ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ (CNRP) លោក ស៊ុន ឆៃ បានលើកឡើងថា សមាជិករដ្ឋសភា មកពីបក្សសង្គ្រោះជាតិនឹង ចូលរួមពិភាក្សាអនុម័តច្បាប់ សហជីពជាមួយ សមាជិកសភាគណបក្ស ប្រជាជន កម្ពុជា លើសេចក្តីព្រាងច្បាប់សហជីពនាពេលខាងមុខ។
ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នាវិមានរដ្ឋសភា លោកស៊ុនឆៃ ថា ជាគោល ការណ៍ គណបក្សសង្គ្រោះជាតិមិនចូលប្រជុំសភាជាមួយ សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជានោះទេ មកពីមូលហេតុសមាជិកសភាគណបក្សសង្គ្រោះជាតិ មិនបានចូលរួមពិភាក្សានិងឲ្យយោបល់ លើសេចក្តីព្រាង ច្បាប់មួយចំនួននាពេលកន្លងមក ទើបធ្វើពហិកាមិនចូលរួមប្រជុំ ។
លោកបញ្ជាក់ថា «នៅពេលណាយើងមានការជជែកគ្នា ពន្យល់គ្នា នោះជានីតិវិធី ល្អណាស់ ។ ខ្ញុំថា ខ្ញុំបានចួលរួម ដោះស្រាយ ឬពិនិត្យច្បាប់ មួយចំនួនកន្លងមក ដូចជាគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងច្បាប់បោះឆ្នោតនោះ មានស្នើសុំពីសមាជិកសភាបក្សប្រឆំាងបានកែសម្រួលមួយចំនួនមានភាពល្អប្រសើរ»។
ជាមួយគ្នានោះដែរ លោក ស៊ុន ឆៃ បានលើកឡើងថា ជាក់ស្តែងច្បាប់សហជីព ដែលគណៈកម្មការចំពោះកិច្ច រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិជជែកគ្នានោះ មានចំណុចមួយចំនួនបានកែសម្រួល បន្ទាប់ពីការស្នើសុំពីសហជីពតាមរយៈសមាជិកគណៈកម្មការចំពោះកិច្ចគណបក្សសង្គ្រោះជាតិ ។ លោកថា ប្រសិនបើមិនមាន ការជជែកគ្នាលើសេចក្តីព្រាងច្បាប់សហជីព នោះទេ នឹងមានការតវ៉ា ពីសហជីព ពិសេស នឹងធ្វើឲ្យមានការប៉ះពាល់ដល់ការបញ្ជាទិញ ទំនិញពីស្រុកខ្មែរព្រោះសហជីពមានតួនាទីសំខាន់ ក្នុងការពារ កម្មករនិងការបញ្ជាទិញទំនិញពីកម្ពុជា។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៤ មករា គណៈកម្មការចំពោះ កិច្ចបានបើកឆាកដំបូងពិភាក្សា សេចក្តីព្រាង ច្បាប់សហជីព និងបានឯកភាពគ្នាចំនួនពីរចំណុច ក្នុងចំណោម២១ចំណុចដែលក្រុមសហជីព ដាក់សំណើរ។
គណៈកម្មការចំពោះកិច្ចបានពិភាក្សាឯកភាពគ្នាបាន២មាត្រា គឺមាត្រាទី៣ និងមាត្រា៤នៃច្បាប់សហជីព ដែលមាន១៧ជំពូក និង១០០មាត្រា។ គណៈកម្មការចំពោះកិច្ចគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា នឹងជូបពិភាក្សាលើ សេចក្តីច្បាប់សហជីពម្តងទៀតនៅថ្ងៃទី១៣ មករា ឆ្នាំ ម៉ោង២ រសៀល នៅវិមានរដ្ឋសភា ៕