ភ្នំពេញៈ តំណាងឲ្យ ប្រជាពលរដ្ឋ ១២១៥គ្រួសារ ស្មើនិង៧០៤៧នាក់ ចៅសង្កាត់អូឡាំពិក លោក ពា ហន បានរៀបចំពិធីបង្សុកូល ឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ជាសម្តេចឳ សម្តេចតា សម្តេចតាទូត នៃជនរួមជាតិកម្ពុជា នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២នេះ ។
ចៅសង្កាត់អូរឡាំពិក លោក ពា ហន បានឲ្យដឹងថា បន្ទាប់ពីទទួលការណែនាំ ពីសំណាក់អភិបាល រាជធានី ភ្នំពេញ លោក កែប ជុតិមា ក៏ដូចជាការដឹកនាំ ផ្ទាល់ពីលោក អភិបាលខណ្ឌចំការមន សាលាសង្កាត់តែងតែ រៀបចំពិធីបង្សុកូល ឧទ្ទិសកុសលថ្វាយ ព្រះបរមសព ជារៀងរាល់សីល។
លោកបន្តថា សម្រាប់ថ្ងៃនេះ គឺជាសីលទី១០ ហើយ ដែលសាលាសង្កាត់បាន រៀបចំពិធី បង្សុកូល ដើម្បី ឧទ្ទិសកុសលថ្វាយ ជូនព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ សម្តេចតា សម្តេចតាទូត ដែលព្រះអង្គ បានសោយ ទិវង្គត កាលពីកន្លងទៅថ្មីៗនេះ សូមឲ្យទ្រង់យាងទៅ សោយសុខក្នុង ឋានសុគតិភព ។
ចៅសង្កាត់អូឡាំពិក ក៏បានបញ្ជាក់ផងដែរថា កន្លងមក លោកអភិបាលខណ្ឌចំការមន តែងតែធ្វើការណែនាំ ដល់ចៅសង្កាត់ទាំង១២ ឲ្យរៀបចំ តាំងព្រះឆាយាល័ក្ខ ព្រះករុណ ព្រះមហាវីរក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងសាលាសង្កាត់ ដើម្បីសម្រាប់ គោរពបូជាថ្វាយ ឧទ្ទិសកុសល ដល់ទ្រង់ ក៏ព្រោះថា ព្រះអង្គ មានស្នាព្រះហស្ថ ជាច្រើន បន្សល់ទុកដល់កូនចៅ ជំនាន់ក្រោយ មានដូចជា ការដណ្តើមឯករាជ្យ ពីអាណានិគមន៍បារាំង កាលពីឆ្នាំ១៩៥៣ ដណ្តើមខេត្តខ្មែរ និងប្រាសាទព្រះវិហារ ពីប្រទេសថៃ ព្រមទាំង បានបង្កើត ចលនាប្រទេស មិនចូលបក្សសម្ព័ន្ធ និងជាពិសេសទៅទៀត នោះគឺព្រះអង្គបានដឹកនាំ ឲ្យមាន កិច្ចព្រមព្រៀង សន្តិភាពទីក្រុងបារីស ជាដើម។
ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះអង្គ បានយាងសោយទិវង្គត កាលពីវេលាម៉ោង១ និង២០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅក្នុងមន្ទីរពេទ្យ នាទីក្រុងប៉េកំាង នៃសាធារណរដ្ឋប្រជាមានិកចិន ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ព្រះបរមសពរបស់ ព្រះអង្គត្រូវបាន យាង មកកាន់ ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ប្រជាពលរដ្ឋ ចំនួនប្រហែល១លាន ទៅ១,២លាននាក់ បានចូលរួមដង្ហែរ ព្រះបរមសព តាំងពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ រហូតមកដល់ ព្រះបរមរាជវំាង ៕