តៃប៉ិ៖ កោះតៃវ៉ាន់ និង ប្រទេសជប៉ុន បានព្រមព្រៀងគ្នាថា នឹងរៀបចំកិច្ចពិភាក្សាស្តី អំពី បញ្ហា “ស្ត្រីបម្រើផ្លូវភេទ សម័យសង្គ្រាម” ជាមួយគ្នា នៅខែមករា ឆ្នាំ ២០១៦ ខាងមុខនេះ បន្ទាប់ពីជប៉ុន បានសម្រេចជោគជ័យ ដោយ បញ្ចប់បញ្ហា ដែលបានអូសបន្លាយ ជាង ៧០ឆ្នាំ ជាមួយកូរ៉េខាងត្បូងរួចមក។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារ ព័ត៌មានជប៉ុន ក្យូដូ នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ ២០១៥។
លោករដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ ដាវីដ លីន បានប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុង តៃប៉ិ ថា “ជប៉ុន បានព្រម ព្រៀង ក្នុងការរៀបចំ កិច្ចចរចាគ្នា ទៅលើបញ្ហាអតីតកាល ស្រដៀង នឹងកូរ៉េខាងត្បូង នោះចាប់ពីដើមខែមករា តទៅ។ វាពិតជានឹងលំបាកណាស់ ក្នុងការសម្រេច បានលទ្ធផល ប៉ុន្តែដំណើរការនេះ នឹងនៅតែបន្តទៅថ្ងៃ អនាគត។”
គួរបញ្ជាក់ថា កោះតៃវ៉ាន់ ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ពីចន្លោះឆ្នាំ ១៨៩៤ ដល់ ១៩៤៥។ យ៉ាង ហោចណាស់ ស្ត្រី ២.០០០ នាក់ត្រូវបានគេរកឃើញថា បានទទួលរងគ្រោះ ជាស្ត្រីបម្រើឲ្យទាហានជប៉ុន ហើយ ក្នុងនោះស្ត្រី ៨៥ នាក់ គឺជាជនរងគ្រោះធ្ងន់ធ្ងរបំផុត។ បច្ចុប្បន្នពួកគាត់មួយចំនួន នៅរស់រានមានជីវិត ហើយមានអាយុជាមធ្យម ៩០ឆ្នាំ៕