Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពាណិជ្ជកម្ម និង វិនិយោគ ជារបៀបវារៈសំខាន់ សម្រាប់ដំណើរ ទស្សនកិច្ច ចន ឃើរី នៅកម្ពុជា

$
0
0

ភ្នំពេញ៖ នៅវេលាម៉ោង ៣រសៀល ថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០១៦នេះ លោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក អមដោយមន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេស ដែលធ្វើដំណើរ តាមយន្តហោះពិសេស របស់សហរដ្ឋអាមេរិក នឹងចុះចតនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដើម្បីបំពេញដំណើរ ទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី ២៥-២៦ ខែ មករា ឆ្នាំ២០១៦។

នៅក្នុងដំណើរបំពេញបេសកម្មដ៏មានអត្ថន័យជា្រលជ្រៅ និងជាការបើកនូវទំព័រប្រវត្តិសាស្រ្តថ្មី នៃការចាប់ផ្តើមកសាងទំនាក់ទំនង កំរិតការទូតខ្ពស់ជាមួយ រាជរដ្ឋាភិបាលភ្នំពេញ របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានអ្នកវិភាគ និងអ្នកការទូតនានា លើកឡើងថា ដំណើរទស្សនកិច្ចរបស់ លោក ចន ឃើរី  រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក នាពេលនេះ ផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគមកកាន់កម្ពុជា។ រីឯបញ្ហាសិទ្ធិមនុស្សមិនមែន ជាប្រធានបទសំខាន់ សំរាប់លោក ចន ឃើរី យកមកពិភាក្សាជាមួយបុរសខ្លាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០០៩ លោក បារ៉ាក់ អូបាមា ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលទើបតែចូលកាន់ដំណែងបាន៦ខែ នាពេលនោះ បានចុះហត្ថលេខាលើក្រឹត្យច្បាប់ដកប្រទេសកម្ពុជា និងឡាវ ចេញពីបញ្ជីខ្មៅ និងពីប្លុកប្រទេសកុមុយនីស្ត ដោយបើកផ្លូវអនុញ្ញាតឲ្យអ្នកវិនិយោគ សហរដ្ឋអាមេរិកមក បណ្តាក់ទុនវិនិយោគឡើងវិញ ជាមួយកម្ពុជា និងប្រទេសឡាវ។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនវិនិយោគរបស់ សហរដ្ឋអាមេរិកមួយចំនួន បានមករកស៊ីទទួលទាន នៅប្រទេសកម្ពុជារួចជាស្រេចហើយ។

សហរដ្ឋអាមេរិកត្រូវបានអ្នកវិភាគមើលឃើញថា កន្លងមកហាក់ដូចជាមានទំនោរគាំទ្រគណបក្សប្រឆាំងនៅកម្ពុជាជាចំហរ តាមរយៈនៃការលើកឡើងបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការបញ្ចេញមតិជាដើម។ ជាពិសេសនៅឆ្នាំ២០១៣ បើទោះបីជាសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនអព្យាក្រឹត្យចំពោះបក្សនយោបាយ ទាំងអស់នៅកម្ពុជា យ៉ាងណាក៏ដោយប៉ុន្តែឆ្លងតាមអតីតឯកអគ្គរាជរដ្ឋទូត ដែលទើបតែបញ្ចប់បេសកកម្មជាអ្នកការទូត បានគាំទ្របក្សប្រឆាំងចំហរដោយចេញមុខ ហើយមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និង លោក កឹម សុខា តែងតែចូលជួបលោកអតីតឯកអគ្គរដ្ឋទូតនៅស្ថានទូត មុនពេលមកជួបជាមួយសកម្មជន ដែលប្រមូលផ្តុំមកធ្វើ បាតុកម្ម នៅទីលានប្រជាធិបតេយ្យ។ មេដឹកនាំបក្សប្រឆាំងតែងតែបានឃោសនាថា សហរដ្ឋអាមេរិកជួយយើង។

ទីបំផុតសកម្មភាពទាំងអស់នេះ បានបញ្ចប់នៅត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅវិមានរដ្ឋចំការមនតាមរយៈគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ យល់ព្រមបិទបញ្ចប់បញ្ហាមិនយល់គ្នាក្រោយការបោះឆ្នោតបន្ទាប់ពីគណបក្សសង្រ្គោះជាតិ ស្ម័គ្រចិត្តទទួលយកដំណែងទី១រដ្ឋសភា និងដំណែងប្រធានគណៈកម្មាការ ចំនួន៥នៅរដ្ឋសភា និងការបែងចែកស្មើគ្នានូវចំនួនសមាជិកគ.ជ.បនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលភាគីទាំងពីរ បានឯកភាពគ្នា នៅក្នុងការកែទម្រង់។ ដោយមើលឃើញពីសក្តានុពលនិងប្រៀបខាងនយោបាយខ្លាំងនៅប្រទេសកម្ពុជា ដែលមិនអាចខ្វះបាននូវវត្តមានរបស់បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងស្របពេលដែលសហរដ្ឋអាមេរិកកំពុងតែធ្វើដំណើរមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដូច្នេះសហរដ្ឋអាមេរិក មិនអាចជៀសផុតបាននោះ ទើបព្រមទទួលស្គាល់ពីឥទ្ធិពលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ហើយសុខចិត្តយល់ព្រមចាប់ដៃធ្វើ ជាដៃគូសន្ទនាសម្រាប់ សហរដ្ឋអាមេរិកទាំង ក្នុងក្របខណ្ឌទ្វេភាគី និងតំបន់ជាពិសេសការ ធ្វើឲ្យមានភាពស្មើមុខស្មើមាត់ ជាមួយមហាអំណាចទី២ ទាំងសេដ្ឋកិច្ច និងយោធានៅលើពិភពលោក គឺប្រទេសចិន ដែលកំពុងមានតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់អាស៊ាន នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានចូលរួម ជួយប្រយុទ្ធប្រឆាំងភេរវកម្មជាអន្តរជាតិ ដែលដឹកនាំដោយ សហរដ្ឋអាមេរិក ឆ្នាំ២០០១ មកដោយរួមទាំងផ្តល់ដែន អាកាសសម្រាប់ សហរដ្ឋអាមេរិក ប្រើប្រាស់ផងដែរ ហើយចាប់តាំងពីពេលនោះ រហូតមកដល់ពេលនេះ គ្មានផលប្រយោជន៍របស់ សហរដ្ឋអាមេរិក និងប្រទេសជាមិត្ តដទៃទៀត ត្រូវបានរងការខូចខាត នៅក្នុងប្រទេសកម្ពុជា នោះឡើយ បើប្រៀបធៀប ជាមួយប្រទេសដទៃទៀត ។ 

ប្រទេសកម្ពុជាបានមាន សុខសន្តិភាពចាប់តាំង ពីការបញ្ចប់តំបន់ អប្បគមន៍របស់ឧទ្ទាមខ្មែរក្រហម ក្រោមថ្វីដៃនយោបាយ ដ៏មានឥទ្ធិពលនៃ បុរសខ្លាំង ហ៊ុន សែន ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩៨ ដែលពេលនេះ កម្ពុជាមានរដ្ឋធម្មនុញ្ញតែមួយ មានព្រះមហាក្សត្រគ្រង រាជ្យសម្បត្តិជានិមិត្តរូប នៃការបង្រួបបង្រួមជាតិ សន្តិភាពជាតិ និងការអភិវឌ្ឍន៍ ដែលរហូតមកដល់ ពេលនេះកម្ពុជាបានធ្វើឲ្យភាពក្រីក្រ ធ្លាក់មកនៅត្រឹម ១៣,៥ ភាគរយតែប៉ុណ្ណោះ។

