ដោយ សយ សុភាព
(ធ្លាប់បានផ្សាយ Monday, 10 November 2014 14:33)
សំដីខាងលើនេះ ជាប្រសាសន៍របស់ លោក អាលីអាឡាតាស់ អតីតរដ្ឋមន្ដ្រី ក្រសួងការបរទេសឥណ្ឌូនេស៊ី ដែល លោកបានមានប្រសាសន៍ ប្រាប់អ្នកកាសែតខ្មែរដ៏ ល្បីម្នាក់ ឈ្មោះ ឆាយ សុផល ក្នុងអំឡុង ពេលលោក និងអ្នក កាសែតផ្សេងទៀតបាន ជួបជាមួយនឹងលោក អាលីអាឡាតាស់ នៅ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៥ នៅប្រទេសឥណ្ឌូ នេស៊ី ។
ខ្ញុំសូមដកស្រង់ នូវប្រសាសន៍របស់អតីត សហប្រធានសន្និសីទកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្ដីពីការបញ្ចប់ជម្លោះ នយោបាយនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលពេលនោះ លោក អាលីអាឡាតាស់ បានធ្វើជាសហ ប្រធានជាមួយលោក រ៉ូឡង់ ដុយម៉ាស់ អតីតរដ្ឋមន្ដ្រីការបរទេសបារាំង។លើសពីនេះទៅទៀត ខ្ញុំសូមដកស្រង់ ប្រសាសន៍ របស់លោក កាស៊ីត ភីរម្យយ៉ា អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ដែល លោក ឆាយ សុផល បានជួបនៅ ក្នុងទីក្រុង បាងកក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១១ ព្រមទាំងព្រះរាជបន្ទូលរបស់អតីត ព្រះមហាក្សត្រដ៏ល្បាញ ល្បី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមកោដ្ឋព្រះបាទ នរោត្ដម សីហនុ ដែលបានមានព្រះរាជ បន្ទូលនៅក្នុង អង្គមិន្ទិញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១១ នៅមុខព្រះបរមរាជវាំង ។
នៅក្នុងសៀវភៅ របស់លោក ឆាយ សុផល ដែលមានចំណងជើងថា ហ៊ុន សែន នយោបាយ និងអំណាចក្នុងប្រវត្ដិ សាស្ដ្រខ្មែរ ជាង ៤០ឆ្នាំ ដែលបានបោះពុម្ពផ្សាយកាលពី ខែមករា ឆ្នាំ២០១២ កន្លងទៅ ដោយបានដកស្រង់នូវព្រះ រាជបន្ទូល និងប្រសាសន៍ របស់អ្នកដឹកនាំសំខាន់នេះ នៅទំព័រទី៤ និង ទី៥ ក្នុងសៀវភៅរបស់លោក ។ ខ្លឹមសារ មាន ដូចតទៅ ៖
ចំណុចពិសេសមួយទៀត ដែល ហ៊ុន សែន មានគឺលក្ខណៈដ៏ប៉ិនប្រសប់ពីធម្មជាតិ ។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៥ តាម រយៈការរៀបចំពិធីអាហារពេលល្ងាចរបស់ កាសែត Jakarta Post ខ្ញុំ (អ្នកនិពន្ធ) បានជួបជាមួយ លោក អាលី អាឡាតាស់ (Ali Alatas) អតីតរដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី ដោយពិធីអាហារនោះបានធ្វើឡើង នៅក្នុងគេហដ្ឋានផ្ទាល់របស់លោក អាលី អាឡា តាស់ ក្នុងទីក្រុងហ្សាកាតា (Jakarta) ។ លោក អាឡាតាស់ បានប្រាប់ខ្ញុំ និងអ្នកសារព័ត៌មានអន្ដរជាតិមួយចំនួនទៀតថា នៅក្នុង ដំណាក់កាលនៃការចរចាស្វែងរកសន្ដិភាព នាចុងទស្សវត្សឆ្នាំ ១៩៨០ បើទោះជា ហ៊ុន សែន ជាមេដឹកនាំក្មេងជាងគេក្នុងចំណោម ភាគីជម្លោះទាំងអស់របស់ប្រទេសកម្ពុជាក៏ ដោយ ក៏លោកសង្កេតឃើញថា ហ៊ុន សែន ជាមនុស្ស “ Smart and flexible” ឬ “ ឆ្លាត និងចេះបត់បែន ” ។
