ត្បូងឃ្មុំ៖ អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចាន្ទ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នេះ បានធ្វើជាអធិបតី ក្នុងការប្រកាសផ្ទេរភារៈតំណែង លោក ជា ណារ៉ុន ជាអភិបាលក្រុងសួង ជំនួសលោក ជា សុខវិត។
ក្នុងសេចក្តីប្រកាសបានឲ្យដឹងថា លោក ជា សុខរិត អភិបាលក្រុងសួងចាស់ ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារ នៅក្រសួងមហាផ្ទៃ ចំណែកលោក ជា ណារ៉ុន ពីមុនជាអភិបាលរងក្រុងសួង ត្រូវបានតែងតាំងជា អភិបាលក្រុងសួង។
លោក ជា ណារ៉ុន ជាអភិបាលក្រុងសួង ដែលនឹងត្រូវមកកាន់តំណែងថ្មីនេះ បានធ្វើការប្តេជ្ញាចិត្ត ថា និងយកចិត្តទុកដាក់ជំរុញបន្ត ការអនុវត្តនូវផែនការនានា ដែលជាចក្ខុវិស័យរបស់រដ្ឋបាលក្រុងសួង សំដៅកសាងអភិវឌ្ឍន៍ ឲ្យមានភាពរីកចំរើន សាកសមជាលក្ខណៈក្រុង ទីប្រជុំជន ដើម្បីឆ្លើយតបទៅនិងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ដោយឡែក លោក ជា សុខរិត អភិបាលក្រុងសួងចាស់បានឲ្យដឹងថា ក្រុងសួង ជាក្រុង១ស្ថិតក្នុងក្រុង ស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ហើយព្រុំប្រទល់ក្រុងសួង ព័ទ្ធជំវិញដោយបណ្តាឃុំ នៃស្រុកត្បូងឃ្មុំ ក្រុងសួង មានសង្កាត់២ មានភូមិចំនួន៣០ ក្នុងនោះមានភូមិចំការ កៅស៊ូចំនួន៦ មានផ្ទៃដីសារុបចំនួន ៨.២៨០,៦៤ហិកតា មានប្រជាពលរដ្ឋរស់នៅ ចំនួន៨.១៧៧គ្រួសារ ស្មើនិងចំនួនមនុស្ស ៣៧.៥៥៧នាក់។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងតំបន់នេះ ប្រកបមុខរបរកសិកម្មជាចំបង ប្រមាណ៧០ភាគរយ ក្រៅពីនោះប្រកបមុខរបរ លក់ដូរ សិប្បកម្មសេវាកម្ម មន្ត្រីរាជការ និងកម្មករ៕