ដូច្នេះអ្នកវិភាគបានសន្និដ្ឋាន ទុកជាមុនថា ឥស្សរជនខ្មែរដែលកសាង ទំនាក់ទំនងឲ្យស៊ីជម្រៅ ជាមួយសហរដ្ឋអាមេរិក ក្នុងសតវត្សទី២១  គឺសម្តេចតជោ ហ៊ុន សែន ខណៈដែលសម្តេច ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ បានមានទំនាក់ទំនងស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ជាមួយប្រទេសចិន ចាប់តាំងពីអំឡុង ខែមេសា ឆ្នាំ១៩៤៥ នៅក្នុងឱកាសជំនួប បណ្តាប្រទេសអាស៊ី និងអាហ្វ្រិកនាទីក្រុងបានឌុងប្រទេសឥណ្ឌូនេស៊ី ដែលពេលនោះ ព្រះអង្គផ្ទាល់បានជួបជាមួយ លោក ជូអេនឡាយ អតីតនាយករដ្ឋមន្រ្តីនៃប្រទេសចិន។

បច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន  គឺជាអ្នកបន្តវេនដ៏ត្រឹមត្រូវពីអតីត ព្រះមហាក្សត្រ ហើយដែលគេមើលឃើញថា ប្រទេសចិនបានផ្តល់ជំនួយ និងឥណទានជាច្រើន សម្រាប់កសាងប្រទេសកម្ពុជា ឡើងវិញ។

ខុសពីដំណើរទស្សនកិច្ចរបស់លោកស្រី ហ៊ីលឡារី ក្លីនតុន អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកកាលពីខែវិច្ឆិកា ឆ្នាំ២០១១ ដែលនៅពេលនោះ លោកស្រី ហាក់បីដូចជាការរិះគន់ រដ្ឋាភិបាលភ្នំពេញថា ងាកទៅរកចិន និងទទួលជំនួយចិនច្រើនជាងអ្នកដទៃ ក្នុងនោះ លោកស្រីបានសុំឲ្យកម្ពុជា កុំពឹងផ្អែកតែលើប្រទេសចិន មួយហ្នឹងពេក។ មានសេចក្តីរាយការណ៍ មិនផ្លូវការខ្លះៗលើកឡើងថា លោក ចន ឃើរី នឹងអនុញ្ញាតឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចូលជួបសម្តែងការគួរសម ក្នុងពេលលោកបំពេញទស្សនកិច្ ចនៅកម្ពុជានាពេលនេះ ខណៈដែលមន្រ្តីសង្គមស៊ីវិល មួយចំនួនត្រូវបានលោក អនុញ្ញាតឲ្យចូលជួបសម្តែង ការគួរសម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីសប្តាហ៍កន្លងទៅបានឲ្យដឹងថា នៅក្នុងដំណើទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ពីថ្ងៃ២៥-២៦ ខែមករា ឆ្នាំ២០១៦ លោក ចន ឃើរី នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ សម្តេចព្រះបាទបរមនាថ នរោត្តម សីហមុនី និងធ្វើព្រះរាជសវនាការជាមួយព្រះអង្គ បន្ទាប់មកលោកនឹងជួបសម្តែងការគួរសម និងពិភាក្សាអំពីបញ្ហានយោបាយ សេដ្ឋកិច្ច វិនិយោគ ជាមួយនឹងដៃគូសន្ទនា គឺសម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព ក្រោយពីជួបសវនាការជាមួយលោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសម្ពុជា។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ចន ឃើរីអាច នឹងជួបសវនាការជាមួយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ។

លោកបន្តថា “កម្ពុជាអនុវត្តនូវរបបអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធជាអចិន្រ្តៃយ៍ គឺថាប្រទេសណាក៏ជាមិត្តវរបស់យើងដែរ ជាពិសេសសហរដ្ឋអាមេរិក ចិន រុស្ស៊ី សុទ្ធតែជាមហាអំណាចគឺជាមិត្តភ័ក្តរបស់យើងទាំងអស់ ។ យើងអត់មានប្រកាន់និន្នាការនយោបាយទេ គឺថាឲ្យជំនួយពីណាមកជួយ ក្នុងការកសាងអភិវឌ្ឍ ប្រទេសយើងស្វាគមន៍ទាំងអស់”។

ដោយឡែកមន្រ្តីគណបក្សប្រឆាំង និងអ្នកវិភាគនយោបាយ នានានៅកម្ពុជាមិនអាចសុំអធិ ប្បាយបានទេ ទាក់ទងទៅនឹងដំណើរទស្សនកិច្ចនេះ បើទោះបីជាព្យាយាមទាក់ទង តាមទូរស័ព្ទច្រើនលើកច្រើនសារក្តី។

