ភ្នំពេញ៖ បន្ទាប់ពីកងរាជអាវុធហត្ថ (អ.ហ) រាជធានីភ្នំពេញ ឃាត់ខ្លួនក្រុមម៉ាហ្វៀចិន ៥នាក់ កាលពីថ្ងៃទី១៣ និង ១៤ ខែធ្នូ ឆ្នាំ២០១៥ ពាក់ព័ន្ធករណីចាប់មនុស្សបង្ខាំងទុកជំរិតទារប្រាក់មក នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចអាវុធហត្ថ បានបន្តឈានទៅឃាត់ខ្លួនជនជាតិចិនម្នាក់ទៀត ឈ្មោះ Zhang Zhong Sheng នៅផ្ទះលេខ២, ផ្លូវលេខ២, ឋិតក្នុងបុរីពិភពថ្មី សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដែលផ្ទះនេះត្រូវ បានជនសង្ស័យទាំង៥នាក់ខាងលើ អះអាងថាជាផ្ទះមេធំ របស់ពួកគេ។
សេចក្តីរាយការណ៍ព័ត៌មាន បានឲ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹង យប់ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ ២០១៥ថា តាមការសាកសួររបស់ អ.ហ ទៅលើជនជាតិចិនម្នាក់ ដែលចាប់បានក្រោយនេះ បានឲ្យដឹងថា រូបគេគ្រាន់តែ ជាអ្នកស្និតជាមួយមេក្លោងធំ និងរស់នៅផ្ទះជាមួយគ្នា ប៉ុណ្ណោះ រីឯមេរបស់គេ បានគេចខ្លួនបាត់តាំង ពី ២ថ្ងៃមុនមកម្ល៉េះ។
បច្ចុប្បន្ន សមត្ថកិច្ចកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ និងស្វែងរកចាប់ខ្លួនជាបន្តទៀត។
ប្រភពដដែលបន្តថា ដោយឡែកនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះដែរ អ.ហ រាជធានីភ្នំពេញបានបង្ហាញ មុខជនសង្ស័យ ២០នាក់ផ្សេងទៀត ដែលពាក់ព័ន្ធករណីលួចរថយន្តទំនើបម្នាក់ និង ករណីគ្រឿងញៀន ១៩នាក់។
តាមការបំភ្លឺរបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពេលទទួល ពាក្យបណ្តឹងរបស់ម្ចាស់រថយន្ត សមត្ថកិច្ចអាវុធហត្ថបានប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន បុរស់ម្នាក់ និងរថយន្ត១គ្រឿងដែលជារបស់ ជនរង គ្រោះត្រលប់មកវិញ ។ តាមចម្លើយសារភាពរបស់ជនល្មើស បានប្រាប់ថារូបគេមានឈ្មោះ ហេង ថៃ អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ពិតជាបានលួច រថយន្ត មួយគ្រឿងម៉ាក RANGE ROVER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AD-2622 របស់ជនជាតិ ចិន ឈ្មោះ Liu Xue Bing កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ពិតប្រាកដមែន ដែលនៅពេលនោះខ្លួនបានចូលទៅ ម៉ាស្សានៅហាងម៉ាស្សា ឡាក់គីហ្វូត ឋិតនៅផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលនៅពេល ទៅដល់ខ្លួនបានចូលទៅក្នុងបន្ទប់ដាក់សម្លៀកបំពាក់ និងសម្ភារៈ ឃើញទូដាក់សម្ភារៈរបស់ជន រងគ្រោះបិទមិនសូវជិត ខ្លួនបានយកដៃគាស់ទាញទ្វារ ទូចេញ និងបានលូកយកកាបូប១មក ដោយក្នុងកាបូបនោះមាន ប៉ាស្ព័រ១, អត្តសញ្ញាណប័ណ្ណ១, ប័ណ្ណបើកបរ១, ទូរស័ព្ទ១គ្រឿង លុយ៣០០ដុល្លារ និង សោរឡាន១។ បន្ទាប់មកខ្លួនបានចេញ ទៅក្រៅលួចយកឡានតែម្តង និងយកឡាននោះទៅផ្ញើទុកនៅកន្លែងផ្ញើឡាន T3 នៅផ្លូវ១៥៤ សង្កាត់ជ័យជំនះ, ខណ្ឌដូនពេញ។ ក្រោយពេលផ្ញើឡានរួចខ្លួនបានឆែកឃើញក្នុងឡានមានលុយ ៧,០០០ដុល្លារទៀត ខ្លួនក៏បាន យកលុយចេញ ទៅទាំងអស់ រួចត្រឡប់ទៅផ្ទះឋិតក្នុងខណ្ឌ៧មករា រហូតដល់យប់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ ២០១៥ ទើបខ្លួនទៅយកឡានពីកន្លែងផ្ញើមកជិះ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្ទាក់ចាប់តែ ម្តង។
ចំណែកឯជនសង្ស័យ១៩នាក់ ដែលពាក់ព័ន្ធគ្រឿងញៀននោះ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ក្នុង៣គោលដៅផ្សេងគ្នារួមមាន៖ នៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ឃាត់ខ្លួនបាន៩នាក់, នៅលើផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធសែនជ័យ ឃាត់បាន៦នាក់ និង នៅមុខផ្ទះលេខ458E0E1, ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យឃាត់ខ្លួនបាន៤នាក់ ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបាន អ.ហ រាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់។