេសៈ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍ និងលើកដំកើន កិត្យានុភាព របស់ប្រទេសកម្ពុជា នៅឆាកអន្តរជាតិ។
ក្នុងនាំក្រសួងរៀបចំដែនដី និងក្រុមហ៊ុនអានកូ រួមទាំងសប្បុរជនឯទៀត ដែលជាភាគីសម្ព័ន្ធមេត្រី ជាមួយទីបញ្ជាការ យោធភូមិភាគទី ៣។ លោកទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានបង្ហាញពីក្តីរីករាយ ចំពោះលទ្ធភាព ដែលបានរួមចំណែក ក្នុងការកសាងនូវអគារបណ្តុះបណ្តាលធនធានមនុស្សមួយខ្នង និងការិយាល័យបញ្ជូនសារ មួយខ្នង ដែលនេះ គឺជាការ រួមវិភាគទានមួយស្របតាមតម្រូវការក្នុងកម្រិតទីបញ្ជាការ នៃយោធភូមិភាគទី ៣នេះ។ បន្ទាប់មក លោកទេសរដ្ឋមន្ត្រី និងគណៈប្រតិភូរួមដំណើរ ក៏បានប្រគល់អគារទាំងពីរខ្នងនោះជាផ្លូវការ ជួនដល់អង្គភាពយោធភូមិភាគទី ៣ ក្នុងពេលនោះផងដែរ។
ជាមួយនោះ ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ក៏បាននាំយកអំណោយមួយចំនួន ដែលបានមកពីការរួមចំណែករបស់សប្បុរជនជូនដល់នាយទាហាន នាទាហានរង ពលទាហាន ដែលបានចូលរួមចំនួន ៣១០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥០.០០០រៀល រួមនឹងស្រាបៀរ ១០០កេស ទឹកក្រូច ៨០កេស។ ចំណែកក្រុមហ៊ុនអានកូ បានផ្តល់ថវិកា ១០.០០០ដុល្លារ ដល់អង្គភាព ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅពេលខាងមុខនេះ៕