ក្រចេះ ៖ អ្នករស់នៅស្រុកស្នួល ខេត្ដក្រចេះ បានលួចខ្សឹបប្រាប់នាយខ្វែក កាលពីម្សិលមិញថា លោកមេនគរបាលប៉ុស្ដិ៍អូរលាវ ស្រុកស្នួល មាន ពាក់ព័ន្ធទៅនឹង ការរកស៊ី បទល្មើសឈើប្រណីតជាយូរមកហើយ រហូតពេលខ្លះរកស៊ីយ៉ាងចំហទៀតផង ដោយគេមិនដែលបានឃើញសមត្ថកិច្ច ផ្សេងៗចុះបង្ក្រាប និងថ្នាក់ លើរបស់ខ្លួនហៅទៅធ្វើការណែនាំ ឱ្យឈប់រកស៊ីពាក់ព័ន្ធ ទៅនឹងបទល្មើសព្រៃឈើម្ដងណាឡើយ។
អ្នកលួចខ្សឹបបានបង្ហើបឱ្យដឹងថា បច្ចុប្បន្នលោកនាយប៉ុស្ដិ៍ ដែលឈរជើងស្ថិតនៅក្នុងភូមិស្រែចារ ឃុំមានជ័យ ស្រុកស្នួល ខេត្ដក្រចេះនោះ បាន ចេញមុខប្រមូល ទិញឈើប្រណីតគ្រប់ប្រភេទ ដែលឈ្មួញដឹកឈើ ពីខេត្ដរតនគិរី ខេត្ដស្ទឹងត្រែង និងខេត្ដក្រចេះ យកទៅលក់ឱ្យ។ ក្រោយពី ប្រមូលទិញបានហើយ លោកមេ ប៉ុស្ដិ៍បានធ្វើការនាំចេញតាមច្រករបៀង ដេ១ ដែលខ្លួនគ្រប់គ្រង ដោយគ្រាន់តែធ្វើការចែកប្រយោជន៍ទៅឱ្យ មន្ដ្រីផ្សេងៗ ដែលដឹងឮក្នុងរឿងខាងលើនេះ គឺជាការ ស្រេច។
គេថា មូលហេតុដែលនាំឱ្យ លោកមេប៉ុស្ដិ៍អូរលាវ មានលទ្ធភាពរកស៊ីឈើប្រណីត បានយ៉ាងងាយស្រួលនោះ គឺដោយសារតែលោកមេប៉ុស្ដិ៍មាន ប្អូនប្រុសម្នាក់ឈ្មោះ សារី ជាអ្នកដើរទាក់ទង ប្រមូលអ្នករកស៊ីដឹកឈើប្រណីត ឱ្យយកទៅលក់ឱ្យបងប្រុសរបស់ខ្លួន មិនតែប៉ុណ្ណោះលោកមេ ប៉ុស្ដិ៍ក៏មានប្រពន្ធ ដែលចេះភាសា វៀតណាមស្ទាត់ជំនាញនោះ គឺមានលទ្ធភាពចូលទៅទាក់ទង រកឈ្មួញវៀតណាមឱ្យមកទិញឈើប្រណីតពី ប្ដីរបស់ខ្លួនក្នុងតម្លៃថ្លៃទៀតផង។ មិនតែប៉ុណ្ណោះ រាល់ឈ្មួញឈើណា ដែលដឹកឈើទៅដល់ព្រំដែនហើយ មិនព្រមលក់ឱ្យលោកមេប៉ុស្ដិ៍ឈ្មោះ ចំរើន ទេ ច្បាស់ជាត្រូវគេគំរាមចាប់ មិនឱ្យនាំចេញដោយខ្លួនឯងឡើយ។
គេថា ពាក់ព័ន្ធទៅនឹងករណីលោក ចំរើន មេប៉ុស្ដិ៍អូរលាវរកស៊ីឈើប្រណីតខាងលើនេះ ត្រឹមលោកអធិការស្រុកស្នួល មិនអាចធ្វើអីលោក ចំរើន បានឡើយ លើក លែងតែលោកស្នងការ ទើបលោក ចំរើន ខ្លាច តែការរកស៊ីរបស់គាត់ ទំនងជាលោកស្នងការមិនបានដឹងនោះទេ។ ដូច្នេះ បើចង់ដឹងថា លោក ចំរើន មេប៉ុស្ដិ៍ អូរលាវរកស៊ីឈើប្រណីត នាំយកទៅលក់នៅស្រុកយួនមែន ឬអត់? គេគួរតែបញ្ជូនក្រុមអធិការកិច្ច ចុះ ទៅស្រាវជ្រាវសាកល៎មើល ថាតើពិតដូចជា គេចោទមែន ឬអត់?៕