ហោស្តន់៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យ របស់អតីតប្រធានាធិបតី របស់សហរដ្ឋអាមេរិកលោក George H.W. Bush បាននិយាយថា លោក George H.W. Bush ត្រូវបានគេផ្លាស់ចេញពី បន្ទប់សង្រ្គោះបន្ទាន់ហើយ នៅឯមន្ទីរពេទ្យ ហោស្តន់ ខណៈពេល ដែលស្ថានភាពជំងឺ របស់គាត់ចេះតែមានលក្ខណៈធូរស្រាលជាងមុន។
អ្នកនាំពាក្យរបស់លោកប៊ូស លោក Jim McGrath បានមានប្រសាសន៍ថា នៅក្នុងសេចក្តីថ្លែងការ ថា ស្ថានភាពជំងឺ របស់គាត់បានល្អប្រសើរជាងមុនហើយ ដូច្នេះគាត់ត្រូវបានគេផ្លាស់ ពីបន្ទប់សង្រ្គោះ បន្ទាន់នៅ ថ្ងៃនេះ ហើយ ដើម្បីឲ្យគាត់សម្រាកព្យាបាលនៅបន្ទប់អ្នកជម្ងឺតាមធម្មតាវិញ ដែលឋិតនៅក្នុងមន្ទីរពេទ្យ Methodist ដើម្បីបន្តព្យាបាលជម្ងឺរបស់គាត់ឲ្យជាឡើងវិញ ហើយក្រុមគ្រួសាររបស់គាត់ ក៏បានថ្លែងអំណរគុណ ចំពោះអ្នករាល់គ្នាសំរាប់ការបួសសួង និងសូមឲ្យគាត់មានសំណាងល្អ។
លោក George H.W. Bush មានវ័យ៨៨ឆ្នាំ ហើយគាត់ត្រូវបានដេកសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យ ជាងមួយខែហើយដោយសារជំងឺ រលាកទងសួត។ លោកត្រូវបានគេបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ ចាប់តាំងពីថ្ងៃអាទិត្យមុនដោយសារជម្ងឺគ្រុនក្តៅយ៉ាងធ្ងន់ធ្ងរ។
យោងតាមលោក McGrath បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យ Methodist បានធ្វើតេស្តរកជំងឺ របស់គាត់ហើយ ក៏ប៉ុន្តែ ជម្ងឺនោះនៅតែរកមិនឃើញនូវមុខសញ្ញាណាមួយឲ្យបានច្បាស់លាស់នៅឡើយទេ ដោយគ្រាន់តែដឹងថាគាត់គ្រុនក្តៅខ្លាំង។
យោងតាមអ្នកនាំពាក្យរបស់គាត់បានឲ្យដឹងថា លោក George H.W. Bush ត្រូវបានចូលមកព្យាបាលមន្ទីរពេទ្យ ជាលើកដំបូងនៅថ្ងៃទី២៣ ខែវិច្ឆិកា ដោយសារគាត់នៅតែក្អករហូតនៅក្នុងមន្ទីរពេទ្យ។
លោក Jean Becker ប្រធានបុគ្គលិករបស់លោក George H.W. Bush បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ឲ្យដឹងថា លោក George H.W. Bush កំពុងត្រូវបានដេកសម្រាកព្យាបាលតាមវេជ្ជសាស្ដ្រ យ៉ាងស្ទាត់ជំនាញល្អប្រសើរ។
លោក Becker ក៏បានគូសបញ្ជាក់ផងដែរថា អតីតប្រធានាធិបតីរូបនេះបានធ្លាក់ខ្លួនឈឺ ហើយគាត់នឹងអាច ទំនងជាដេកសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយរយៈពេល ក្រោយពីកើតជម្ងឺរលាកទងសួត ដែលបន្ទាប់មកវាបានកើតឡើងជាបន្តបន្ទាប់នៃជំងឺរោគហត់ ហើយលោកប៊ូសបានបម្រើការងារ ជាប្រធានាធិបតី សហរដ្ឋអាមេរិកទី៤១ ចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣៕