បាត់ដំបង៖ គ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន៦៤,១៩ក្រាម និងប្រភេទយ៉ាម៉ា ៩៩៥គ្រាប់ ត្រូវបានកម្លាំង នគរបាល ក្រុងបាត់ដំបង ធ្វើការបង្ក្រាប ពីជនជួញដូរម្នាក់ ក្នុងភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុង បាត់ដំបង នៅថ្ងៃទី៣ ខែមករា កន្លងមកនេះ ឯជនសង្ស័យត្រូវបានមន្រ្តីជំនាញ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ។
យោងតាមគេហទំព័រអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី៤ ខែមករា នេះ បានដកស្រង់សម្តី លោក វរសេនីយ៍ទោ យឹម វិចិត្រ អធិការនគរបាល ក្រុងបាត់ដំបង មកបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍ ណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង លើការងារជំនាញប្រឆាំង គ្រឿងញៀន ដើម្បីចូលរួមក្នុងការអនុវត្តន៍ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៧និង៣០នាទី ការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីចែកចាយ គ្រឿងញៀន០១កន្លែង ដែលស្ថិតត្រង់ចំនុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ឃាត់ខ្លួន ជនសង្ស័យ 0១នាក់ឈ្មោះ អ៉ឹង ផានិត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
កម្លាំងសមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន ម៉ាទឹកកកសរុបចំនួន៦៤,១៩ក្រាម យ៉ាម៉ា៩៩៥គ្រាប់ និងសំភារ: ជក់មួយចំនួន។
ករណីសង្ស័យខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅ សាលាដំបូង ខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមច្បាប់៕