ភ្នំពេញ៖ ផលិតកម្ម មហាហង្ស (Mohahang Production) និងក្រុមហ៊ុនចំនួន៣ទៀត មានដូចជា ក្រុមហ៊ុន ឡាញហល អ៊ិចប្រេស (Linehaul Express)ក្រុមហ៊ុន ប៉ាស៊ីហ្វិក សាន់ត្រេន (Pacific San Tran) និងក្រុមហ៊ុន PST Group បានរៀបចំពិធីជួបជុំលាង សាយភោជន៍ជូនដល់បុគ្គលិក របស់ខ្លួន និងក្នុងឱកាសអបអរឆ្នាំថ្មី ឆ្នាំសកល ២០១៣ បន្ទាប់ពីពួកគេបានបំពេញភារកិច្ចប្រកបដោយជោគជ័យអស់រយៈពេលពេញមួយឆ្នាំរួចមក។
ពិធីជប់លៀងប្រកបដោយភាពសប្បាយរីករាយនេះ បានប្រារព្ធឡើងកាលពីរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅទីតាំងក្រុមហ៊ុនផ្ទាល់ ដែលមាន អាសយដ្ឋានផ្ទះលេខ២១ ផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក ខាងលិចរង្វង់មូលទូលគោក ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ តារាល្បីៗ ក្នុងផលិតកម្មមហាហង្ស ជាច្រើនដួង និងបុគ្គលិកទាំង៣ក្រុមជាច្រើននាក់។
លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអគ្គនាយកក្រុមហ៊ុន ៣ខាងលើ បានប្រាប់ឲ្យដឹងថា កម្មវិធីនេះ គឺធ្វើឡើងក្នុង គោលបំណង អបអរសាទរឆ្នាំថ្មី ឆ្នាំ២០១៣ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ និងដើម្បីជួបជុំក្រុមការងារ បុគ្គលិករបស់ក្រុមហ៊ុនទាំង ៤ ផង ដែលរួមមាន ផលិតកម្ម មហាហង្ស ក្រុមហ៊ុន ប៉ាស៊ីហ្វិក សាន់ត្រេន និងក្រុមហ៊ុន PST Group និងក្រុមហ៊ុន ឡាញហល អ៊ិចប្រេស ។
លោកបន្ថែមថា ពិធីនេះមិនធ្វើលក្ខណៈទ្រង់ទ្រាយធំពេកទេ គឺអញ្ជើញតែអ្នកសិល្បៈជិតស្និទ្ធ ជាតារាកំពុងថតរឿង"រលកបោកខ្សាច់" និងបុគ្គលិក ក្នុងក្រុមហ៊ុន ដោយលោកដឹងថា ថ្ងៃនេះក៏មានពិធីច្រើនកន្លែងទៀតដែរ ដែលគេធ្វើឡើងស្រដៀងគ្នានេះ ដូច្នេះលោកអត់ហ៊ានអញ្ជើញច្រើនពេកទេ ព្រោះពួកគេក៏ជាប់រវល់ដែរ។
បន្ទាប់ពីការបង្កើតពិធីសប្បាយរីករាយ ក្នុងនោះគេសង្កេតឃើញថា ផលិតកម្មមហាហង្ស បានផ្តល់សំណាងជាច្រើន សន្ធឹកសន្ធាប់ទៅដល់ បុគ្គលិក របស់ខ្លួន ដោយមានការចាប់រង្វាន់លើកទឹកចិត្តដល់បុគ្គលិក នឹងបានផ្ដល់ពានរង្វាន់ជ័យលាភីលើការប្រកួតកីឡាបាល់ទះទៀតផង។ ក្នុង ចំណោម ក្រុមហ៊ុនទាំងបួន ដោយក្នុងនោះក្រុមបាល់ទះផលិតកម្មមហាហង្ស ទទួលបានចំណាត់ថ្នាក់លេខ១ ហើយលោក អ៊ិន សុភិន ក៏បានប្រកាសដែរថា ប្រសិនជាមានក្រុមកីឡាករបាល់ទះណាចង់ប្រកួតជាក្រុមបាល់ទះរបស់ផលិតកម្មមហាហង្ស ក្រុមលោកនឹងរង់ចាំស្វាគមន៍ជានិច្ច។
សូមបញ្ជាក់ថា ផលិតកម្មមហាហង្ស ជាផលិតកម្មមួយ កំពុងទទួលបានការគាំទ្រពីទស្សនិកជនទៅលើការផលិតខ្សែភាពយន្តភាគ ដាក់បញ្ចាំងនៅ តាមទូរទស្សន៍ក្នុងនោះមានដូចជារឿង ពេជ្រក្នុងបេះដូង ,ឆ្អែតចិត្ត ,អច្ឆរិយៈស្នេហ៍ , អព្ភូតហេតុស្នេហ៍, ម្ចាស់គំនុំម្ចាស់ស្នេហ៍ និងបច្ចុប្បន្នផលិតកម្ម មួយនេះ កំពុងដំណើរកាថតរឿង "រលកបោកខ្សាច់" ដែលត្រៀមដាក់បញ្ចាំងនៅក្នុងស្ថានីទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយមានលោក អូន ឧស្សាហ៍ និងកញ្ញា ភិនសុដាលីស ជាតួឯកក្នុងរឿងនេះ៕