ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការអបអរសាទរទិវាជ័យជំនះ ៧មករា១៩៧៩-២០១៦ ថាជាជ័យជំនះលើ ពួកខ្មែរក្រហម គឺជាជ័យជំនះរបស់ប្រជាជនកម្ពុជាទាំងអស់។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃ៧មករា ឆ្នំា២០១៦ ស្ថានទូតអាមេរិក បានកត់សម្គាល់ថា “ជ័យជំនះរបស់ប្រទេសកម្ពុជានៅថ្ងៃទី ៧ ខែមករា កត់សំគាល់ការរំដោះទីក្រុងភ្នំពេញពីរបបខ្មែរក្រហម ដែលជារបបមួយដែលគេមើលឃើញច្បាស់ថា ស្ថិតក្នុងចំណោមរបបដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្ត។ ជ័យជំនះលើពួកខ្មែរក្រហមគឺជាជ័យជំនះរបស់ប្រជាជនកម្ពុជាទាំងអស់”។
ស្ថានទូតអាមេរិក បានសរសេរបន្ថែមថា “ថ្ងៃនេះ យើងសូមសំដែងទុក្ខសោកចំពោះការបាត់បង់ជីវិតមនុស្សជិត ២ លាននាក់ និងការខ្ចាត់ព្រាត់នៅក្នុងជីវិតមនុស្សជាច្រើនទៀត។ ក្នុងនាមជាមិត្តរបស់ប្រជាជនកម្ពុជា បំណងដ៏មុតមាំរបស់យើងគឺចង់ឃើញប្រជាជនកម្ពុជាក្នុងគ្រប់ជំនឿទាំងអស់ បន្តធ្វើការជាមួយគ្នា ដើម្បីកសាងអនាគតមួយដែលមានវិបុលភាព និងប្រជាធិបតេយ្យកាន់តែច្រើនឡើង”៕