ភ្នំពេញ៖ កសិណអង្គរធំ និងអង្គរតូច នឹងមានទឹកពេញឡើងវិញ ក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានបញ្ចាល់ទឹកស្ទឹងសៀមរាប ត្រង់ទំនប់បារាំង ដើម្បីបញ្ចូលទឹក ទៅក្នុងកសិណអង្គរធំនិងអង្គរតូច។ ការបញ្ចូលទឹកនេះ អាចនឹងប្រើរយៈពេលប្រហែល ១០ថ្ងៃទើបពេញកសិណទាំងពីរ។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះថា ក្រុមការងារបានបង្ហូរទឹក ចូលទៅក្នុងកសិណទាំងនេះ រយៈពេលពីរថ្ងៃកន្លងមកហើយ។ ការរៀបចំបង្ហូរនៅពេលនេះ ធ្វើឡើងក្រោយពីក្រុមការងារ បានបើកស្ទឹងសៀមរាបរយៈពេលជាង២ខែ បញ្ជូនទឹកទៅផ្នែកខាងក្រោម ដើម្បីប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ ប្រើប្រាស់ស្រោចស្រពដំណាំ និងស្រែចម្ការរបស់គាត់ តាមសំណើរបស់មន្ទីរធនធានទឹក និងឧតុនិយម។
លោកបានមានប្រសាសន៍បន្តថា “ដោយពិនិត្យឃើញ ពីកម្ពស់ទឹកនៅភ្នំគូលែនកាន់តែតិច ទើបយើងប្រញាប់ប្រញាល់ ប្រមូលទឹកបញ្ចូលទៅក្នុង កសិណអង្គរឲ្យហើយ ព្រោះបើទុករយៈពេលយូរជាងនេះ ទឹកនឹងហូរធ្លាក់ទៅទន្លេសាបអស់ ហើយយើងមិនអាចបញ្ចាល់ទឹក ឲ្យខ្ពស់បង្ហូរចូលកសិណបានឡើយ”។
លោកបន្ថែមទៀតថា ទឹកដែលស្ថិតនៅក្នុងកសិណនីមួយៗនេះ មានតួនាទីសំខាន់ខ្លាំងណាស់ សម្រាប់ថែរក្សារចនាសម្ព័ន្ធប្រាសាទ និងប្រព័ន្ធទឹកក្រោមដី ព្រោះប្រាសាទ និងរចនាសម្ព័ន្ធសុទ្ធតែមានគ្រឹះជាដីខ្សាច់ ដែលទាមទារសំណើមជាប្រចាំ។ ចំពោះកសិណអង្គរធំ ក្រៅពីទ្រទ្រង់រចនាសម្ព័ន្ធប្រាសាទ ទឹកនេះក៏ត្រូវបានបើប្រាស់ សម្រាប់ប្រជាពលរដ្ឋស្រោចស្រពស្រែដំណាំ នៅសង្កាត់គោកចកមួយចំនួនផងដែរ។
គួររំឭកថា អាងដ៏ធំនៃកសិណអង្គរធំអាច ផ្ទុកទឹកជិត២លានម៉ែត្រគូប វាជាកសិណទឹកដែលមានប្រវែង១២គីឡូម៉ែត្រ ព័ទ្ធជុំវិញក្រុងអង្គរធំ។ កាលពីពេលថ្មីៗនេះ មានតែកសិណទឹកផ្នែកខាងត្បូងឈៀងខាងលិច ប្រមាណ៣០០ម៉ែត្រប៉ុណ្ណោះ ដែលមានទឹក ខណៈដែលផ្នែកខាងត្បូង ឈៀងខាងកើតនៃកសិណ គ្មានទឹកទៀតឡើយនៅរដូវវស្សា។ បន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងទឹក បានជួសជុលកាលពីឆ្នាំ២០១០មក កំណាត់នៃកសិណ ខាងត្បូងឈៀងខាងកើតប្រវែង៣០០ម៉ែត្រ មានទឹកពេញជាប់ជាប្រចាំរាល់ឆ្នាំ ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។
ដោយឡែក កសិណអង្គរតូច ដែលមានសមត្ថភាព អាចផ្ទុកទឹកបានជាង១លានម៉ែត្រគូប កាលពីមុនឆ្នាំ២០១០ ប្រព័ន្ធបង្ហូរទឹក គឺប្រើប្រឡាយមួយ ដែលគេកសាងឡើងនៅចន្លោះកសិណទឹក របស់ក្រុងអង្គរធំខាងត្បូងឈៀងខាងលិច រហូតដល់ត្រពាំងសេះ ឆ្លងកាត់ខាងក្រោយកន្លែងបង្ហោះបាល់ឡុង (Balloon) ក្នុងសម័យថ្មីនេះ។ បច្ចុប្បន្ន នាយកដ្ឋានគ្រប់គ្រងទឹក បានស្តារ ប្រព័ន្ធបុរាណឡើងវិញ ដោយភ្ជាប់កសិណទឹក របស់ក្រុងអង្គរធំផ្នែកខាងត្បូងឈៀងខាងកើត ទៅកសិណទឹកអង្គរវត្តផ្នែកខាងជើងឈៀងខាងលិចផ្ទាល់ ដោយឆ្លងកាត់កសិណទឹករបស់ភ្នំបាខែង និងអូរសំពៅលូន។ ប្រព័ន្ធនេះបានធ្វើឲ្យ កម្រិតទឹកក្នុងកសិណអង្គរវត្តកើន បានកម្ពស់១ម៉ែត្រ បើប្រៀបធៀបទៅនឹងកម្រិតទឹក របស់វានៅពេលមុន៕