កំពត ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន៤១ខ្នង ត្រូវបានបំផ្លាញ ខណៈភ្លៀងធ្លាក់មួយមេ និងលាយឡំខ្យល់កន្ទ្រាក់បក់បោកផង កាលពីវេលាចន្លោះពីម៉ោង ៣និង៣០នាទី ដល់ម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ក្នុង៦ភូមិ នៃឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។
មន្ត្រីសាលាស្រុកអង្គរជ័យ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា តាមតួលេខជាផ្លូវការ ចំនួនផ្ទះរបស់ប្រជា ពលរដ្ឋ ត្រូវភ្លៀងលាយខ្យល់កន្ទ្រាក់ បោកបក់បំផ្លាញខូចខាតធ្ងន់ និងស្រាលអស់ ៤១ខ្នងផ្ទះ ក្នុងចំណោម ០៦ភូមិ ខាងលើ នៃឃុំចំប៉ី ស្រុកអង្គរជ័យ រួមមាន ៖
១-ភូមិក្រសាំង ១៤ខ្នង,ទី២-ភូមិចំប៉ី ៥ខ្នង,ទី៣-ភូមិខ្វាវ ៤ខ្នង,ទី៤-ភូមិណងសាហេតុ ចំនួន ១១ខ្នង, ទី៥-ភូមិស្រែជា ៤ខ្នង និងទិ៦-ភូមិទន្លេនាម បំផ្លាញចំនួន៣ខ្នង ។
មន្ត្រីដដែលឲ្យដឹងទៀតថា ក្នុងហេតុការណ៍គ្រោះធម្មជាតិបំផ្លាញផ្ទះ របស់ប្រជាពលរដ្ឋខាងលើ ពុំបណ្តាលឲ្យមនុស្ស ឬសត្វស្រុកគ្រប់ប្រភេទណាមួយ ទទួលរងគ្រោះឡើយ ។ ក្រោយហេតុការណ៍គ្រោះធម្មជាតិភ្លាម ត្រូវបានក្រុមការងារ របស់ស្រុកចុះទៅពិនិត្យ និងវាយតម្លៃនៃការខូចខាតអស់ទាំងនេះហើយ ដើម្បីរាយការណ៍ជូនថ្នាក់ខេត្ត មានវិធានការ ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះទាំងអស់នេះ ៕