ឧត្ដរមានជ័យ ៖ ករណីនៃការបាញ់តដៃ គ្នាអស់ជាច្រើនគ្រាប់ រវាងក្រុមរកស៊ីឈើ ខុសច្បាប់ជាមួយកម្លាំង រដ្ឋបាលព្រៃឈើផ្នែក អន្លង់វែង ដោយ មាន ការចូលរួមពីកម្លាំង យោធានៃកងទ័ពជើងគោក ដែលបានកើត ឡើងកាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ គឺស្ថិតក្រោមការស៊ើប អង្កេត តាមរយៈការបញ្ជូនមន្ដ្រីជាន់ខ្ពស់របស់ក្រសួង កសិកម្ម ទទួលបន្ទុកព្រៃឈើ ដើម្បីរកដំណោះ ស្រាយ បន្ទាប់ពីមានការចោទប្រកាន់គ្នា ចំពោះការផ្ទុះអាវុធខាងលើនេះ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៩និង ៥២នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២កន្លង ទៅ ស្ថិតនៅលើកំំណាត់ផ្លូវលេខ៦៧ ក្នុង ឃុំអន្លង់វែង ស្រុកអន្លង់ វែង ខេត្ដឧត្ដរមាន ជ័យ គឺស្ថិតក្នុងតំបន់ព្រៃស្អាក មានករណីចុះ បង្ក្រាបក្រុមរថយន្ដរបស់ឈ្មួញរកស៊ីឈើ ប្រណីតខុសច្បាប់ ដែលធ្វើដំណើរឆ្លងកាត់ តំបន់នោះ ហើយការបង្ក្រាបនេះបានឈាន ទៅដល់ការបាញ់តដៃគ្នា រវាងក្រុមជនល្មើស និងក្រុមមន្ដ្រីយោធា ការិយាល័យទី២ នៃ យោធភូមិភាគទី៤ និងកម្លាំងយោធាការិយា ល័យជើងគោកទី២ ដែលត្រូវបានសុំឱ្យចូល រួមសហការពីសំណាក់កម្លាំងរដ្ឋបាលព្រៃឈើ ផ្នែកអន្លង់វែង ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីរដ្ឋបាល ព្រៃឈើនិងមន្ដ្រីយោធា បានឱ្យដឹងថា ការ បាញ់ប្រហារគ្នាខាងលើនេះ មិនបណ្ដាលឱ្យ នរណាម្នាក់រង របួសនិងស្លាប់នោះឡើយ ហើយក៏មិនឃាត់រថយន្ដរបស់ឈ្មួញណាមួយ នោះដែរ ពោលពួកគេបានគេចខ្លួនដោយសុវត្ថិភាព ក្រោយពីបាន បាញ់មក លើក្រុមរដ្ឋបាលព្រៃឈើនិងក្រុមយោធា ។
មន្ដ្រីរដ្ឋបាលព្រៃឈើមួយរូបបាននិយាយថា បន្ទាប់ពីទទួលព័ត៌មានសម្ងាត់ថាមានក្រុមឈ្មួញ រកស៊ីឈើប្រណីត និងធ្វើដំណើរឆ្លង កាត់តំបន់នោះ ទើបកម្លាំងរដ្ឋបាលព្រៃឈើផ្នែកអន្លង់វែង ដោយសុំឱ្យមានកិច្ចសហការពីកម្លាំងយោធា មកពីការិយាល័យជើងគោកទី២ និងការិយាល័យទី២ នៃយោធភូមិភាគទី៤ ចុះទៅបង្ក្រាប ដោយប្រទះឃើញរថយន្ដឆ្លាម មួយគ្រឿង ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ១៤៧១ និង រថយន្ដផ្សេងទៀត ដែលបន្លំដឹកឈើប្រណីត ឆ្លងកាត់តំបន់នោះ ។ នៅពេលក្រុមឈ្មួញ ឃើញកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបការរកស៊ីឈើ ស្រាប់តែបានបើក ការបាញ់ប្រហារ៣-៤គ្រាប់ ចេញពីរថយន្ដឆ្លាម ដើម្បីបើកផ្លូវឱ្យរថយន្ដដឹកឈើផ្សេងទៀត អាចធ្វើដំណើរទៅបាន ។ ពេលនោះខាងកម្លាំងយោធា ក៏បានបាញ់តទៅវិញ ប៉ុន្ដែមិនមានការចាប់បានរថយន្ដនិងជនល្មើសនោះឡើយ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីរដ្ឋបាល ព្រៃឈើរូបនេះ លុះស្អែកឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ កម្លាំងអាវុធហត្ថខេត្ដ និងកម្លាំង អាវុធហត្ថ លើផ្ទៃប្រទេស បានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយបានរើសំបកកាទូស ។
ក្នុងករណីនេះ មានការចោទប្រកាន់ទៅ លើក្រុមមន្ដ្រីរដ្ឋបាលព្រៃឈើ ចំពោះការចុះ បង្ក្រាបករណីក្រុមឈ្មួញ រកស៊ីឈើប្រណីត ខាងលើនេះ ហេតុដូច្នេះហើយកាលពីថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០១២ម្សិលមិញ ថ្នាក់ដឹកនាំ កសិកម្ម រួមទាំងលោក វណ្ណ សុផាន់ណា ប្រធានអធិការដ្ឋាន ខាងត្បូងទន្លេសាប បាន ចុះទៅធ្វើការស្រាវជ្រាវ ចំពោះករណីនេះ ប៉ុន្ដែគេមិនទាន់ដឹងលទ្ធផលយ៉ាងណានោះ ឡើយ ។