ព្រះសីហនុ៖ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ១លាននាក់ នៅឆ្នាំ២០១៥នេះ បានមក លម្ហែកម្សាន្ត នៅតាមតំបន់ ទេសចរនានា នៅលើទឹកដី ខេត្តព្រះសីហនុ ដែលជាខេត្តមួយមានឆ្នេរសមុទ្រ ស្រស់ស្អាតបំផុត របស់កម្ពុជានោះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានការកើនឡើង ១៤,៣៩ភាគរយ។
បើតាមការឲ្យដឹងពីលោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ថា សម្រាប់រយៈ ពេលមួយឆ្នាំ ២០៥នេះ ខេត្តព្រះសីហនុទទួលបានកំណើនភ្ញៀវទេសចរ សរុប១.៥១៨.៨៧៤ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១១៥៦៨១៣នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៤ កើនឡើង១៩,៣៦ភាគរយ និងភ្ញៀវបរទេសមានចំនួន ៣៦២០៦១ នាក់ កើនឡើង១ភាគរយ ក្នុងនោះជនជាតិចិន ស្ថិតក្នុងលំដាប់ថ្នាក់លេខ១។
ប្រធានមន្ទីរទេសចរណ៍ រូបនេះបន្តថា ភ្ញៀវទេសចរដែលមកលេងកម្សាន្ត នៅខេត្តឆ្នេរសមុទ្រមិនថាថ្ងៃធម្មតា ថ្ងៃ បុណ្យជាតិឬ ក៏មានព្រឹត្តិការណ៍ជាតិធំៗនោះទេ ពោលគឺនៅខេត្តព្រះសីហនុ មានសណ្ឋាគារចំនួន ៥២ស្មើនឹង ២៤៩២បន្ទប់ ផ្ទះសំណាក់១៥០ស្មើនឹង២២១០បន្ទប់ ភោជនីយដ្ឋានអាហារដ្ឋាន ចំនួន៧៩កន្លែង មិនត្រឹម តែប៉ុណ្ណោះ ខេត្តព្រះសីហនុ ក៏នៅមានសណ្ឋាគារលំដាប់ផ្កាយចំនួន ៣កន្លែងទៀតផង មានហាងលក់ដូរ កន្លែងបម្រើសេវាកម្មលើវិស័យ ទេសចរជាច្រើនទៀត ដើម្បីផ្តល់ភាពកាន់តែងាយស្រួល ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក នូ សុផល បានបញ្ជាក់ថា ភ្ញៀវទេសចរចូលទៅលេង នៅតាមតំបន់កោះត្រូពិក ជាពិសេសនៅតំបន់ឆ្នេរ អូរឈើទាល តែម្តង ពីព្រោះមិនថារដូវប្រាំងឬក៏រដូវវស្សានោះទេ សម្រាប់តំបន់រមណីយដ្ឋានទេសចរណ៍ ឆ្នេរអូរ ឈើទាល ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុគឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ មក សម្រាកលេងលម្ហែកម្សាន្តយ៉ាងច្រើនកុះករ។
ឆ្នេរអូរឈើទាលត្រូវបានគេចាត់ទុកថា ជាតំបន់ឆ្នេរដែលមានលក្ខណៈស្រស់ស្អាតនិងខ្សាច់ សលាតសន្ធឹង វែងរួមទាំង មានជម្រៅទឹកសមុទ្រ រាក់និងខ្យល់អាកាសស្ងប់ស្ងាត់ ហើយប្រសិនបើពិនិត្យមើលលើ លក្ខណៈទូទៅ នៃទីតាំងភូមិសាស្ត្ររបស់ឆ្នេរអូរឈើទាល ឃើញមានសភាពខុសប្លែកពីតំបន់ឆ្នេរផ្សេងៗទៀត។ ទាំងកន្លែង សម្រាក កម្សាន្តរបស់ភ្ញៀវទេសចរ និងកន្លែងអង្គុយលេងគឺមានភាពសប្បាយរីករាយ ហើយរាល់សេវាកម្ម លក់ដូរចំណីអាហារ មានលក្ខណៈសម្បូរបែប មានអនាម័យ តម្លៃសមរម្យ ដែលអាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទទួលយកបាន៕