ទន្ទឹមនោះផងដែរ សកម្មជនសិទ្ធិមនុស្សនៅកម្ពុជា ក៏បានថ្លែងសង្កត់សុំឲ្យលោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លើកឡើងពីបញ្ហាសិទ្ធិមនុស្ស បញ្ហារំលោភដីធ្លី ទៅកាន់រាជរដ្ឋាភិបាលភ្នំពេញផងដែរ។

លើសពីនេះទៅទៀត ក៏មានការស្នើសុំឲ្យលោក ចន ឃើរី ជួយអន្តរាគមន៍ឲ្យសកម្មជនគណបក្សនយោបាយសង្រ្គោះជាតិ១៥រូប មានសេរីភាពឡើងវិញផងដែរ ខណៈពួកគេកំពុងជាប់ពន្ធនាគារព្រៃស ក្នុងនោះ ភរិយា លោក មាជ សុវណ្ណារ៉ា ក៏បានស្នើសុំអន្តរាគមន៍ លោក ចន ឃើរី ដែលស្វាមីរបស់អ្នកស្រី មានសញ្ជាតិជាពលរដ្ឋអាមេរិកាំងផងដែរនោះ បាននៅក្រៅឃុំជាបណ្តោះអាសន្ន។

យោងតាមប្រភពព័ត៌មាន នានាបានឲ្យដឹងថា ការស្នើសុំលើកនេះ ទំនងជាមិនទទួលបានលទ្ធផលទេ ព្រោះថា ដំណើរទស្សនកិច្ចរបស់លោក ចន ឃើរី ផ្តោតសំខាន់ទៅលើការពង្រីកទំនាក់ទំនងការទូត សេដ្ឋកិច្ច នយោបាយ ជាមួយរាជរដ្ឋាភិបាលក្រុងភ្នំពេញ របស់សម្តេចតេជោ ហ៊ុន សែន ច្រើនជាង។
អ្នកវិភាគបាននិយាយថា ទស្សនកិច្ចរបស់លោក ចន ឃើរី នាពេលនេះ បង្ហាញនូវភាពស្និតស្នាលរវាងរាជរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឲ្យកាន់តែស៊ីជម្រៅថែមទៀត ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នឹងជួបជាមួយ លោក បារ៉ាក់ អូបាមាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក នៅខែកុម្ភៈខាងមុខនេះ។

មួយរយៈពេលកន្លងទៅនេះ ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានក្លាយទៅជារឿង គួរឲ្យចាប់ អារម្មណ៍ មួយ ដោយហេតុថា សហរដ្ឋអាមេរិក កាន់តែយកចិត្តទុកដាក់ចំពោះស្ថានការណ៍នយោបាយ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ប្រទេសកម្ពុជា។ ជាក់ស្តែងថ្មីៗនេះ សមាជិកសភាអាមេរិកមួយក្រុម បានសម្តែង ការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ការដែលសហរដ្ឋអាមេរិក យកចិត្តទុកដាក់ ចំពោះ ស្ថានភាពនយោបាយ និងសេដ្ឋកិច្ច នៅកម្ពុជា គឺជាបញ្ហាដ៏សំខាន់មួយ ព្រោះអាមេរិកបានផ្តល់ជំនួយយោធា និងជំនួយអភិវឌ្ឍន៍យ៉ាងច្រើន សម្រាប់ កម្ពុជាផងដែរ។ ទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា គឺជាកត្តាសំខាន់បំផុត ដើម្បីធ្វើឲ្យកម្ពុជា កាន់តែមានការរីកចម្រើន លើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ និងប្រឆាំងអំពើភេរវកម្មជាដើម។

