ភ្នំពេញ៖ លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យ កាល់ម៉ែត បានធ្វើការស្រាយបំភ្លឺ ពាក់ព័ន្ធនឹងការពិនិត្យ និងដោះស្រាយករណីយកលុយ លើសពីតម្លៃកំណត់ ក្នុងសំបុត្រផ្ញើ កង់-ម៉ូតូ នៅមន្ទីរពេទ្យកាល់ម៉ែត។
យោងតាមលិខិតមួយច្បាប់ ដែលបានបង្ហោះ នៅលើគេហទំព័រ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា ACU បានទទួលពាក្យបណ្តឹង ពាក់ព័ន្ធនឹង ករណីយកលុយ លើសពីការកំណត់។ ក្នុងនោះ ក្នុងសំបុត្រផ្ញើកង់-ម៉ូតូ នៅមន្ទីរពេទ្យកាល់ម៉ែតបានកំណត់ថា ចន្លោះពីម៉ោង៦ ព្រឹក ដល់ម៉ោង៦ល្ងាច យកតម្លៃ៥០០រៀល និងចន្លោះពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹកយក តម្លៃ ១០០០រៀល ប៉ុន្តែបែរជាបុគ្គលិក បម្រើការងារនៅកន្លែង ផ្ញើកង់-ម៉ូតូយកតម្លៃ១០០០រៀល ទាំងព្រឹក និងយប់ ទោះបីក្នុងសំបុត្រផ្ញើ កង់-ម៉ូតូ បានកំណត់យកតម្លៃ ៥០០រៀល នៅពេលព្រឹកក៏ដោយ។
ពាក់ព័ន្ធករណីនេះ លោក ឈាង រ៉ា បានបំភ្លឺថា ក្រោយពីបានទទួលលិខិតពី ACU ហើយ លោកបានប្រជុំជាបន្ទាន់ និងផ្ញើលិខិតទៅលោក ចេង វុត្ថា ប្រធានក្រុមសន្តិសុខ មន្ទីរពេទ្យ ដើម្បីពិនិត្យ និងដោះស្រាយករណីនេះ។
លោក ចេង វុត្ថា បានបំភ្លឺថា ការអនុវត្តកន្លងមក ក្រុមការងារសន្តិសុខ បានធ្វើការយ៉ាងម៉ឹងម៉ាត់ មិនឲ្យមានការយកលុយ លើសតម្លៃទេ ហើយនៅលើប័ណ្ណផ្ញើកង់-ម៉ូតូ ក៏មានបញ្ជាក់ពីតម្លៃតាមការកំណត់ របស់មន្ទីរពេទ្យផងដែរ។
លោក ចេង វុត្ថា ក៏បានទទួលយកចំណុចខ្វះខាត ដើម្បីកែលម្អ និងដាក់ពិន័យ ឬវិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះបុគ្គលិកដែលប្រព្រឹត្តខុស៕