កំពង់ធំៈ រូបគំនូរជាច្រើនផ្ទាំង មានអត្ថន័យអប់រំពីអនាម័យ សុខភាព គ្រឿងញៀន ក៏ដូចជាបរិស្ថាន និងគ្រោះថ្នាក់ចរាចរដែលជាស្នាដៃ របស់សិស្សានុសិស្ស ត្រូវបានសាលាបណ្តុះបណ្តាល ភាសាអង់គ្លេសអប្សរា ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដាក់តាំងបង្ហាញដល់សាធារណជន និងអាណាព្យាបាលរបស់សិស្ស។
ពិធីតាំងបង្ហាញគំនូរស្នាដៃរបស់សិស្ស និងរឿងនិពន្ធខ្លីៗ រួមទាំងមានការសម្តែងសិល្បៈ ពីក្រុមសិស្សានុសិស្សផងនោះ ត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១២ នៅក្នុងបរិវេណសាលាភាសាអង់គ្លេសអប្សរា ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។
នាយកសាលាភាសាអង់គ្លេងអប្សរា បានឲ្យដឹងគំនូរដែលដាក់តាំងនោះ មានប្រធានបទខុសៗគ្នា ដែលមានអត្ថ ន័យអប់រំទៅលើវប្បធម៌ ទេសចរណ៍ អនាម័យ និងសុខភាព គ្រឿងញៀន បរិស្ថាន ចរាចរណ៍ និងសេដ្ឋកិច្ចក្នុង ប្រទេសកម្ពុជាជាដើម។ ដោយឡែករឿងនិទានខ្លីៗវិញ មានអត្ថន័យអប់រំទៅលើអំពើហិង្សា វប្បធម៌ និងប្រពៃណី ការអប់រំ និងសិទ្ធិកុមារ។
លោកនាយកសាលាបានបន្តថា ការបង្កើតកម្មវិធីគូរគំនូរ និងនិពន្ធរឿងខ្លីៗនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឲ្យ សិស្សចេះបញ្ចេញគំនិតផ្ទាល់ តាមរយៈគំនូរទៅលើប្រធានបទផ្សេងៗ, សិស្សចេះជ្រើសរើសប្រធានបទសមស្រប មួយសម្រាប់តែងនិពន្ធរឿងខ្លី ដែលមានអត្ថន័យអប់រំ និងសម្តែងដោយខ្លួនឯង, មានសេចក្តីក្លាហានក្នុងការធ្វើការ ងារត្រឹមត្រូវ មានសាមគ្គីភាព បណ្តុះសមត្ថភាពទទួលខុសត្រូវ និងការចូលរួមសហការធ្វើការងារជាក្រុម។
នៅក្នុងកម្មវិធីដាក់តាំងបង្ហាញនោះ បានប្រព្រឹត្តិឡើងក្នុងបរិយាសប្បាយរីករាយ ហើយនៅចុងកម្មវិធី ក៏មានការ ចាប់ឆ្នោតយករង្វាន់ផងដែរ៕