ខេត្ដកណ្ដាល៖ ស្នងការនគរបាលខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន បានប្រកាសដំឡើងតួនាទី របស់លោក មុយ ចាន់ពេជ្រ ពីអធិការរងស្រុកកោះធំ ទៅជាអធិការ ក្រោយពេលអតីតអធិការស្រុកមួយនេះ បាន ចូលនិវត្តន៍។
លោក ម៉ាន់ គឹមឡេង នាយការិយាល័យចាត់តាំងបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឡើង ប្រកាសជាផ្លូវការនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ថា លោក មុយ ចាន់ពេជ្រ ដែលជាអធិការរងស្រុកកោះធំ ត្រូវបានដំឡើងតួនាទីជាអធិការនៅស្រុកកោះធំជំនួសលោក ភន សារឿន ដល់អាយុចូលនិវត្តន៍។
អធិការស្រុកកោះធំ លោក មុយ ចាន់ពេជ្រ ក្រោយពេលប្រកាសតែងតាំងភ្លាមៗ បានឡើងប្តេជ្ញាចិត្តថា នឹងខិតខំ អនុវត្តន៍ដឹកនាំកម្លាំងបំពេញការងារបន្តពីលោក ភន សារឿន ដើម្បីរក្សាសុខសន្តិភាពសណ្តាប់ធ្នាប់ជូនប្រជាពល រដ្ឋ ហើយនឹងខិតខំអនុវត្តន៍នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាព ខ្ពស់ថែមទៀត។
នៅក្នុងពិធីប្រកាសតែងតាំងនោះ លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកអធិការ ថ្មីថា ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អ ដើម្បីបម្រើ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យ កាន់តែមានជំនឿទុកចិត្ត និងទទួលបានភាពកក់ក្តៅពីសមត្ថកិច្ច ត្រូវចេះសហការគ្នាមិនត្រូវមើលបំណាំគ្នា រួបរួម សាមគ្គីជាធ្លុងមួយក្នុងការបំពេញការងារជូនពលរដ្ឋ មិនត្រូវធ្វើអ្វីមួយឲ្យប៉ះពាល់ដល់ពលរដ្ឋនោះឡើយ។ ជាពិ សេស ត្រូវចេះដឹកនាំកម្លាំងមូលដ្ឋានបំពេញភារកិច្ចឲ្យបានល្អ ហើយសូមឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវតែធ្វើ អំពើល្អ ខណៈប្រជាពលរដ្ឋពឹងពាក់ធ្វើអ្វីមួយត្រូវតែបំពេញជូនពួកគាត់ភ្លាម។
លោកបានបន្តទៀតថា ដើម្បីរក្សាសុខសន្តិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អ ធ្វើយ៉ាងណាខិតខំលុប បំបាត់ឲ្យបានទាំងស្រុងនូវគ្រឿងញៀន និងក្មេងទំនើងក្នុងមូលដ្ឋាន ដែលបង្កឲ្យកើតមានអសន្តិសុខនៅក្នុងមូល ដ្ឋាន ហើយត្រូវខិតខំអនុវត្តន៍ការងារបន្តពីអធិការ ដែលចូលនិវត្តន៍ឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោក អ៊ាវ ចំរើន បានដាក់ការសង្ឃឹមលើអធិការថ្មីថា នឹងខិតខំបំពេញភារកិច្ច និងដឹកនាំកម្លាំងក្រោមឱវាទប្រកប ការងារ បានដោយជោគជ័យជាមិនខានឡើយ និងសូមជូនពរឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់៕