ព្រះសីហនុ៖ អតីតនាយករដ្ឋបាលសាលាស្រុកកំពង់សីលា ត្រូវរថយន្តបុកស្លាប់ ក្រោយពេលដែលដឹកបញ្ជូនទៅ សង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ ។
លោក ស៊ឹម សុខរិទ្ធិ ប្រធានស្នាក់ការសន្តិសុខកងរាជអាវុធហត្ថលេខ ៤០២ បានថ្លែងប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង ៨៖២០នាទីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្តោយផ្លូវជាតិលេខ៤ ចំនុចគីឡូម៉ែត្រលេខ ១៣៥-១៣៦ ក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ប្រភពដដែលបានបន្តថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ត កាមរី បាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-4800 អ្នកបើកបរមិនស្គាល់ឈ្មោះ (គេចខ្លួន) បានជែងរថយន្តមួយទៀត ហើយជ្រុលចង្កូតទៅបុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1D-6010 បើកបរដោយឈ្មោះ ខែក ហឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរមន្រ្តីចូលនិវត្តន៍ (អតីតនាយករដ្ឋបាលសាលាស្រុកកំពង់សីលា) មានទីលំនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្តាលអោយស្លាប់នៅពេលបញ្ជូន ទៅព្យាបាលនៅរាជធានីភ្នំពេញ ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះបានចាកចេញពីផ្ទះនៅព្រឹកព្រលឹម ហើយបានធ្វើដំណើរមកស្រុកកំពង់សីលា ពេលដែលមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តខាងលើនេះជ្រុលចង្កូត មកបុកចំពីមុខបណ្តាលអោយគាត់ ប៉ើងហោះទៅបុកកញ្ចក់មុខរថយន្ត ហើយធ្លាក់ទៅថ្នល់វិញបណ្តាលអោយបាក់ជើងទាំង២ ហើយរងរបួសក្បាលយ៉ាងដំណំ ។
ភ្លាមៗសមត្ថកិច្ចកងរាជអាវុធហត្ថនៅក្បែរ ក៏បានចេញមកជួយអន្តរាគមន៍ បញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ ប៉ុន្តែខណៈពេលដែលបានបញ្ជូន ទៅសង្រោះបានពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ទៅ ហើយពេលនេះក៏បានដឹកសព យកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះវិញហើយដែរ ។ ចំណែករថយន្តបង្ក បានបើកគេចពីកន្លែងកើតហេតុយកទៅប្លុងចោល នៅចំណុចគីឡូម៉ែត្រលេខ១៤០-១៤១ ហើយត្រូវបានកងរាជអាវុធហត្ថស្នាក់ការលេខ ៤០២ ឃាត់បានហើយធ្វើការប្រគល់ជូន ទៅនគរបាលចរាចរណ៍ស្រុកកំពង់សីលា ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ចំណែកម៉ូតូរបស់ជនរងគ្រោះ ក៏ត្រូវបានយកមករក្សាទុកដូចគ្នាផងដែរ ដើម្បីចាត់ការតាមនីតិវិធី ។
ប្រភពពីមន្រ្តីសាលាស្រុកកំពង់សីលា បានអោយដឹងបន្ថែមថា លោក ខែក ហឿន អតីតនាយករដ្ឋបាលសាលាស្រុកកំពង់សីលា បានចូលបំរើការងារនៅឆ្នាំ១៩៩៦ ហើយបានចូលនិវត្តន៍នៅឆ្នាំ២០១២ ប៉ុន្តែការចូលធ្វើការរបស់គាត់ កន្លងមកមិនបានគ្រប់ឆ្នាំនោះទេ ដូច្នេះប្រាក់ខែចូលនិវត្តន៍ ក៏មិនបានបើកជាប្រចាំខែដូចគេដែរទេ ។ ចំពោះដំណឹងមរណភាព មន្រ្តីសាលាស្រុកដដែលក៏បានសំណូមពរ ជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយទាំងអស់ សូមមេត្តាចូលរួមជួយឧបត្ថម្ភតាមកម្លាំងសទ្ធារៀងខ្លួន ព្រោះជីវភាពរបស់គាត់ ពិតជាមានការខ្វះខាតខ្លាំងណាស់ ៕