នេះជាបញ្ហា មួយដែលអាចធ្វើឲ្យកម្ពុជាបោះជំហានទៅមុខយ៉ាងលឿនផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ហើយស្ថិរភាពនយោបាយ និងសន្តិសុខសង្គមកាន់តែប្រសើរ។
 អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍អបអរសាទ ទិវាជ័យជំនះ ៧មករា ១៩៧៩-២០១៦ ថាជាជ័យជម្នះលើពួកខ្មែរក្រហម គឺជាជ័យជម្នះរបស់ប្រជាជនកម្ពុជា ទាំងអស់ ។ យោងតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) នៅថ្ងៃទី៧ មករា ឆ្នាំ២០១៦ ស្ថានទូតអាមេរិក បានកត់សម្គាល់ថា “ជ័យជម្នះរបស់ប្រទេសកម្ពុជានៅថ្ងៃ៧មករា កត់សម្គាល់ការរំដោះទីក្រុងភ្នំពេញ ពីរបបខ្មែរ ក្រហម ដែលជារបបមួយត្រូវគេ មើលឃើញច្បាស់ថា ស្ថិតក្នុងចំណោមរបបដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រ។ ជ័យជម្នះលើពួកខ្មែរក្រហម គឺជាជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងអស់”។ សេចក្តីថ្លែងការណ៍របស់ស្ថាន ទូតអាមេរិកបែបនេះ គឺជាលើកទី១ហើយ ដែលសហរដ្ឋអាមេរិកបង្ហាញជំហរគាំទ្រថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃផ្តួលរំលំរបប ប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត ។ កន្លងមក សហរដ្ឋអាមេរិកមិន ដែលមាន ចំណាប់ អារម្មណ៍ចំពោះទិវាជ័យជម្នះ ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរនោះទេ។

នៅពេលដែលមើលឃើញការពិតបែបនេះ សហរដ្ឋអាមេរិកអាចផ្តល់ជំនួយ សម្រាប់កម្ពុជាកាន់ តែច្រើនឡើងៗ ទាំងវិស័យយោធា សុខាភិបាល អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើម។ ជាពិសេសតាមរយៈដៃគូសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិក អាចជួយឲ្យ ប្រជាពលរដ្ឋកម្ពុជា មានជីវភាពធូរធារ និងមានកម្រិតយល់ដឹងកាន់តែខ្ពស់ថែមទៀតជាមិនខាន។

សូមបញ្ជាក់ថា ជំនួយយោធាសហរដ្ឋអាមេរិកបានព្យួរចាប់តាំងពីឆ្នាំ២០០៩ ដោយពេលនោះ អាមេរិកបានខឹងសម្បាររាជរដ្ឋាភិបាលភ្នំពេញ ដែលបានចាត់បញ្ជូន ជនជាតិអ៊ួយហ្គ័រត្រឡប់ ទៅឲ្យអាជ្ញាធរចិនវិញ ដោយបានចាត់ទុកពួកគេជាជនឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជា។ ជាការទះកំផ្លៀង សហរដ្ឋអាម៉េរិក លោក ហ៊ូ ចិនតាវ អតីតប្រធានាធិបតីចិន និងជាអគ្គមេបញ្ជាកំពូលកងទ័ពរំដោះប្រជាជនចិនបានផ្តល់រថយន្ត២៧០គ្រឿង មកឲ្យកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។
គួរបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០០៩ សហរដ្ឋអាមេរិកបានមានផែនការផ្តល់ជំនួយយោធាជាសំភារៈរថយន្តម៉ាក់ GMC ចំនួន២៧០គ្រឿង មកឲ្យកងយោធនពល ខេមរភូមិន្ទកម្ពុជា។

