កាលពីព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១២ ដេប៉ាតឺម៉ង់ទំនាក់ទំនងអន្ដរជាតិ នៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) បានរៀបចំបាឋកថាមួយ ក្រោមចំណងជើងថា “មហាយក្សចិន” ក្រោមអធិបតីភាពរបស់លោក ជា សុភាព ប្រធានការិយាល័យសិក្សា និងស្រាវជ្រាវ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងមាន លោក ហ្សង់-ហ្រ្វង់ស័រ តាន់ និង លោក ពុយ គា ជាវាគ្មិន។
លោក ឈឿន សាវន បានមានប្រសាសន៍ថា បាឋកថាខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាប ដល់និសិ្សតគ្រប់ផ្នែក នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ជាពិសេស និស្សិតផ្នែកទំនាក់ទំនងអន្ដរជាតិ ក៏ដូចជាសាធារណជន ទូទៅអោយបានយល់ច្បាស់ ពីវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច និងនយោបាយនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺ សាធារណរដ្ឋ ប្រជាមានិតចិន។
លោក ហ្សង់-ហ្រ្វង់ស័រ តាន់ បច្ចុប្បន្នលោកជាអ្នកវិភាគនយោបាយ ដ៏ល្បីល្បាញប្រចាំវិទ្យុបារាំងអន្តរជាតិ (RFI) ហើយវាគ្មិនកិត្ដិយសទីពីរគឺ លោក ពុយ គា ដែលបច្ចុប្បន្នជាអ្នកឆ្លើយឆ្លង ពត៌មាននៃទីភ្នាក់ងារសារព័ត៌មាន Kyodo។ លោក ហ្សង់-ហ្រ្វង់ស័រ តាន់ បានមានប្រសាសន៍ថា មូលហេតុដែលលោក ប្រសិទ្ធនាមប្រទេសចិនថា “ជាមហាយក្ស” ដោយហេតុតែ ប្រទេសនេះជាប្រទេសមួយ ដែលមានវិសាលភាពផ្នែកសេដ្ឋកិច្ច យោធា ប្រជាជន និងនយោបាយធំ មហិមានៅក្នុងសាកលលោក។
លោកបានបន្ដទៀតថា កាលពីមុនសង្គ្រាមត្រជាក់មានអ្នកសិក្សា ស្រាវជ្រាវមួយចំនួន យល់ថា ប្រទេសចិនកុម្មុយនីស្ដមួយនេះ ពិបាកនឹងអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយសារប្រទេសនេះ មានចំនួនប្រជាជនជាច្រើន ដែលរស់នៅក្នុងភាពក្រីក្រ។
ប៉ុន្ដែទស្សនៈនេះពុំអាចឆ្លុះបញ្ចាំង អោយឃើញពីតថភាព ជាក់ស្ដែងរបស់ប្រទេសចិន នាពេលបច្ចុប្បន្ននោះទេ។ និយាយអោយចំ ប្រទេសចិនបានប្រែក្លាយ ទៅជាមហាយក្សសេដ្ឋកិច្ច លំដាប់ទីពីរលើសកលលោក ជាមួយផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៧.៣២០កោដិដុល្លាអាមេរិក។ ទន្ទឹមនឹងនោះ តួនាទីផ្នែកនយោបាយ និងសន្ដិសុខរបស់ប្រទេសនេះ កាន់តែរីកធំធាត់ជាលំដាប់ នៅលើឆាកអន្ដរជាតិផងដែរ។
ទាក់ទងទៅនឹងសំនួរដែលចោទសួរថា តើការលូតលាស់របស់ប្រទេសចិន គឺជាឱកាសឬជាការគំរាមកំហែងសំរាប់ បណ្ដាប្រទេសនៅក្នុង តំបន់អាស៊ីអាគ្នេយ៍នេះ ជាពិសេសប្រទេសកម្ពុជា។ លោក ហ្សង់-ហ្រ្វង់ស័រ តាន់ និងលោក ពុយ គា បានធ្វើការបកស្រាយថា ការលូតលាស់នៃ មហាយក្សចិននេះ បានផ្ដល់ឱកាសជាច្រើនដល់ ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ក៏ដូចជាជួយពង្រឹងផ្នែកសន្ដិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីទាំងមូល។
