Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ភាគីពាក់ព័ន្ធ គាំទ្រឲ្យ អាមេរិក លើកលែងពន្ធ នាំចូលទំនិញ គ្រប់ប្រភេទ ពីកម្ពុជា

$
0
0

ភ្នំពេញ៖ ភាគីពាក់ព័ន្ធ នឹងការនាំចេញទំនិញ ទៅក្រៅប្រទេស បានសម្តែងការគាំទ្រ យ៉ាងពេញទំហឹងឲ្យសហរដ្ឋអាមេរិកលើកលែងពន្ធ នាំចូលទំនិញគ្រប់ប្រភេទ ពីកម្ពុជា តបតាមការស្នើរបស់ សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីកម្ពុជា។

ខណៈការលើកលែងពន្ធនេះ នឹងអាចជួយឲ្យកម្ពុជា មានលទ្ធភាពក្នុងការប្រកួត ប្រជែងនៅលើទីផ្សារអន្តរជាតិ ពិសេសធ្វើឲ្យការនាំចេញពីកម្ពុជា មានការកើនឡើង និងអាចទាក់ទាញក្រុមអ្នក វិនិយោគកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។

លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះថា ប្រសិនបើសហរដ្ឋអាមេរិក ពិចារណាក្នុងការលើកលែង ពន្ធនាំចូលទំនិញគ្រប់ប្រភេទពីកម្ពុជានោះ នឹងធ្វើឲ្យកម្ពុជា មានភាពងាយស្រួល ក្នុងការនាំទំនិញចេញ។ពិសេស នឹងជួយជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាកាន់តែល្អ ប្រសើរជាងមុន។

លោកបន្តថា “ខ្ញុំគាំទ្រចំពោះសម្តេចតេជោ ដែលបានស្នើសុំអាមេរិក លើកលែងពន្ធ នាំចូលទំនិញគ្រប់ប្រភេទពីកម្ពុជា ព្រោះវានឹងធ្វើឲ្យការនាំចេញរបស់កម្ពុជា មានការកើនឡើង តែយ៉ាងណាក៏ដោយ ការនាំទំនិញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនេះ បញ្ហាដែលសំខាន់មួយទៀតនោះ គឺរបាំងពាណិជ្ជកម្ម មិនមែនពន្ធគយ ដែលធ្វើឲ្យកម្ពុជាមានការលំបាកក្នុងការនាំចូល”។

ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសមាគម រោងចក្រកាត់ដេរនៅកម្ពុជា បានថ្លែងថា បច្ចុប្បន្ន ការនាំចេញផលិតផលសម្លៀក បំពាក់ពីកម្ពុជាទៅកាន់ អាមេរិកគឺមានអត្រាខ្ពស់ ដូច្នេះប្រសិនបើអាមេរិក ពិចារណាលើកលែងពន្ធ នាំចូលទំនិញគ្រប់ប្រភេទពីកម្ពុជា តាមការស្នើរបស់សម្តេចតេជោនោះ នឹងអាចជួយឲ្យកម្ពុជា មានលទ្ធភាពក្នុងការប្រកួត ប្រជែងនៅលើទីផ្សារអន្តរជាតិ ពិសេសធ្វើឲ្យការនាំចេញទំនិញពីកម្ពុជាមានការកើនឡើង ហើយមួយទៀតនឹងអាច ទាក់ទាញក្រុមអ្នកវិនិយោគ កាន់តែច្រើន មកបណ្តាក់ទុននៅកម្ពុជា។

