ភ្នំពេញៈ បើទោះជាពេលនេះ ចំណងមេត្រីភាព ក្នុងនាមជាស្វាមីភរិយារបស់ តារាសម្តែងបុរសសង្ហារ លោក យុត្ថារ៉ា ឆានី និង អ្នកនាង ចន ច័ន្ទលក្ខិណា បានដើរដល់ផ្លូវបញ្ចប់ តាមផ្លូវច្បាប់ហើយក៏ដោយ តែជានិច្ចកាល អតីតស្វាមីភរិយាមួយគូនេះ តែងតែផ្តល់ការយកចិត្តទុកដាក់ ការស្រលាញ់ថ្នាក់ថ្នមកូនស្រី បណ្តូលចិត្តជាប់ជានិច្ច ។ តួយ៉ាងដូចជាពេលថ្មីៗនេះ អតីតស្វាមីភរិយាមួយគូនេះ បានរៀបចំកម្មវិធីជប់លៀង ខួបកំណើត ឲ្យកូនស្រីគម្រប់៩ឆ្នាំ ដាច់ដោយឡែកពីគ្នា ប្រកបដោយ ភាពសប្បាយរីករាយ និងផ្តល់ភាពកក់ក្តៅ ដល់កូនស្រី របស់ពួកគេយ៉ាងខ្លាំង ។
នៅក្នុងថ្ងៃខួបកំណើត របស់កូនស្រីឈ្មោះ ចិន្តា ជូលី ហៅស្រីអាំ គម្រប់ អាយុ៩ឆ្នាំនេះ បើទោះជាលោក យុត្ថារ៉ា ឆានី និង អ្នកនាង ចន ច័ន្ទលក្ខិណា មិនបានរួមគ្នារៀបចំ កម្មវិធីខួបកំណើត ឲ្យកូនស្រីក្នុងថ្ងៃតែមួយកន្លែង តែមួយក៏ពិតមែនតែ ឪពុកម្តាយទាំងពីរនាក់នេះ បានបែងចែកពេលវេលាគ្នា ក្នុងការរៀបចំ កម្មវិធីជប់លៀង អោយកូនស្រីខុសថ្ងៃគ្នា ដើម្បីធ្វើឲ្យកូនស្រី មានភាពកក់ក្តៅទទួលបាន ការស្រលាញ់ ថ្នាក់ថ្នមពីឪពុកម្តាយ ទោះជាពេលឪពុកម្តាយរបស់គេ បានបែកបាក់គ្នាក៏ដោយ ។
តាមរយៈការបង្ហាញ ពីការរៀបចំ កម្មវិធីជប់លៀង ខួបកំណើត ២ដាច់ដោយឡែកពីគ្នានេះ ត្រូវបានមហាជនដាក់ ការសង្ស័យថា ទំនងជាអតីត ស្វាមីភរិយាមួយគូនេះ មិនចង់ជួបមុខគ្នាហើយ ម្យ៉ាងទៀតភាគីខាងស្រី អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានសង្សារថ្មីបណ្តើរគ្នា ជាប់ប្រៀបដូចជា ស្ករតាំងម៉ែទៀត ទើបធ្វើឲ្យលោក យុត្ថារ៉ា ឆានី គេចវេះមិនចង់ជួបមុខ អតីតភរិយា និងគូស្នេហ៍ថ្មីរបស់នាង ទើបជ្រើសរើស យកការរៀបចំ ជប់លៀងខួបកំណើតឲ្យកូនស្រីដាច់ដោយឡែកពីអតីតភរិយា៕