ភ្នំពេញ៖ ទណ្ឌិត ឈូក បណ្ឌិត ត្រូវបានមន្រ្តីពន្ឋនាគារព្រៃសរ បញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមការស្នើសុំពីមេធាវី បន្ទាប់ពីរកឃើញថា លោកមាន ជំងឺលើសឈាម និងទឹកនោមផ្អែម។
មន្រ្តីផ្នែកសិទ្ឋិមនុស្សនៅអង្គការលីកាដូ លោកអ៊ំ សំអាត ប្រាប់ដើមអម្ពិលថា លោកបានដឹកពីការបញ្ជូនលោកឈូកបណ្ឌិត ចេញពីពន្ឋនាគារខេត្តស្វាយរៀង មកកាន់ពន្ឋនាគារព្រៃសរជាង១ខែហើយ។ ពេលនេះទណ្ឌិតឈូក បណ្ឌិត កំពុងមានជំងឺប្រចាំកាយ មន្រ្តីពន្ឋនាគារក៏បញ្ជូន ពីព្រៃសរមកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ តាមផ្លូវច្បាប់ការអនុវត្តន៍លើលោកឈូក បណ្ឌិតនេះ ត្រូវតាមផ្លូវច្បាប់ហើយ តែការអនុវត្តន៍មិនស្មើរភាពគ្នា បើធៀបជាមួយអ្នកទោសដទៃ។
លោកអ៊ំ សំអាតបបន្ថែម “ យើងឃើញថា អ្នកទោសច្រើនបានត្រូវបានបញ្ជូនទៅមណ្ឌលផ្សេងៗ នៅតាមបណ្តាលខេត្ត តែលោកឈូក គេអោយមកនៅព្រៃសរភ្នំពេញ ដើម្បីជិតគ្រួសារ និងការព្យាបាល ហីមួយទៀតនៅពេលមានជំងឺស្រួលបញ្ជូនមកព្យាបាល ចឹងជាគោលការណ៍មនុស្សធម៌និងផ្លូវច្បាប់ គេធ្វើបានគ្រាន់តែការអនុវត្តន៍ វាអត់ស្មើរភាពគ្នា”។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា រិះគន់ថាការបញ្ជូនខ្លួនលោកឈូក បណ្ឌិតមកព្យាបាលនៅមន្ទីររដ្ឋនេះ មានភាពលំអៀងខ្លាំង បើធៀបជាមួយពលរដ្ឋតវ៉ាវិញ មិនមានសេរីភាពដូចនេះទេ ដោយឆ្មាំគុកអះអាងថា នៅក្នុងគុកក៏មានពេទ្យព្យាបាល។ បើលោកឈូក បណ្ឌិតមានសិទ្ឋមកព្យាបាល នៅពេទ្យរដ្ឋនោះអ្នកទោសផ្សេងទៀត ក៏មានសិទ្ឋដែរ។
លោកជា មុន្នី “ យើងដឹងហើយថា លោកឈូកបណ្ឌិតអើបើសីនជាមិនមានបញ្ជាតឹងរឹងពីសម្តេចតេជោហ៊ុនសែនឬសម្តេចសខេងទេ ក៏គ្មានអ្នកណាហ៊ានចាប់គាត់ដែរ អាចឹងសកម្មភាពមកព្យាបាលនេះ របស់លោកឈូកបណ្ឌិតស្តែងអោយឃើញថា មានភាពលំអៀងនៅក្នុងប្រទេសកម្ពុជានឹងវាមានភាពលំអៀងខ្លាំងណាស់”។
បន្ទាប់ពីបាញ់ ប្រហារលើកម្មការិនី៣នាក់ ជនជាប់ចោទឈូកបណ្ឌិត ត្រូវបានរាជរដ្ឋាភិបាល ដកចេញពីមុខតំណែងជាអភិបាលក្រុងបាវិត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២។ ក្នុងខែមិថុនាឆ្នាំ២០១៣ តុលាការបានសម្រេចផ្ដន្ទាទោសកំបាំងមុខលោកឈូក បណ្ឌិត ដាក់ពន្ធនាគាររយៈពេលចំនួន១៨ខែ ក្នុងសំណុំរឿងបាញ់ប្រហារ ទៅលើកម្មការិនីកាត់ដេរ៣នាក់ ឱ្យរងរបួសនៅគ្រាកម្មករធ្វើបាតុកម្មតវ៉ានៅក្រុងបាវិត នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ តុលាការកំពូល សម្រេចផ្ដន្ទាទោស ជនជាប់ចោទឈ្មោះ ឈូក បណ្ឌិត ដាក់ ពន្ធនាគារកំណត់ ១៨ខែ និងបង្គាប់ឱ្យ បង់ប្រាក់ ចំនួន៣៨លានរៀលឱ្យទៅជន រងគ្រោះជាកម្មការិនី ចំនួន៣នាក់នោះ។ ក្រោយមកទៀតលោកឈូក បណ្ឌិតរងការចោទប្រកាន់ថា មានអ្នកធំនៅពីក្រោយខ្នង ទើបរត់គេចពីសំណាញ់ច្បាប់។ ជាច្នៃដន្យក្រោយពីផ្ទុះរឿងជំលោះកញ្ញាសាសា ជាមួយឧញ៉ាមួយរូប កាលពីពាក់កណ្តាលឆ្នាំ២០១៥នេះ ក៏មានការតវ៉ាពីមជ្ឈដ្ឋានជាច្រើន ដើម្បីអោយតាមចាប់ខ្លួនលោកឈូកបណ្ឌិត យកមកដាក់ទោសដូចឧញ៉ាមួយរូបវៃកញ្ញាសាសា។ ក្រោយមកសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានបញ្ជាអោយស្ថានប័ន ជំនាញ តាមចាប់ខ្លួនទណ្ឌិតឈូក បណ្ឌិត យកមកផ្តន្ទាទោស។ បន្ទាប់ពីមានចំណាររបស់សម្តេចបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបានចាប់ខ្លួនលោកឈូក បណ្ឌិតយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ភ្លាមៗ៕