លោកបន្តថា ”ឥឡូវនេះការនាំចេញ សម្លៀកបំពាក់ពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក គឺនៅជាប់ពន្ធ ប៉ុន្តែពន្ធនោះ ក៏មានការអនុគ្រោះ ដែលបង់ប្រហែលពី ១៥ទៅ១៦ភាគរយ។បើតាមខ្ញុំដឹង ក្នុងមួយឆ្នាំកម្ពុជា បង់ពន្ធនាំចូលទៅកាន់ទីផ្សាអាមេរិកចំនួនពី ៧រយលានទៅ៨រយលានដុល្លារ ដូច្នោះបើសហរដ្ឋអាមេរិក លើកលែងពន្ធទាំងស្រុងដល់កម្ពុជា នោះគឺជារឿងល្អប្រសើរបំផុត ព្រោះរាល់ថ្ងៃនេះ មានប្រទេសមួយចំនួន ត្រូវបានគេលើកលែងពន្ធ ដែលធ្វើឲ្យកម្ពុជា ពិបាកក្នុងការប្រកួតប្រជែង”។

ជាមួយគ្នានេះលោក សោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្ពុជា បានលើកឡើងដែរថា បច្ចុប្បន្ននៅកម្ពុជា បន្ទាប់ពីបានតម្លើងប្រាក់ខែ ជូនដល់កម្មករ-កម្មការិនី រួចមកគឺវិស័យកាត់ដេរហាក់ មានភាពលំបាក ក្នុងការប្រកួតប្រជែងជាមួយ បណ្តាប្រទេសជិតខាង ពិសេសប្រទេសវៀតណាម ដែលទើបទទួលបាន ការលើកលែង ពន្ធនាំចូលទៅសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដូចនេះ ធ្វើឲ្យកម្ពុជាមាន បញ្ហាប្រឈមជាច្រើន។

លោកថា គ្រាន់តែឆ្នាំ២០១៥ រោងចក្រកាត់ដេរជាង១៥០ ត្រូវបានសម្រេចបិទទ្វារ ហើយក្នុងឆ្នាំ២០១៦នេះ ក៏នឹងអាចមានរោងចក្រមួយចំនួន បិទទ្វារជាបន្តបន្ទាប់ផងដែរ។

លោក សោម អូនបន្តថា “ដូច្នោះខ្ញុំគិតថា អ្វីដែលសម្តេចតេជោ បានស្នើសុំ ឲ្យអាមេរិកលើកលែងពន្ធ នាំចូលទំនិញគ្រប់ប្រភេទពីកម្ពុជា គឺពិតជាសំខាន់សម្រាប់វិស័យ កាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ដែលអាចធ្វើឲ្យវិស័យនេះ មានដំណើរការទៅមុខដោយរលូន ហើយនឹងអាចទាក់ទាញអ្នក វិនិយោគចូលមករកស៊ីនៅ កម្ពុជាថែមទៀត ដែលអាចជួយបង្កើន ការងារជូនប្រជាពល រដ្ឋខ្មែរបានកាន់តែច្រើន”។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបាននាំចេញទំនិញជាច្រើន ទៅកាន់សហគមន៍អឺរ៉ុប ដោយមិនមានការបង់ពន្ធអ្វីទាំងអស់ ក្រៅពីសហគមន៍អឺរ៉ុប ក៏មានប្រទេសជា ច្រើនទៀត បានលើកលែងពន្ធនាំចូលទំនិញពីកម្ពុជាផងដែរ ដូចជា កាណាដា ជប៉ុន ចិន កូរ៉េខាងត្បូង អូស្រា្តលីជាដើម។ដោយឡែកសហរដ្ឋអាមេរិកវិញ បច្ចុប្បន្ននៅ តែបន្តយកពន្ធនាំចូលទំនិញពីកម្ពុជា តាមរយៈអត្រា MSN ដែលមានលក្ខណៈបន្ធូរបន្ថយ ប៉ុន្តែយ៉ាងណាក៏ដោយចំពោះបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងជាខ្លាំងក្នុងការ ជំរុញក៏ដូចជាស្នើសុំទៅកាន់សហរដ្ឋ អាមេរិកឲ្យលើកលែងពន្ធ ដល់កម្ពុជាផងដែរ  តាមរយៈរបស់លោក ចន ឃើរី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក មកបំពេញទស្សនកិច្ច កម្ពុជា២ថ្ងៃ កាលពីថ្ងៃទី២៥- ២៦ ខែ មករា៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>