ភ្នំពេញ៖ យោងតាមរបាយការណ៍ពីអង្គការអន្ដរជាតិខាងការងារ ហៅកាត់ថា ILO នៅព្រឹកថ្ងៃពុធនេះ បានប្រមើមើលថា នៅក្នុងឆ្នាំ២០១៦នេះ ចំនួនអ្នកគ្មានការងារធ្វើ ក្នុងសកលលោកនឹងកើនឡើង ២,៣លាននាក់ គឺរហូតដល់ ១៩៩,៤លាននាក់ បើធៀបនឹងតួលេខឆ្នាំ២០១៥ នៃអ្នកគ្មានការងារធ្វើមាន ១៩៧,១លាននាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានដែលមជ្ឈមណ្ឌលដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃ ពុធ ទី២០ ខែមករា ឆ្នាំ២០១៦ នេះឲ្យដឹងទៀតថា បើយោងតាមរាបាយការណ៍ពី ILO ដែលមានចំណងជើងថា ទស្សនវិស័យការងារ និងសង្គមពិភពលោក និន្នាការឆ្នាំ២០១៦ បានបញ្ជាក់ថា នឹងមានអ្នកគ្មានការងារធ្វើ ១,១លាននាក់ថែមទៀត ក្នុងឆ្នាំ២០១៧ បន្ថែមពីលោកចំនួនអ្នកគ្មានការងារធ្វើសរុបក្នុងពិភពលោក។
លោក Guy Ryder អគ្គនាយកអង្គការ ILO បានលើកឡើងថា “ភាពថមថយនៃកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ក្នុងប្រទេសដែលមានសេដ្ឋកិច្ចទើបរីកចម្រើនគួបផ្សំនឹងការធ្លាក់ចុះយ៉ាងគំហ៊ុកនៃតម្លៃទិញ កំពុងមានផលប៉ះពាល់យ៉ាងខ្លាំងមកលើការងារពិភពលោក”។
ដោយឡែកលោក Raymond Torres ប្រធាននាយកដ្ឋានស្រាវជ្រាវរបស់អង្គការ ILO បានពន្យល់ថា “បរិយាកាសសេដ្ឋកិច្ចគ្មានស្ថេរភាព ពាក់ព័ន្ធនឹងលំហូរមូលធនដែលមានការឡើងចុះមិនឋិតឋេរ ទីផ្សារហិរញ្ញវត្ថុ ដែលនៅមិនទាន់បំពេញមុខងារ ឲ្យបានល្អនៅឡើយ និងកង្វះខាតតម្រូវការសកលលោកទាំងមូល បន្ដមានផលប៉ះពាល់លើសហគ្រាស និងបានបន្ទុចបង្អាក់ដល់ការវិនិយោគ និងការបង្កើតការងារ”។
លោកបន្ថែមទៀតថា “លើសពីបនោះ អ្ននតាក់តែងគោលនយោបាយចំបាច់ ត្រូវផ្ដោតការយកចិត្ត បន្ថែមទៀតលើការពង្រឹងគោលនយោបាយមុខរបរ និងការងារ និងដោះស្រាយបញ្ហាវិសមភាព ដែលកំពុងកើតមានយ៉ាងលើសលុបនេះ”។
យោងតាមរបាយការណ៍ខាងលើ បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៥ អ្នកគ្មានការងារធ្វើក្នុងពិភពលោក មានចំនួនសរុប ១៩៧,១ លាននាក់ ខ្ពស់ជាងកម្រិតមុនពេលមានវិបត្តិក្នុងឆ្នាំ២០០៧ ដែលមានចំនួន ២៧លាននាក់។ ហើយប្រទេសដែលមានសេដ្ឋកិច្ចទើបនឹងរីកចម្រើន ត្រូវទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
អ្នកនិពន្ធរបាយការណ៍នេះដែរ បានមានមតិលើកឡើងថា គុណភាពការងារនៅតែជាបញ្ហាប្រឈមធំមួយ ខណៈពេលដែលអត្រាភាពក្រីក្រ មានការថយចុះ អាត្រានៃការថយចុះនូវចំនួនអ្នកធ្វើការដែលនៅមានជីវភាពក្រីក្រ ក្នុងប្រទេសកំពុងអភិវឌ្ឍមានភាពយឺតយ៉ាវ ហើយការងាររងគ្រោះ នៅមានលើសពី ៤៦ភាគរយនៃចំនួនការងារសរុបក្នុងពិភពលោកទាំងមូល ដែលមានផលប៉ះពាល់លើមនុស្សជិត ១,៥ពាន់លាននាក់៕