ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ និងជាប្រធានក្រុមជនបង្គោល ប្រឆាំងអំពើពុករលួយ នៃក្រសួងមហាផ្ទៃ បានស្រាយបំភ្លឺលើបញ្ហា ពាក់ព័ន្ធករណីមន្ត្រីរាជការ ក្រសួងមហាផ្ទៃមាន ឈ្មោះទៅធ្វើការងារ ខាងក្រៅ ដោយទទួលបានប្រាក់ខែ ពីរកន្លែង ។
ការស្រាយបំភ្លឺខាងលើ ក្រោយពីមានការចោទប្រកាន់ថា មានមន្ត្រីរាជការកំពុង បម្រើការងារនៅគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ទទួលប្រាក់ខែចំនួន ៨០០ដុល្លារ និងបើកប្រាក់ខែបន្ថែម ពីក្រសួងមហាផ្ទៃចំនួន ៥២០.០០០ រៀល ។
យោងតាមឯកសារ ដែលស្រាយបំភ្លឺ របស់លោក លោក សក់ សេដ្ឋា ផ្សាយលើគេហទំព័រអង្គភាព ប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា បច្ចុប្បន្ន នៅលេខាធិការដ្ឋាន គ.ជ.អ.ប មានបុគ្គលិកសរុបចំនួន១១៩នាក់ ក្នុងនោះមន្រ្តីរាជការស៊ីវិល៤៧នាក់ ទីប្រឹក្សាចំនួន១៧នាក់ និងបុគ្គលិកកិច្ចសន្យា៥៥នាក់។ទីប្រឹក្សានិងមន្រ្តី ជាប់កិច្ចសន្យាត្រូវបានផ្តល់ ប្រាក់បៀវត្សទៅតាម មុខតំណែងនីមួយៗ ដោយថវិការបស់កម្មវិធី។
លិខិតបញ្ជាក់ថា «បើតាមរបាយការណ៍ស្វ័យប្រកាសពីអង្គភាពនីមួយៗ ផ្នែករដ្ឋបាលស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ បានរកឃើញមន្ត្រីដែលមក បំពេញការងារ មិនទៀងទាត់សរុប ១៤០នាក់ ហើយនៅតែបន្តមកបម្រើការងារមិនទៀងទាត់។ សាម៉ីខ្លួនត្រូវដាក់ពាក្យស្នើសុំស្ថិត ក្នុងភាពទំនេរគ្មានបៀវត្ស ឬសុំលាឈប់ពីការងារ ដោយទទួលប្រាក់ឧបត្ថម្ភគោលនយោបាយតែម្តងគត់»។
លិខិតបន្ថែមទៀតថា ក្នុងកិច្ចសន្យា ចំណុច ៨.២ បានបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់បុគ្គលិក ដែលមានក្របខណ្ឌជាមន្ត្រីរាជការ ត្រូវមានកាតព្វកិច្ចបំពេញបែបបទ សុំព្យួរការងារពី ក្រសួងសាម៉ីខ្លួន ករណីខកខានត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ក្នុងឆ្នាំ២០១៤ ក្នុងចំណោមមន្ត្រីកិច្ចសន្យា គ.ជ.អ.ប មានមន្ត្រីកិច្ចសន្យាចំនួន ១១នាក់ ដែលមានក្របខណ្ឌក្រសួងមហាផ្ទៃ ហើយក្នុងចំណោមមន្ត្រី ទាំង៨នាក់បានដាក់ពាក្យ សុំលាឈប់ ក្រោយចាត់ការយ៉ាងតឹងរឹងពីស្ថាប័នខាងលើ ។ នៅឆ្នាំ២០១៥ មានមន្ត្រីក្រសួងមហាផ្ទៃ តែ៣នាក់ បានទៅបម្រើការងារនៅ គ.ជ.អ.ប តែសាម៉ីខ្លួនបានបំពេញ ឯកសារសុំព្យួរការងារពី ក្រសួងមហាផ្ទៃបានត្រឹមត្រូវ ។
ទាក់ទិននឹងករណីមន្ត្រីសាលាខេត្ តនៅពេលបំពេញបេសកកម្ម ក្រៅខេត្តម្តងៗ ត្រូវទូទាត់ថ្លៃបេសកម្ម ២លើក ក្នុងការងារតែមួយ គឺទូទាត់លុយក្រៅខេត្តផង និងលុយក្នុងខេត្តផង នោះ ក៏ត្រូវបានលោក សក់ សេដ្ឋា ស្រាយបំភ្លឺជូនអង្គភាព ប្រឆាំងអំពើពុករលួយដូចគ្នា ដោយលោកបានបញ្ជាក់ថា មានតែ២ខេត្ត ពាក់ព័ន្ធករណី មិនប្រក្រតីនេះ ។ខេត្តពីរដែលពាក់ព័ន្ធករណី ខាងលើ គឺខេត្តកំពង់ឆ្នាំង មាន០៦ ករណី និង ខេត្តកំពង់ធំមាន២ករណី ។
ចំពោះករណីនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានឲ្យអង្គភាព នីមួយៗណែនាំ ទៅឲ្យមន្ត្រីទាំងនោះ ឲ្យបំពេញបែបបទ ទទួលប្រាក់បៀរវត្ស ឬប្រាក់បេសកកម្ម តែមួយកន្លែង ក្នុងករណីមិនអនុវត្ត ត្រូវចាត់ការតាមនីតិវិធី៕