អ្នកតាមដានស្ថានភាពនយោបាយ និងបញ្ហាសង្គមក្នុងប្រទេសកម្ពុជា បានលើកឡើងថា មួយរយៈពេលចុង ក្រោយនេះ សមាជិកសភាអាមេរិក មន្ត្រីរដ្ឋាភិបាលអាមេរិក និងស្ថានទូតអាមេរិកប្រចាំកម្ពុជា បានយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះស្ថានភាពនយោបាយនៅកម្ពុជា។ ក្នុងនោះ សេចក្តីថ្លែងការណ៍របស់ស្ថានទូត អាមេរិកកាលពីថ្ងៃទី៧មករា ឆ្នាំ២០១៦ បានបង្ហាញថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក កាន់តែមានភាព រឹងមាំ និងបោះជំហានទៅមុខយ៉ាងរលូន ដូច្នេះកិច្ចសហប្រតិបត្តិការកាន់តែមានភាពល្អប្រសើរជាមិនខាន។ នៅពេលដែលទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ អាចជួយឲ្យស្ថិរភាព នយោបាយកាន់តែរឹងមាំ សេដ្ឋកិច្ច ពាណិជ្ជកម្មកាន់តែរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា។ លើសនេះទៅទៀតទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក អាចធ្វើលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែប្រសើរជាងមុនទៅទៀត។

អ្នកវិភាគនយោបាយនៅកម្ពុជា បាននិយាយថា គេរំពឹងទុកថា  សហរដ្ឋអាមេរិក ដែលកំពុងតែងាកមក កាន់តំបន់អាស៊ីប៉ាស៊ីហ្វិកវិញនេះ នឹងបង្កើនចំណង ទាក់ទងស៊ីជម្រៅ ជាមួយកម្ពុជា ហើយគេក៏បានប្រមើល ទុកជាមុនថា អនាគតទៅមុខ ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ដ្រីកម្ពុជា នឹងមាន ការផ្លាស់ប្ដូរ ដំណើរទស្សនកិច្ច ត្រង់ទៅត្រង់មក រវាងសេតវិមាន និងវិមានសន្ដិភាពភ្នំពេញ ដែលនាយក រដ្ឋមន្ដ្រីកម្ពុជា ត្រូវបានគេរំពឹងថា នៅតែជាបុរសខ្លាំងដដែលនោះ គឺសម្ដេចតេជោ ហ៊ុន សែន ដែលនឹងបន្ដ កាន់អំណាចនៅក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨ ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) នៅក្នុងជំនួបជាមួយលោក រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦កន្លងទៅ លោក William A. Heidt បានលើកឡើងថា សហរដ្ឋអាម៉េរិក នឹងខិតខំបន្តពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់ទិសវិស័យ នៃកិច្ចសហប្រតិបត្តិការ របស់អាម៉េរិក ទៅនឹងយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិរបស់កម្ពុជា ជាពិសេសគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម សំដៅលើកកម្ពស់ការធ្វើ ពិធិធកម្មសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ។

នៅក្នុងជំនួបពិភាក្សានោះដែរ ភាគីទាំងពីរ កម្ពុជា-អាម៉េរិក បានពិភាក្សាយកចិត្តទុក ដាក់បន្ថែមទៅលើការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ ការវិនិយោគរវាង ប្រទេសទាំងពីរដែល អាចធានាបាននូវ គុណប្រយោជន៍យ៉ាងច្រើនរវាងប្រទេស និងប្រជាជនទាំងពីរ ហើយកម្ពុជា ក៏បានស្នើឲ្យសហរដ្ឋអាម៉េរិក ជួយជំរុញអ្នកវិនិយោគិន អាម៉េរិក ឲ្យមកបណ្តាក់ទុននៅកម្ពុជា ហើយកម្ពុជា នឹងជួយសម្រួលដល់បរិយាកាស វិនិយោគអ្នកវិនិយោគិនទាំងអស់  ដែលនឹងគ្រោងមកបណ្តាក់ទុន នៅកម្ពុជានាពេលអនាគត។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាម៉េរិក តាមរយៈទីភ្នាក់ងារ សហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID) បានជួយដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងទឹកប្រាក់ដែលបានផ្តល់ និងសន្យាមាន ចំនួនប្រមាណ ១,០៦លានពាន់ដុល្លារអាម៉េរិក  ដែលជាហិរញ្ញប្បទាន ឥតសំណង និងផ្តោតជាសំខាន់ លើវិស័យសុខាភិបាល អប់រំ អភិវឌ្ឍន៍ធនធានមនុស្ស កសិកម្ម វិស័យកាត់ដេរ និងអភិបាលកិច្ចល្អ ប្រជាធិបតេយ្យជាដើម៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>