កំពង់ចាម៖ ករណីហឹង្សា ក្នុងគ្រួសារមួយ ដែលបង្កឡើងដោយបុរសម្នាក់ យកប្រេងសាំង ស្រោចលើប្រពន្ធ ហើយដុតប្រពន្ធរបស់ ខ្លួនយ៉ាងព្រៃផ្សៃ បណ្តាលឲ្យរង របួសពេញខ្លួន ហើយបុរសជាប្តី បានរត់គេចខ្លួនបាត់។
ហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោង៧ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ លុយ ភាព អាយុ៤៦ឆ្នាំ ជាប្រពន្ធជនល្មើស ឈ្មោះញាន លាប អាយុ៤៦ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិកើតហេតុ។
សមត្ថកិច្ចឲ្យដឹងទៀតថា ករណីហឹង្សាក្នុងគ្រួសារនេះ គឺបណ្តាលមកពីការ ឈ្លោះប្រកែកគ្នារវាង ប្តី និងប្រពន្ធនេះ ហើយបុរសជាប្តីចិត្តខ្លាំង បានយកប្រេងសាំង ចាក់ស្រោចលើប្រពន្ធ រួចដុតតែម្តង បណ្តាលឲ្យស្ត្រីជាប្រពន្ធរង របួសជាតំណំ ត្រូវបានសាច់ញាតិដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ករណីនេះផងដែរ សមត្ថកិច្ចនគរបាលមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវ រកចាប់ជនល្មើសយកមកផ្តន្ទា ទោសទៅតាមផ្លូវច្បាប់៕