ភ្នំពេញ៖ ក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត បាននាំយកអំណោយ ជាសម្ភារ:ក្នុងថ្នាក់រៀន ពីអង្គការមូលនិធិ Furniture for Education Worldwide និងសម្ភារ:មួយចំនួនទៀត រួមមាន ក្តាខៀន ចំនួន ០៥ កុំព្យូទ័រលើតុ ចំនួន ០២គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន ០២គ្រឿង ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: លោក ហ៊ុន ម៉ាណែត ប្រគល់ជូនសាលាបឋមសិក្សាសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។
លោក សាយ ឆាយ នាយកសាលាបឋមសិក្សាសំបួរមាស សម្តែងនូវទឹកចិត្តសប្បាយរីករាយជាអនេក ចំពោះសម្ភារ:អំណោយទាំងនេះ ខណៈសាលារបស់លោកកំពុងជួបការខ្វះខាតជាច្រើននូវសម្ភារ:សិក្សា ក៏ដូចជាសម្ភារ:ថ្នាក់រៀន សម្រាប់បំពាក់តាមថ្នាក់ និងការប្រើប្រាស់ ហើយសម្ភារ:ទាំងនេះ នឹងបានឆ្លើយតប នូវតម្រូវការប្រើប្រាស់មួយផ្នែកធំផងដែរ ។ លោកបានមានប្រសាសន៍ថា សម្រាប់ទិសដៅដ៏ឆាប់ៗខាងមុខនេះ សាលាអាចប្រឈមនឹងការខ្វះអគារសិក្សា អាស្រ័យដោយកំណើន សិស្សានុសិស្ស ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងបច្ចុប្បន្ន សាលាបានយកបន្ទប់ទីចាត់ការ និងបណ្ណាល័យ ធ្វើជាថ្នាក់រៀនសម្រាប់ក្មួយៗ បណ្តោះអាសន្នសិន ដើម្បីបំពេញសេចក្តីត្រូវការរៀនសូត្ររបស់សិស្ស ។
លោក មែ ស៊ីថន ក៏បានឲ្យដឹងផងដែរថា កន្លងទៅនេះ លោក ហ៊ុន ម៉ាណែត ធ្លាប់បានប្រគល់តុ កៅអីសិក្សា មួយចំនួនដល់សាលារួចមកហើយ ហើយសម្ភារ:ដែលផ្តល់ជូននេះ នឹងបំពេញបន្ថែមនូវតម្រូវការប្រើប្រាស់ របស់សាលា ចំពោះមុខថែមទៀត ។
លោកនាយកសាលា តំណាងឲ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ក្មួយៗសិស្សានុសិស្ស និងមាតាបិតាសិស្ស គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចទាំងពីរ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ២០១៦នេះ សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ចៅប្រុសចៅស្រី សូមទទួលបានពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