ព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ នៅទីបញ្ជាការជួរមុខ នៃគណ:កម្មការជាតិសន្តិសុខ លម្ហសមុទ្រ ស្ថិតក្នុងភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានរៀបចំពិធីអបអរសាទរខួបទី៣៧នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៦) ។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមានលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការជួរមុខ នៃគណ:កម្មការជាតិសន្តិសុខលម្ហសមុទ្រ និងបណ្តាមេបញ្ជាការរង នៃស្ថាប័នគន្លឹះចំនុះ ព្រមទាំងនាយ នាយនាវីរង ពលនាវឹក និងសមាជិក សមាជិការ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រមាណ៨០នាក់ ។
បន្ទាប់ពីលោកឧត្តមនាវីទោ ទៀ ប៊ុនលៀម មេបញ្ជាការរងទីបញ្ជាការជួរមុខឡើងអានសុន្ទកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងក្នុងពិធីមីទ្ទិញរំឭកខួបលើកទី ៣៧ នៃទិវាជ័យជម្នះ ៧ មករា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះប្រជាជាតិអោយរស់ឡើងវិញ ហើយបានឋិតឋេរគង់វង្ស និងរីកចម្រើនរហូតមកដល់បច្ចុប្បន្នរួចមក លោកឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា យើងជួបជំគ្នាថ្ងៃនេះគឺក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការ:ដ៍ថ្លៃថ្លាបំផុតរបស់បុព្វបុរស នៃវីរយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ជំនាន់ ដែលបានពុះពារប្រយុទ្ធ ហ៊ានធ្វើពលិកម្ម យ៉ាងអង់អាចក្លាហានបំផុត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជនអោយស្ថិតស្ថេរគង់វង្សជារៀងរហូត ។
លោកមេបញ្ជាការក៏បានសូមលំអោនកាយគោរពវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិ ជាង៣លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌បំផុតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោឃៅព្រៃផ្សៃ ហើយសូមឧទ្ទិសបួងសួងអោយដួងព្រលឹងរបស់ជនរងគ្រោះទាំងនោះបានទៅកាន់សុគតិភពផងដែរ៕