កោះកុង៖ លោក ស៊ុន ឃៀម អធិការនគរបាលស្រុកកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង១១៖៣៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នេះថា ក្រោយពីទទួលព័ត៌មាន ពីលោកស្នងការ បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ឲ្យការសហការណ៍ ជាមួយសមត្ថកិច្ច ស្រុកស្ទឹងហាវ តាមប្រមាញ់ក្រុមចោរប្លន់ ដែលប្លន់នៅស្រុកស្ទឹងហាវ ហើយរត់មកជ្រកោណនៅខេត្តកោះកុង ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរ ទៅលើរថយន្តឈ្នួល ពីខេត្តព្រះសីហនុ មកកោះកុង ក៏ប្រទះឃើញមុខសញ្ញា រួចឃាត់ខ្លួនបាន។
បើតាមលោក ស៊ុន ឃៀម អធិការនគរបាលស្រុកកោះកុង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ធូន ភារម្យ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិស្ទឹងហាវ សង្កាត់ទំបន់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ។ លោកបន្តថា ក្រោយពីធ្វើការសាកសួរ និងធ្វើរបាយការណ៍ រួចរាល់ហើយ ជនសង្ស័យនឹងត្រូវប្រគល់ ទៅឲ្យលោក ចាន ភារម្យ អធិការរង ផ្នែកព្រហ្មទណ្ឌស្រុកស្ទឹងហាវ ដើម្បីចាត់ទៅតាមផ្លូវច្បាប់៕