លោក អាឡាតាស់ បានបញ្ជាក់ថា “ មនុស្សនេះពិតជាអាចដឹកនាំប្រទេសបានយូរអង្វែង” ។ អាឡាតាស់ បានអះ អាងថា លោកធ្លាប់សរសើរសម្ដេច នរោត្ដម សីហនុ ថា ជាបុគ្គលពូកែមួយអង្គនៅក្នុងចំណោមមេដឹកនាំឆ្នើមៗ នៅ ក្នុងតំបន់អាស៊ី ប៉ុន្ដែ ហ៊ុន សែន ក៏មិនធម្មតាដែរ ព្រោះថា បើ ទោះជាខ្លួននៅវ័យក្មេងនិងមានបទពិសោធន៍នយោបាយ តិចជាងសម្ដេច សីហនុ លោក សឺន សាន និងមេដឹកនាំខ្មែរក្រហមដទៃៗទៀតក៏ដោយ ក៏ ហ៊ុន សែន អាចប្រឈម ជាមួយអ្នកទាំងនោះបានដោយមិនចុះញ៉ម ដែលចំណុចនេះគឺពិតជាមនុស្សដែលមានទេពកោសល្យពីកំណើត ហើយ ទេពកោសល្យពីកំណើតបែបនេះ គឺលំបាករកណាស់នៅក្នុងសង្គមមនុស្ស ។
លោក កាស៊ីត ភីរុមយ៉ា (Kasit Piromya) អតីតរដ្ឋមន្ដ្រីក្រសួងការបរទេស ថៃ (ឆ្នាំ២០០៦-ចុងខែកក្កដា ឆ្នាំ ២០១១) ដែលជាអ្នករិះគន់សម្ដេច ហ៊ុន សែន យ៉ាង ចាស់ដៃនោះ ក៏បានរំលឹកពីភាពប៉ិនប្រសប់ របស់សម្ដេច ហ៊ុន សែន ដែលកាលពីចុង ទស្សវត្សឆ្នាំ ១៩៨០ ដោយលោកនិយាយ ថា “ ហ៊ុន សែន ជាមនុស្សឆ្លាត និងជាមនុស្សល្អ ” ។ ឆ្លើយនឹងសំណួររបស់ខ្ញុំ (អ្នកនិពន្ធ) នៅឯការិយាល័យរបស់លោក នាទីក្រុងបាង កក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១១ ដែលសួរថា “ តើលោកយល់យ៉ាងដូចម្ដេចចំពោះ ហ៊ុន សែន កាលពីពេលចរចានាឆ្នាំ១៩៨៩? ” លោក កាស៊ីត បានឆ្លើយយ៉ាងរហ័សថា ហ៊ុន សែន ជា “ មនុស្សឆ្លាត ” ដោយអះអាងថា បើទោះជានៅឆ្នាំ ១៩៨៩ “ ហ៊ុន សែន មិនបានបញ្ចប់ការសិក្សានៅសាកល វិទ្យាល័យដូចជា លោក សឺន សាន ព្រះអង្គ ម្ចាស់ នរោត្ដម រណឫទ្ធិ លោក សឺន ស៊ូប៊ែរ្ដិ៍ ក៏ដោយ ក៏ ហ៊ុន សែន មានភាពវ័យឆ្លាត ពូ កែ និងរហ័សរហួនជាងអ្នកទាំងនោះ ។ តាមលក្ខណៈពីធម្ម ជាតិ ហ៊ុន សែន ពិតជាពូកែ និងបង្ហាញពីសម្បជញ្ញៈល្អ ”។ លោក កាស៊ីត ភីរុមយ៉ា នៅចុងទស្សវត្សឆ្នាំ ១៩៨០ គឺជា ប្រធានដឹកនាំគណៈប្រតិភូថៃ ទៅចូលរួម នៅក្នុងកិច្ចចរចារបស់ភាគីជម្លោះកម្ពុជាដែរ ។
នៅក្នុងមិទ្ទិញ មហាជនមួយដ៏ធំនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១១ នៅមុខព្រះបរម រាជវាំង ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃ ការយាងមាតុភូមិនិវត្ដន៍របស់សម្ដេចឪ សម្ដេចម៉ែង ព្រះមហាវីរក្សត្រ សម្ដេច នរោត្ដម សីហនុ បានមានព្រះរាជ បន្ទូលថា “រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំសភា ទាំងពីរ បានធ្វើឱ្យ ប្រទេសមានការរួបរួមគ្នា ហើយប្រទេសមានសន្ដិភាពពេញលេញ ” ។ នៅចំពោះមុខមនុស្សរាប់ម៉ឺននាក់សម្ដេចឪបាន បញ្ជាក់ថា “រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្ដេច ហ៊ុន សែន បានទាញ ប្រទេសកម្ពុជាឱ្យចេញពីឋានៈទុន ខ្សោយ និងឱ្យឋានៈជាអ្នកមានអំណាចមួយនៅក្នុងពិភពលោក ហើយថា ការរួបរួមគ្នាជាធ្លុង មួយនេះគឺជាភាពខ្លាំង ដែលនាំឱ្យប្រទេសដើរលើ “ ផ្លូវសន្ដិភាព ផ្លូវឯករាជ្យ និងផ្លូវ កសាងជាតិលើគ្រប់វិស័យ ” ៕