និយាយអោយចំ ថ្វីត្បិតតែប្រទេសអាស៊ាន មួយចំនួនតូចមានបញ្ហាចំរូងចំរាស់ ជាមួយប្រទេសចិនលើបញ្ហា សមុទ្រចិនខាងត្បូងក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាង ប្រទេសអាស៊ាន និងប្រទេសចិនកំពុងតែ កើនឡើងឥតឈប់ឈរ។ ជាក់ស្ដែងគិតចាប់តាំងពី ឆ្នាំ២០០៩មក ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់អាស៊ាន ជាមួយនឹងអត្រាកំនើន ១៧,១%ជារៀងរាល់ឆ្នាំ ហើយចិនក៏ជា ទីផ្សារទទួលទំនិញនាំចេញ របស់អាស៊ានធំបំផុតទីពីរ ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។
ទន្ទឹមនឹងនេះដែរ លំហូរវិនិយោគទុន ផ្ទាល់ (FDI) ពីប្រទេសចិន មកកាន់ប្រទេសអាស៊ាន បានកើនឡើងពី ២,៨កោដិដុល្លាអាមេរិក នៅឆ្នាំ២០១០ ដល់ ៦កោដិដុល្លាអាមេរិក នៅឆ្នាំ២០១១។ ចិនក៏ជាអ្នកគាំទ្រដ៏សកម្ម ដល់គំនិតផ្ដួចផ្ដើមក្នុងការតភ្ជាប់អាស៊ាន ដែលមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការសំរេចគោលដៅសហគមន៍ សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community) នៅ ឆ្នាំ២០១៥ ផងដែរ។ វាគ្មិនទាំងពីរ បានបន្ដទៀតថា ចំពោះប្រទេសកម្ពុជាវិញ តែងតែចាត់ទុកថាការរីកចំរើនរបស់ចិន គឺជាការរីកចំរើនរបស់ខ្លួន។ ពោលគឺ ប្រទេសចិនតែងតែចូលរួមចំណែក យ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍ ខឿនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការផ្ដល់ជំនួយឥតសំណង ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្នែករឹងនិងផ្នែកទន់ ការជួយជំរុញ វិនិយោគិនចិនមកកាន់កម្ពុជា និងការផ្ដល់ការអនុគ្រោះផ្នែក ពាណិជ្ជកម្មផ្សេងៗដល់កម្ពុជា។
សរុបសេចក្ដីមក ការរីកលូតលាស់របស់ប្រទេសចិន បាននិងកំពុងតែផ្ដល់នូវ កាលានុវត្ដភាពយ៉ាងធំធេងសំរាប់ បណ្ដាប្រទេសអាស៊ាន ក៏ដូចជា កម្ពុជា ជាពិសេសទៅលើផ្នែកសេដ្ឋកិច្ច ហើយដោយសារភាពពឹងផ្អែកគ្នា ទៅវិញទៅមកយ៉ាងស្អិតរមួត រវាងអាស៊ាននិងចិននេះហើយ ទើបលទ្ធភាពនៃការ ប្រឈមមុខដាក់គ្នាខាង ប្រដាប់អាវុធរវាងចិន និងបណ្ដាប្រទេសអាស៊ានមួយចំនួនតូច ទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូង គឺទំនងជាពុំអាចកើតមាន ទៅរួចនោះទេ។ និយាយអោយចំ ប្រទេសអាស៊ាន ណាក៏ដោយក៏ត្រូវការចិនដែរ។
បាឋកថាខាងលើនេះ បានប្រព្រឹត្ដទៅប្រកបដោយ ផ្លែផ្កាយ៉ាងត្រចះត្រចង់ ដោយអ្នកចូលរួមទាំងអស់ ជាពិសេស គឺប្អូនៗនិស្សិតកាន់តែយល់ច្បាស់ ពីដំណើរវិវឌ្ឍន៍នៃទំនាក់ទំនង អន្ដរជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន ហើយពុទ្ធិនេះរឹងរឹតតែមាន សារៈសំខាន់ថែមទៀត ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងតែធ្វើសមាហរណកម្មកាន់តែ ស៊ីជម្រៅជាមួយបណ្ដាប្រទេស នៅក្នុងតំបន់ ក៏ដូចជា ក្នុងខណៈពេលដែលកម្ពុជា កំពុងពង្រឹងចំណងទាក់ទង យ៉ាងស្អិតរមួតជាមួយមហាមិត្ដចិន៕